ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាស់​ជរា​​ឯកោ​​គេសង់​​តូប​ជាប់​​​​ផ្លូវ​ថ្នល់​​​​បានរស់​​ដោយ​​សារ​អ្នក​​ដំណើរ

12 ឆ្នាំ មុន

ខេត្ត​កំពត ៖ ​លើដង​ផ្លូវ​​​ក្នុង​​ស្រុក​អង្គរ​ជ័យ​​​គេ​ប្រទះ​ឃើញ​​​លោក​យាយ​ជរា​ម្នាក់​​​រស់​នៅ​ឯ​កោ​​គ្មាន​កូន​ចៅ​ទីពឹង​​​ ត្រូវ​​បាន​​​អ្នក​​ភូមិ​​​ធ្វើ​តូប​ឱ្យ​​​គាត់​សំរាក​​​នៅ​​ជាប់​ផ្លូវ​​​​លំ​និង​​ផ្លូវ​​ជាតិ​ ដើម្បី​​ឱ្យ​គាត់​​​មានលទ្ធភាព​បាន​​រស់​​ដោយ​ការ​ដាក់​​ទាន​ពី​​អ្នក​​ធ្វើ​ដំណើរ​ ។ ​លោក​​យាយ​​ឈ្មោះ​​សយ តែម អាយុ​​៧៥​ឆ្នាំ​​ នៅភូមិ​ស្រែ​រោង ឃុំ​ភ្នំកុង ស្រុក​​អង្គរជ័យ​

ខេត្ត​កំពត ៖ ​លើដង​ផ្លូវ​​​ក្នុង​​ស្រុក​អង្គរ​ជ័យ​​​គេ​ប្រទះ​ឃើញ​​​លោក​យាយ​ជរា​ម្នាក់​​​រស់​នៅ​ឯ​កោ​​គ្មាន​កូន​ចៅ​ទីពឹង​​​ ត្រូវ​​បាន​​​អ្នក​​ភូមិ​​​ធ្វើ​តូប​ឱ្យ​​​គាត់​សំរាក​​​នៅ​​ជាប់​ផ្លូវ​​​​លំ​និង​​ផ្លូវ​​ជាតិ​ ដើម្បី​​ឱ្យ​គាត់​​​មានលទ្ធភាព​បាន​​រស់​​ដោយ​ការ​ដាក់​​ទាន​ពី​​អ្នក​​ធ្វើ​ដំណើរ​ ។ ​លោក​​យាយ​​ឈ្មោះ​​សយ តែម អាយុ​​៧៥​ឆ្នាំ​​ នៅភូមិ​ស្រែ​រោង ឃុំ​ភ្នំកុង ស្រុក​​អង្គរជ័យ​។  ​

លោក​យាយ​សយ តែម ​​និយាយ​​បានតែ​​មួយ​​ម៉ាត់ៗ​​មិន​អាចនិយាយ​​​ហូរហែ​បាន​​​ឡើយ​ ។ ប៉ុន្តែ​​​មាន​​​ស្ត្រី​​ចំណាស់​ម្នាក់​ឈ្មោះ​​​យ៉ែម សារឿន​ អាយុ​​៦៩ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​​​ស្រែ​រោង​​​នោះ​ដែរ​បាន​និយាយ​​​ប្រាប់​ថា ​លោក​យាយ​​សយ​ ​តែម​មាន​​ស្រុក​កំណើត​​នៅភូមិ​​​​ស្រែរោង​នេះ​ ប៉ុន្តែ​គាត់​ធ្លាប់​​​ទៅ​​រស់​នៅ​​ខេត្ត​​កំពង់​​ចាម​ ក្រោយ​មក​គាត់​​មក​​រស់​​នៅ​ភូមិ​​​កំណើត​​វិញ​ ហើយ​​កាលដែល​គាត់​នៅ​មាន​​កម្លាំង​​​មាំមួន​ គាត់​ធ្វើ​​​នំ​លក់​ ។ ពេល​​នោះ​តូបរបស់​គាត់​​គេ​សង់​ឱ្យ​នៅ​​ជាប់​ចិញ្ចើម​​ផ្លូវ​លំ ​ការរស់​​នៅ​​របស់​​​​គាត់​​មិន​មាន​អនាម័យ​ត្រឹម​ត្រូវ​​ទេ ​ព្រោះ​គាត់​​​រស់​នៅ​​ក្បែរ​​ស្រះ​ទឹក​អ្នក​ភូមិ​​​ប្រើ​ប្រាស់​​ជា​ប្រចាំ​ ។ ក្រោយ​មក​ដោយ​លោក​យាយ​​កាន់​តែ​មាន​​សភាព​វង្វេង​​ក៏​ត្រូវ​បាន​​គេរុះរើ​តូប​យកទៅ​ដាក់​ឱ្យ​​ឆ្ងាយ​​​ពីអ្នក​ភូមិ ។ 

