គាំងគ្រប់គ្នា! ក្រោយ ម៉ៃ ថៃសាន់ ទម្លាយកាលវិភាគហាត់ប្រចាំថ្ងៃ ត្រៀមប៉ះ ជេក ផូល
សហរដ្ឋអាមេរិក ៖ លោក ម៉ៃ ថៃសាន់ (Mike Tyson) កាលពីពេលថ្មីៗនេះ បានទម្លាយកាលវិភាគ ក៏ដូចជាទម្លាប់ហ្វឹកហាត់ប្រចាំ…
សហរដ្ឋអាមេរិក ៖ លោក ម៉ៃ ថៃសាន់ (Mike Tyson) កាលពីពេលថ្មីៗនេះ បានទម្លាយកាលវិភាគ ក៏ដូចជាទម្លាប់ហ្វឹកហាត់ប្រចាំ…
សហរដ្ឋអាមេរិក ៖ លោក ម៉ៃ ថៃសាន់ (Mike Tyson) កាលពីពេលថ្មីៗនេះ បានទម្លាយកាលវិភាគ ក៏ដូចជាទម្លាប់ហ្វឹកហាត់ប្រចាំ ដើម្បីត្រៀមសម្រាប់ការប្រកួតជាមួយនឹងតារាយូធូប ជេក ផូល (Jake Paul) នៅខែវិច្ឆិកាខាងមុខ ខណៈដែលពិធីករទូរទស្សន៍ដ៏ល្បីរបស់សហរដ្ឋអាមេរិក លោក ជីមមី គីមម៉េល (Jimmy Kimmel) និងអ្នកគាំទ្របង្ហាញក្តីបារម្ភចំពោះសុខភាពអតីតអ្នកប្រដាល់សកលទម្ងន់ពិភពលោករូបនេះ។
អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ពិភពលោក ម៉ៃ ថៃសាន់ ដែលឈានដល់វ័យ៥៨ឆ្នាំ នឹងត្រូវឡើងសង្វៀនប្រកួតជាមួយនឹងយុវជន ជេក ផូល វ័យ២៧ឆ្នាំ គឺជាតារាយូធូបអាមេរិក ដែលបានប្រែខ្លួនជាអ្នកប្រដាល់អាជីពនោះ នថ្ងៃទី១៥ ខែវិច្ឆិកា ខាងមុខនេះ ធ្វើឡើងនៅកីឡដ្ឋាន AT&T ដែលអាចផ្ទុកអ្នកទស្សនាបាន៨ម៉ឺននាក់ ស្ថិតនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ ការប្រកួតអាជីពដ៏ក្រើកនេះ នឹងត្រូវផ្សាយបន្តផ្ទាល់នៅលើកម្មវិធី Netflix។ ដើមឡើយការប្រកួតត្រូវធ្វើឡើងតាំងពីខែកក្កដា ប៉ុន្តែត្រូវពន្យារពេល ដោយសារតែជំងឺដំបៅក្រពះរបស់ ម៉ៃ ថៃសាន់ ស្រាប់តែរើឡើងភ្លាមៗ ត្រូវទទួលការសង្គ្រោះបន្ទាន់។
កាលពីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ ម៉ៃ ថៃសាន់ បង្ហាញខ្លួនជាភ្ញៀវពិសេសក្នុងកម្មវិធី Jimmy Kimmel Live ដោយពិភាក្សាពីអាជីពប្រដាល់របស់លោក ក៏ដូចជាការប្រកួតនាពេលខាងមុខជាមួយ ជេក ផូល ដែលនឹងក្លាយជាការប្រកួតដំបូង ដែលលោកឈានជើងឡើងសង្វៀនជាថ្មីម្តងទៀត ចាប់តាំងពីការប្រកួតក្រៅផ្លូវការស្មើនឹងគ្នាជាមួយលោក រ៉យ ឡេវេស្តា ចូន (Roy Jones Jr.) កាលពីឆ្នាំ ២០២០។
