ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​កម្ពុជា​ចេញ​ប្រយុទ្ធ​ក្រៅ​ស្រុក​ម្សិលមិញ ឈ្នះ​បេះដូង​អ្នកគាំទ្រ ទោះ​បាន​លទ្ធផល​ខុស​គ្នា

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២០​ឆ្នាំ (U20) និង​ក្រុមបាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង សមាជិក​លី​គ​កំពូល​កម្ពុជា (Cambodian Premier League) សុទ្ធតែ​ទទួល​បានការ​កោតសរសើរ​ដូច​គ្នា​ពី​សំណាក់​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២០​ឆ្នាំ (U20) និង​ក្រុមបាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង សមាជិក​លី​គ​កំពូល​កម្ពុជា (Cambodian Premier League) សុទ្ធតែ​ទទួល​បានការ​កោតសរសើរ​ដូច​គ្នា​ពី​សំណាក់​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​កម្ពុជា នៅ​ក្នុង​ការ​ប្រកួត​ក្នុង​ពានរង្វាន់​ចំនួន​២​ផ្សេង​គ្នា កាលពី​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៤ កន្លង​ទៅ​។

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២០​ឆ្នាំ បាន​ឈ្នះ​ក្នុង​ជំនួប​ទី​៣ វគ្គ​សន្សំ​ពិន្ទុ​ពូ​ល B ទល់​នឹង​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន​អាយុ​ក្រោម​២០​ឆ្នាំ​ក្នុង​លទ្ធផល ១-០ នៅ​ទីលាន Fu Jen Catholic University សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី AFC U20 Asian Cup 2025 ដែល​ឆាយ​ន្នី​ស​តៃប៉ិ​ជា​ម្ចាស់ផ្ទះ​។

មុន​ឈាន​មក​ដល់​ជំនួប​ទី​៤ ដែល​ជា​ជំនួប​ចុង​ក្រោយ​នៃ​វគ្គ​ចែក​ពូ​ល ក្រុម​គោព្រៃ​ជំទង់​កម្ពុជា ឆ្លងកាត់​៣​ប្រកួត​កន្លង​មក ឈ្នះ​នេ​ប៉ា​ល់​ក្នុង​លទ្ធផល ៤-១ កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា ប៉ុន្តែ​ចាញ់​ក្រុម​ការពារ​តំណែង​ជើងឯក​អ៊ូ​ស​បេ​គី​ស្ថាន​ក្នុង​លទ្ធផល ៧-០ កាលពី​ថ្ងៃ​ទី​២៣ ខែកញ្ញា មុន​ពេល​យកឈ្នះ​បា​រ៉ែ​ន​ក្នុង​លទ្ធផល ១-០ កាលពី​ថ្ងៃ​ទី​២៥ ខែកញ្ញា​។ នៅ​ក្នុង​ពូ​ល B អ៊ូ​ស​បេ​គី​ស្ថាន​កាន់កាប់​កំពូល​តារាង​បណ្តោះអាសន្ន កម្ពុជា​ឈរ​នៅ​លេខ ២ ដោយ​មាន​៦​ពិន្ទុ​ស្មើគ្នា បា​រ៉ែ​ន​ឈរ​នៅ​លេខ ៣ នេ​ប៉ា​ល់​ឈរ​នៅ​លេខ​៤ ដោយ​មាន​៣​ពិន្ទុ​ដូច​គ្នា ខណៈ​ម្ចាស់ផ្ទះ​ឆាយ​ន្នី​ស​តៃប៉ិ​នៅ​បាត​តារាង​គ្មាន​ពិន្ទុ​រាប់​។

ជំនួប​ទី​៤​របស់​កម្ពុជា ដែល​ជា​ជំនួប​ចុង​ក្រោយ​ក្នុង​ពូ​ល B នឹង​ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​ឆាយ​ន្នី​ស​តៃប៉ិ នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា នា​វេលា​ម៉ោង ០៦:០០​នាទី​ល្ងាច ម៉ោង​នៅ​កម្ពុជា ដែល​ធ្វើ​ឡើង​នៅ​ទីលាន Fu Jen Catholic University​។

តាម​រយៈ​លទ្ធផល​៣​ប្រកួត​កន្លង​មកនេះ ក្រុម​គោព្រៃ​ជំទង់​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក Koji Gyotoku គ្រូបង្វឹក​ជនជាតិ​ជប៉ុន កំពុង​ឈរ​នៅ​លេខ​១​ក្នុង​នាម​ជា​ក្រុម​លេខ​២​ល្អ​ប​ណ្ណោះ​អាសន្ន សម្រាប់​ឱកាស​ប្រជែង​កៅអី​ឡើង​ទៅ​កាន់ការ​ប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFC U-20 Asian Cup ឆ្នាំ ២០២៥ ដែល​ប្រទេស​ចិន​ធ្វើ​ជា​ម្ចាស់ផ្ទះ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៥​។

