មកដល់ពេលនេះ នៅក្នុងចំណោមដៃគូពាណិជ្ជកម្មនានាតំបន់អាស៊ាន គឺជាដៃគូពាណិជ្ជកម្មមួយ នៅក្នុង ចំណោមដៃគូពាណិជ្ជកម្មកំពូលទាំង៥ របស់កម្ពុជា ពោល គឺអាចបន្ទាប់ពីចិន គឺអាស៊ាននេះឯង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ…
មកដល់ពេលនេះ នៅក្នុងចំណោមដៃគូពាណិជ្ជកម្មនានាតំបន់អាស៊ាន គឺជាដៃគូពាណិជ្ជកម្មមួយ នៅក្នុង ចំណោមដៃគូពាណិជ្ជកម្មកំពូលទាំង៥ របស់កម្ពុជា ពោល គឺអាចបន្ទាប់ពីចិន គឺអាស៊ាននេះឯង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ឱនភាពពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងអាស៊ាន គឺនៅក្នុងអត្រាមួយដ៏ខ្ពស់ នៅពេលនេះ ។
យោងទៅតាមទិន្នន័យដែលចេញដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករថ្មីៗកន្លងទៅនេះបានឱ្យដឹងថា ការផ្លាស់ប្តូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសសមាជិកអាស៊ានមានទំហំរហូតដល់ទៅចំនួន១០,៤៩ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៨ខែដំបូង នៃឆ្នាំ២០២៤ កើនឡើង១១,៨ ភាគរយធៀបនឹងទំហំ ៩,៣៨ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ។
របាយការណ៍នេះបានអះអាងថា នៅក្នុងរយៈពេលពីខែមករា ដល់សីហា ឆ្នាំ២០២៤នេះ ព្រះរាជាណាចក្រកម្ពុជាបាននាំចេញផលិតផល ដែលមានតម្លៃទៅកាន់ទីផ្សារនៅអាស៊ានត្រឹមតែ៣,៤៣ពាន់លានដុល្លារប៉ុណ្ណោះដោយកើនឡើង១០ភាគរយធៀបនឹងទំហំ៣,១១ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ស្ថិតិបានបន្តទៀតថា ទន្ទឹមនឹងនោះ ការនាំចូលរបស់ប្រទេសកម្ពុជាពីប្រទេសជាសមាជិកអាស៊ាននានាវិញ គឺមានមានតម្លៃរហូតដល់ទៅ៧,០៦ពាន់លានដុល្លារកើនឡើង១២,៥ ភាគរយធៀបនឹងអ្វីដែលអាស៊ាននាំចេញមកកាន់កម្ពុជា ចំនួន ៦,២៧ ពាន់លានដុល្លារ កាលពីរយៈពេលដដែល នៅក្នុងឆ្នាំ២០២៣ ។
តាមស្ថិតិនេះឱនភាពពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងបណ្តាប្រទេសនៅក្នុងប្លុកអាស៊ាន គឺមានទំហំដល់ទៅ៣,៦៣ពាន់លានដុល្លារ ឃើញថា គឺជាទំហំឱនភាពធំគួរសម ។
ម្យ៉ាងវិញទៀត កំណើនការនាំចេញរបស់កម្ពុជាកើនតែមានត្រឹម១០ភាគរយ ស្របពេលដែលកំណើនការនាំចូល គឺមានដល់ទៅ១២,៥ភាគរយ ដូច្នេះឱនភាពនេះ នៅតែមាននិន្នការរីកបន្ថែមទៀត នៅពេលអនាគតដែលស្ថាប័នពាក់ព័ន្ធ គួរតែដុតដៃដុតជើងទាញទម្លាក់ទំហំនៃឱនភាពនេះ ឲ្យរួមតូចឲ្យបានឆាប់និងជាប្រចាំ ដើម្បីឈានទៅលុបបំបាត់ឱនភាពពាណិជ្ជកម្ម នៅពេលខាងមុខៗ ។
តើហេតុអ្វីបានជាកម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយនឹងអាស៊ាន នៅក្នុងកម្រិតដល់ទៅជាង៣,៦៣ ពាន់លានដុល្លារបែបនេះ ? ចម្លើយ គឺងាយយល់ទេ គឺដោយសារតែកម្ពុជានៅខ្វះខាតផលិតផលដែល ត្រូវនឹងទីផ្សារនៅក្នុងតំបន់ ខណៈដែលគេសំបូរហើយគេក៏បង្ហូរផលិតផលរបស់គេមកហូរចូលមកកាន់ទីផ្សារនៅក្នុងប្រទេសកម្ពុជាបែបនេះទៅ ។