ម៉ៃ ថៃសាន់ ដែលមានជំនឿចិត្តខ្ពស់ថាផ្តួលយុវជន ជេក ផូល បានប្រាប់ពិធីករ ជីមមី គីមម៉េល ថា «ខ្ញុំហ្វឹកហាត់ខ្លាំងណាស់ ខ្ញុំចាប់ផ្ដើមម៉ោង១១» ស្រាប់តែ ជីមមី គីមម៉េល លាន់មាត់ថា «ម៉ោង១១ព្រឹក» ថៃសាន់ ឆ្លើយថា «បាទ! ម៉ោង១១ព្រឹក» ភ្លាមៗ ជីមមី គីមម៉េល ឱនក្បាលចុះហើយយកដៃទប់ក្បាលហើយនិយាយទាំងហួសចិត្តថា «អូ! ទេ»។ ម៉ៃ ថៃសាន់ បានបន្តទៀតថា «ខ្ញុំចាប់ផ្ដើមនៅម៉ោង១១ព្រឹក។ ហើយបន្ទាប់មកខ្ញុំចាកចេញពីកន្លែងហ្វឹកហាត់នៅម៉ោង៥រសៀល មានការសម្រាកបន្តិច។ ហើយបន្ទាប់ពីខ្ញុំបញ្ចប់ការហាត់ដាល់ហើយ ខ្ញុំទៅម៉ាស្សារយៈពេល១ម៉ោង។ បន្ទាប់មកខ្ញុំទៅកន្លែងហាត់កាយសម្បទា និងកម្លាំង។ ពិធីករ ជីមមី គីមម៉េល បានដកដង្ហើមធំ ក្រោយស្តាប់ការរៀបរាប់ខាងលើនេះ។
គួរបញ្ជាក់ថា ការប្រកួតនឹងត្រូវប្រកួតលើប្រភេទទម្ងន់ធ្ងន់របស់ ម៉ៃ ថៃសាន់ បើទោះជា ជេក ផូល ធ្លាប់ប្រកួតប្រភេទទម្ងន់ស្រាល Cruiserweight យ៉ាងណាក៏ដោយ។ ហើយការប្រកួតអាជីពនេះ នឹងធ្វើឡើងចំនួន៨ទឹក ដោយ១ទឹកមានរយៈពេល២នាទី ហើយនឹងតម្រូវពាក់ហ្គង់១៤អោន ដែលស្មើនឹងទម្ងន់ ០.៤គីឡូក្រាម។
មនុស្សដែក ម៉ៃ ថៃសាន់ បានក្លាយខ្លួនជាអ្នកប្រដាល់អាជីពក្នុងឆ្នាំ ១៩៨៥ ពោលគឺស្ថិតនៅវ័យ១៨ឆ្នាំ ហើយបានចូលនិវត្តន៍ពីអាជីពដ៏អស្ចារ្យនេះ នៅឆ្នាំ ២០០៥ ដោយត្រូវបានប្រសិទ្ធនាមថា «ស្តេចប្រដាល់ទម្ងន់ធ្ងន់អាមេរិក» ជាមួយកំណត់ត្រាប្រកួត៥៨ដង ឈ្នះ៥០ដង ចាញ់៦ដង និងចាត់ទុកជាមោឃៈ ឬ No Contest ២ដង ដោយបានផ្តួលគូប្រកួតឱ្យបោះបង់ការប្រកួត៤៤ដង។
ចំណែក ជេក ផូល ចាប់តាំងពីឆ្នាំ ២០២០ បានក្លាយជាអ្នកប្រដាល់អាជីព ដោយឆ្លងកាត់ការប្រកួតអាជីព១០ដង ឈ្នះ៩ដង ចាញ់១ដង និងផ្តួលគូប្រកួតឱ្យបោះបង់ការប្រកួត៦ដង ហើយក៏ធ្លាប់ឈ្នះកីឡាករខ្លាំងៗជាច្រើននាក់ផងដែរ៕ (ប្រភព ៖ SPORTbible)
ចែករំលែកព័តមាននេះ