ដោយឡែក​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា នៅ​ក្នុង​ប្រកួត​ពានរង្វាន់​ជើងឯក​តំបន់​អាស៊ាន Shopee Cup រដូវ​កាល ២០២៤-២៥ បាន​របូត​៣​ពិន្ទុ​ក្នុង​ជំនួប​ទី​២ វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល A ដោយ​ចាញ់​ក្រុម​ម្ចាស់ផ្ទះ BG Phathum United សមាជិក​លី​គ​កំពូល​ថៃ ដោយ​លទ្ធផល ២-១ នៅ​ឯ​កីឡដ្ឋាន BG កាលពី​ថ្ងៃ​ទី​២៥ ខែកញ្ញា កន្លង​ទៅ​។

មុន​ឈាន​ដល់​ជំនួប​ទី​២ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បាន​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Terengganu FC សមាជិក​លី​គ​កំពូល​ម៉ា​ឡេ​ស៊ីក្នុង​លទ្ធផល ៣-២ កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា​។ នៅ​ក្នុង​ពូ​ល A ក្រុម​តំណាង​វៀតណាម Dong A Thanh Hoa ឈរ​កំពូល​តារាង​បណ្តោះអាសន្ន ក្រុម​តំណាង​ឥណ្ឌូ​ណេ​ស៊ី PSM Makassar នៅ​លេខ​២ និង​ក្រុម​តំណាង​ថៃ BG Pathum United នៅ​លេខ​៣ ដោយ​មាន​៤​ពិន្ទុ​ដូច​គ្នា​។ ចំណែក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង នៅ​លេខ​៤ មាន​៣​ពិន្ទុ ក្រុម​តំណាង​ម៉ា​ឡេ​ស៊ី Terengganu FC នៅ​លេខ​៥ មាន​១​ពិន្ទុ និង​ក្រុម​តំណាង​មី​យ៉ា​ន់​ម៉ា Shan United នៅ​បាត​តារាង​គ្មាន​ពិន្ទុ​រាប់​។

ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Muñoz គ្រូបង្វឹក​ជនជាតិ​អេ​ស្ប៉ា​ញ នឹង​ត្រូវ​ទទួល​ក្រុម PSM Makassar ដែល​ជា​ជំនួប​ទី​៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក (​ស្តា​ត​អូ​ឡាំ​ពិ​ក​) រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២៥​។

ក្រោយ​ចប់​ការ​ប្រកួត​ដ៏​សំខាន់ កាលពី​ថ្ងៃ​ទី​២៥ ខែកញ្ញា សង្កេត​ឃើញ​ថា អ្នកគាំទ្រ​បាល់ទាត់​នៅ​កម្ពុជា​ជា​ច្រើន រួម​ទាំង​អតីត​កីឡាករ​បាល់ទាត់​ផង​ដែរ​នោះ ក្រៅពី​រីករាយ​ជាមួយនឹង​ជ័យជម្នះ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២០​ឆ្នាំ​ហើយ​នោះ ក៏​បាន​សរសើរ​អំពី​ទម្រង់​លេង​ដ៏​ល្អ​របស់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ផង​ដែរ បើ​ទោះបីជា​ចាញ់​ក្រុម​ម្ចាស់ផ្ទះ BG Pathum United ដោយ​ពួក​គេ​មិន​អនុញ្ញាត​ឱ្យ​គូប្រកួត​គ្រប់​សង្កត់​តែ​ម្ខាង ក៏​ដូច​ជា​ផ្តល់​ការ​លំបាក​ដល់​គូប្រកួត​រហូត​សម្រេច​បាន​គ្រាប់​បាល់​បញ្ចូល​ទី​១​គ្រាប់​ផង​ដែរ​។

តួយ៉ាង​ក្នុង​ចំណោម​នោះ លោក ឈិ​ន ឈឿ​ន អតីត​កីឡាករ​ឆ្នើម​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង និង​ក្រុម​ជម្រើសជាតិ​កម្ពុជា ក៏​បាន​លើក​ឡើង​តាម​រយៈ​ការ​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ផង​ដែរ​ថា «​អបអរសាទរ​ដល់​ប្អូន​ៗ ជម្រើសជាតិ​កម្ពុជា U20 បាន​យកឈ្នះ បា​រ៉ែ​ន 1-0»​។ ជាមួយ​ការ​បង្ហោះ​ផ្សេង​ទៀត​ថា «​ចង្វាក់​បាល់​របស់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ល្អ​ណាស់ មានឱកាស​ច្រើន​តែ​មិន​អាច​សម្រេច​ទី​បាន​»​។ រួម​ជាមួយ​ការ​បង្ហោះ​មួយ​ផ្សេង​ទៀត ដែល​ភ្ជាប់​រូបភាព​របស់​លោក​គ្រង​ឈុត​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ថា «​អតីតកាល​ធ្លាប់​ជា​កីឡាករ​នៅ​ស្វាយ​រៀង ខ្ញុំ​ពិតជា​ស្រឡាញ់​ចង្វាក់​នៃ​ការ​លេង​របស់​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ពីក្រោម​រហូត​ដល់​លើ​ល្អ​ណាស់​»៕ រូបភាព ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​, Preah Khan Reach Svay Rieng FC និង Chhin Chhoeun-​ឈិ​ន ឈឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