មកដល់ពេលនេះផលិតផលចម្បង ដែលកម្ពុជាអាចមានលទ្ធភាពនាំចេញទៅកាន់ទីផ្សារអាស៊ានដែលមាន ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម គឺមានតែកសិកម្ម និងផលិតផលមិនទាន់សម្រេច ស្របពេលដែលប្រទេសនានាសម្រុកនាំចូលផលិតផលរបស់គេសព្វយ៉ាងចូលមកក្នុងទីផ្សារនៅកម្ពុជា តាំងពីម្ហូបអាហារ បន្លែ ផ្លែឈើ ត្រីសាច់ របស់របរប្រើប្រាស់ ស្បែកជើង គ្រឿងសំណង់ គ្រឿងអេឡិចត្រូនិក ភេសជ្ជៈ គ្រឿងកំប៉ុង ប្រេងឥន្ធនៈ គ្រឿងម៉ាស៊ីន យានយន្ត ពោល គឺសព្វយ៉ាង ។
ផលិតផលដែលកម្ពុជាអាចនាំចេញទៅទីផ្សារនៅអាស៊ាន គឺមានស្រូវ អង្ករ ដំឡូងមី ម្សៅមី កៅស៊ូ គ្រឿងទេស ហើយថ្មីៗនេះ គឺឃើញមានការនាំចេញផលិតផលសំបកកង់ អាចមានកង់… ខណៈដែលយើងត្រូវនាំចូលពីគេវិញទាំងត្រី ទាំងសាច់ ទាំងបន្លែ និង ផលិតផលកៃច្នៃសម្រេចជាច្រើនមុខ ។
ការនាំចេញនូវផលិតផលកសិកម្មនៅក្នុងទម្រង់ជាផលិតផលមិនទាន់កែច្នៃបែបនេះ គឺពិតជាការខាតបង់ ដ៏គួរសមសម្រាប់កម្ពុជា ពីព្រោះការនាំចេញផលិតផលជាវត្ថុធាតុដើម នេះច្រើនមានតម្លៃថោកជាងផលិតផលកែច្នៃហើយខ្លាំងណាស់ ។ ក្រៅពីនេះការដែលកម្ពុជានាំចេញផលិតផលមិនកែច្នៃបែបនេះ បានធ្វើឲ្យកម្ពុជាប្រឈមមុខនឹងការបាត់បង់តម្លៃបន្ថែមជាច្រើន ពីសង្វាក់ផលិតកម្មនៃការកែច្នៃ និងការខាតបងកម្លាំងពលកម្មផងដែរ ។ ការនាំចេញផលិតផលដែលមិនទាន់កៃច្នៃនៅក្នុងទម្រង់ជាវត្ថុធាតុដើម គឺមានបរិមាណច្រើន តែបានតម្លៃថោក ស្របពេលដែលការនាំចូលផលិតផលកៃច្នៃហើយ មានបរិមាណតិចទេ ប៉ុន្តែតម្លៃដែលគេទទួលបាន ពីយើងនោះគឺច្រើន ។
ពាក់ព័ន្ធនឹងបញ្ហានេះ មិនមែនរាជរដ្ឋាភិបាលមិនដឹងនោះទេ គឺដឹង គ្រាន់តែនៅមិនទាន់អាចរកមធ្យោបាយឆ្លើយតបដ៏សមស្របនៅឡើយ ស្របពេលដែលការវិនិយោគលើការកៃច្នៃផលិតផលសម្រេច ដើម្បីនាំចេញ មិនសូវផុលផុស ហើយមិនសូវមានអ្នកចាប់អារម្មណ៍ ទោះបីជាមានការលើកទឹកចិត្ត ឲ្យពួកគេមកជាបន្តបន្ទាប់ក៏ដោយចុះ ។
នៅក្នុងស្ថានភាពបែបនេះ ស្ថាប័នពាក់ព័ន្ធដែលមានតាំងពីក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម ក្រសួងកសិកម្ម ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាជាដើម ត្រូវធ្វើការឲ្យបានខ្លាំងក្លាបន្ថែមទៀតធ្វើយ៉ាងណា ជំរុញនិងធ្វើពិពិធកម្មទីផ្សារ និងពង្រីកសមត្ថភាពកៃច្នៃផលិតផល ។ ប្រសិនបើមិនខំទេឱនភាពពាណិជ្ជកម្មនៅតែខ្ពស់ ពោល គឺទំនិញពីគេហូរចូលមកយើងពេញស្រុក តែយើងគ្មានអ្វីហូរទៅកាន់គេច្រើនឡើយ ក្រៅពីផលិតផលកសិកម្មដែលនាំចេញមានលក្ខណៈជាប្រពៃណីទៅហើយ ៕
ចែករំលែកព័តមាននេះ