ថៃក្រោមការគ្រប់គ្រង និងដឹកនាំដោយគណបក្សភឿថៃ នឹងមិនបញ្ឈប់ឡើយគម្រោងពាក់ព័ន្ធនឹងតំបន់ទាមទារត្រួតស៊ីគ្នាជាមួយកម្ពុជានៅឈូងសមុទ្រ ដូច្នេះអ្នកជំនាញភូមិសាស្ត្រក៏ដូចជា ធនធានរ៉ែ និងអ្នកពាក់ព័ន្ធកម្ពុជាគួរតែត្រៀមខ្លួនឲ្យបានរួចជាស្រេច ដើម្បីការពារ និងរក្សាផលប្រយោជន៍ជូនពលរដ្ឋនិងប្រទេសជាតិចំពោះគម្រោងនេះ។ គេចាំបានថា ប្រហែលជាជិតមួយឆ្នាំមុនក្រោមការដឹកនាំដោយរដ្ឋាភិបាលលោក…
ថៃក្រោមការគ្រប់គ្រង និងដឹកនាំដោយគណបក្សភឿថៃ នឹងមិនបញ្ឈប់ឡើយគម្រោងពាក់ព័ន្ធនឹងតំបន់ទាមទារត្រួតស៊ីគ្នាជាមួយកម្ពុជានៅឈូងសមុទ្រ ដូច្នេះអ្នកជំនាញភូមិសាស្ត្រក៏ដូចជា ធនធានរ៉ែ និងអ្នកពាក់ព័ន្ធកម្ពុជាគួរតែត្រៀមខ្លួនឲ្យបានរួចជាស្រេច ដើម្បីការពារ និងរក្សាផលប្រយោជន៍ជូនពលរដ្ឋនិងប្រទេសជាតិចំពោះគម្រោងនេះ។
គេចាំបានថា ប្រហែលជាជិតមួយឆ្នាំមុនក្រោមការដឹកនាំដោយរដ្ឋាភិបាលលោក សេដ្ឋា ថាវេស៊ីន ជានាយករដ្ឋមន្ត្រីដែលមកពីគណបក្សភឿថៃបានលើករឿងនេះម្តងហើយជាមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ហើយថ្មីៗនេះក្រោមការដឹកនាំដោយលោកស្រី ថៃថងថាន ស៊ីណាវ៉ាត្រា ម្តង បញ្ហានេះក៏ត្រូវបានបន្តរំលឹកជាថ្មី ។
ជាក់ស្តែងតាមការចុះផ្សាយរបស់សារព័ត៌មាន the Nation កាលពីថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (NESDC)ថៃបានលើកឡើងថា ដោយសារតែស្ថានភាពនៃសង្គ្រាមនៅមជ្ឈិមបូព៌ាមានលទ្ធភាពពុះកញ្ជ្រោលខ្លាំងរដ្ឋាភិបាលបានជំរុញឱ្យជួបពិភាក្សាជាមួយកម្ពុជាលើតំបន់ទាមទារត្រួតស៊ីគ្នា ។
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម បានណែនាំរដ្ឋាភិបាលឱ្យពិភាក្សាឱ្យបានឆាប់អំពីតំបន់ទាមទារត្រួតស៊ីគ្នាជាមួយកម្ពុជា ដើម្បីត្រៀមខ្លួនសម្រាប់ការកើនឡើងតម្លៃប្រេងឥន្ធនៈដោយសារជម្លោះនៅមជ្ឈិមបូព៌ាដែលអាចពង្រីកទៅជាសង្គ្រាមពេញលក្ខណៈ ។
លោក ដានូចា ពេជឆាយ៉ាណាន់ (Danucha Pichayanan) អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមបាននិយាយ កាលពីថ្ងៃចន្ទថ្មីៗនេះថា ការចរចាត្រូវតែផ្តោតលើការធានាស្ថិរភាពថាមពលរយៈពេលវែងសម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ ។ លោកបានស្នើថា កិច្ចពិភាក្សាអាចប្រើប្រាស់គំរូនៃការចរចាអភិវឌ្ឍន៍រួមគ្នា ដែលទទួលបានជោគជ័យរវាងប្រទេសថៃ និងម៉ាឡេស៊ី ដោយបន្ថែមថា ប្រទេសថៃមានថវិកាវិនិយោគគ្រប់គ្រាន់ ដើម្បីជួយសម្រួលទម្រង់ប្រតិបត្តិការផ្សេងៗនៅក្នុងត្រួតស៊ីគ្នានេះ ។