ស្ត្រី​រូប​នោះ​​បាន​អះអាង​​ថា លោក​យាយ​​​​សយ តែម ​​ធ្លាប់​​បានទទួល​​អំណោយ​ម្តង​ហើយ​កាលពី​៣ឆ្នាំមុន​ ហើយ​ពេល​នេះ​​លោក​យាយ​ ​ស្ថិត​ក្នុង​​​វ័យ​ជរា​​មិន​មាន​កូន​ចៅ​​​ថែទាំ​​ទេ ។  ជា​ការ​​ពិត​ណាស់​​​នៅក្នុង​ខ្ទម​​​របស់​លោក​យាយ​គេឃើញ​មាន​​របស់​​របរ​បន្តិចបន្តួច​​ដាក់​​រាយ​ប៉ាយ​​​ស្ទើរ​​តែគ្មាន​​​កន្លែង​​អង្គុយ ។​ គេឃើញ​​​មាន​នំ​ចំណី​​ហូរហែ​និង​ទឹក​​ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​​តាម​ផ្លូវ​ថ្នល់​​ដាក់​នៅលើ​​​គ្រែ​​ឱ្យ​​​​ហូប​ ព្រោះ​​លោក​យាយ​​​មិន​អាចដាំបាយ​ហូប​ខ្លួន​ឯង​បាន​ទៀត​​ឡើយ​ ។

​លោក​​ងួន សារុន ​ប្រធាន​​​ភូមិ​ស្រែ​រោង​បាន​ប្រាប់​ថា អ្នក​ភូមិ​​គេទៅ​មើល​​លោក​យាយ សយ ​តែម ​​ហូរហែដែរ​ ប៉ុន្តែ​​គ្មាន​នរណា​ម្នាក់​ស្ម័គ្រ​​ចិត្ត​យក​លោក​យាយ​​​មក​​មើល​​ថែដោយ​​​ផ្ទាល់​ដៃទេ​ ។ ​​លោក​ប្រធាន​​​ភូមិ​និយាយ​ថា មិន​ដឹង​យក​​លោកយាយ​​ទៅ​ទុក​​នៅ​កន្លែង​ណា​ឱ្យ​បាន​​សម​រម្យ​​ទេ ​។ អ្នក​ភូមិ​ម្នាក់​​ទៀត​និយាយ​ថា​ លោក​យាយ​​​តែម​​​បើ​ស្លាប់​​វិញ​​គ្មាន​​​អ្នក​ណា​ដឹង​ទេ ដែល​នេះ​ជាជីវិត​ឯកោ​​​​ចុង​ក្រោយ​​របស់​គាត់​ ។ នេះ​ជា​បញ្ហា​​​មួយ​ដែល​​កំពុង​​កើត​​មាន​ក្នុង​​សង្គម​​ជាតិ​​របស់​​យើង​​ដែល​​មិនទាន់​​មានមជ្ឈមណ្ឌល​​​​គាំពារ​មនុស្ស​ចាស់​ដោយសារ​​គ្មាន​​ទីពឹង​​​ត្រូវ​​​ឱ្យ​រស់​តាម​​តែយថាកម្ម​ប៉ុណ្ណោះ ។

នៅ​ឃុំ​តានី​​ ស្រុក​​អង្គរជ័យ​នេះ​ដែរ ​តាម​ព័ត៌​មាន​​ថា ក៏​មាន​​លោក​យាយ​​២នាក់​​ដែរ​ដែល​​រស់​នៅ​​​ឯកោ ​​ហើយ​អ្នក​​ភូមិ​បាន​​​សង់​​តូប​ឱ្យ​​​គាត់​ស្នាក់​​នៅ​​ម្នា​ក់​​មួយ​ជាប់​​នឹង​ផ្លូវ​ជាតិ​​លេខ៣​ ។ លោក​​យាយ​​ទាំង២នាក់​នេះ​ បើ​តាម​​​មន្ត្រី​ក្រុម​ប្រឹក្សា​​ឃុំ​តានី​​និយាយថា យាយ​ម្នាក់​​ពិការ​ភ្នែក​ទាំង២​ ឯយាយ​​​ម្នាក់​​ទៀត​​ភ្នែក​​ភ្លឺ​​ជរា​ដូច​គ្នា​​មិន​មាន​កូន​ចៅអ្វី​ទេ​ ។ មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​​និយាយ​ថា​ លោក​​យាយ​​ជរា​ធ្លាប់​​បាន​ទទួល​​​អំណោយ​​​ពី​​សប្បុរស​ជន​កាលពី​ឆ្នាំ២០០៩​ និង​រស់​​ដោយ​សារអ្នក​ធ្វើ​​​ដំណើរ​​ដាក់​ទាន ៕