លោក ដានូចា បាននិយាយថា «តំបន់នេះត្រូវបានចាត់ទុកថា មានធនធានធម្មជាតិដែលអាចជួយបង្កើតសន្តិសុខថាមពលរយៈពេលវែង សម្រាប់ប្រទេសទាំងពីរ និងកាត់បន្ថយការប្រែប្រួលនៃតម្លៃថាមពលនៅក្នុងព្រឹត្តិការណ៍នៃសង្គ្រាមនៅក្នុងតំបន់ផលិតប្រេងដែលប្រទេសថៃនាំចូល» ។
លោកអគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមបានស្នើឱ្យរដ្ឋាភិបាលជួយសម្រួលដល់ការវិនិយោគបរទេសក្នុងឧស្សាហកម្មថាមពលខាងលើរួមទាំងការអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញក្នុងវិស័យនេះ និងប្រើប្រាស់ថវិកាដែលមានដើម្បីបង្កើនការអនុម័ត និងការផ្ទេរបច្ចេកវិទ្យាទំនើប ។
លោកក៏បានស្នើឱ្យបង្កើនទំហំនៃមូលនិធិលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិក្នុងការដេញថ្លៃ ដើម្បីផ្តល់នូវអត្ថប្រយោជន៍បន្ថែម និងសិទ្ធិផ្សព្វផ្សាយដើម្បីទាក់ទាញវិនិយោគិនបរទេសដែលមានសក្តានុពលនៅក្នុងឧស្សាហកម្មគោលដៅ ។
លោកបានចង្អុលបង្ហាញថា មូលនិធិនេះនៅសល់ប្រហែល៥ពាន់លានបាត ។ ថៃប្រហែលជាត្រូវបង្កើនមូលនិធិដល់ប្រហែល ២០ទៅ ៣០ ពាន់លានបាត ដើម្បីទទួលបានទំនុកចិត្តរបស់អ្នកវិនិយោគថា យើងអាចគាំទ្រការបណ្តាក់ទុនរបស់ពួកគេនៅក្នុងប្រទេស ។
មកដល់ពេលនេះតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្ររវាងថៃ និងកម្ពុជានេះ គឺមានទំហំប្រមាណជាពី២៦.០០០ទៅ២៧.០០០ គីឡូម៉ែត្រការ៉េដែលមានសក្តានុពលផ្ទុកឧស្ម័នធម្មជាតិ និងប្រេងយ៉ាងច្រើន ។ គម្រោងនេះមិនមែនទើបតែលើកកាលពីឆ្នាំមុនឡើយ ។ វា គឺជាគម្រោងដែលបានពិភាក្សាគ្នាតាំងពីជំនាន់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អ្នកនៅពីក្រោយគណបក្សភឿថៃ តាំងពីលោកនៅមិនទាន់ត្រូវធ្វើរដ្ឋប្រហារមកម្ល៉េះជាមួយនឹងរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ។
គម្រោងនេះត្រូវបានគេប៉ាន់ប្រមាណថា មានសក្តានុពលសេដ្ឋកិច្ចខ្លាំងណាស់ ដោយក្រុមហ៊ុនរុករកប្រេង អាមេរិក Chevron ធ្លាប់ប៉ាន់ប្រមាណថា មានឧស្ម័នធម្មជាតិមានតម្លៃដល់ទៅ ១០៧ ពាន់លានដុល្លារ និងប្រេងមានតម្លៃ ៤៦ពាន់លានដុល្លារ។ នេះ គឺជាសក្តានុពលមួយដ៏ធំ ដូច្នេះអ្នកជំនាញកម្ពុជាដែលពាក់ព័ន្ធ គួរតែត្រៀមខ្លួនឲ្យបានរួចរាល់នៅពេលដែលគម្រោងនេះត្រូវបានថៃស្នើ ឬក៏ធ្វើការរួមគ្នាដោយប្រុងប្រយ័ត្នជាមួយនឹងអ្នកជំនាញថៃ ដើម្បីការពារផលប្រយោជន៍ជាតិ ជាពិសេសកុំយកផលប្រយោជន៍បុគ្គលឬបក្សពួកមកឡូកឡំ នៅក្នុងគម្រោងនេះ ។ សំខាន់ គឺត្រូវតែធ្វើយ៉ាងណានៅពេលដែលមានការចរចារ គឺយើងមានទឡ្ហីករណ៍មានឯកសារ មានអំណះអំណាង មានធនធាន មានបច្ចេកទេស មានអ្វីៗសព្វយ៉ាងពាក់ព័ន្ធ ដើម្បីយើងអាចទាមទារបាននូវផលប្រយោជន៍ដោយស្មើរភាពនៅក្នុងគម្រោងដ៏មហាសាលមួយនេះ ៕
ចែករំលែកព័តមាននេះ