ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ពេល​ដែល​កាលបរិច្ឆេទ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​កំពុង​តែ​កៀក​មក​ដល់​បែប​នេះ ឪពុក​ម្តាយ​និង​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​យុវ​សិស្ស​នានា​គួរតែ​បញ្ឈប់​ការ​ដាក់​សម្ពាធ​លើ​ពួក​គេ ហើយ​ងាក​មក លើកទឹកចិត្ត​ដើម្បី​ឲ្យ​ពួក​គេ ប្រឹងរៀន និង ត្រៀម​ចិត្ត​ត្រៀម​កាយ​ចូលរួម​ការ​ប្រឡង​ដោយ​ភាព​រីករាយ ដោយ​គ្មាន​សម្ពាធ ផ្លូវចិត្ត​។ ចំណែក​សិស្ស​ទាំងអស់​វិញ​ត្រូវ​បន្ត​ប្រឹងរៀន​ហើយ​ត្រៀមខ្លួន​ដោយ​មោទនភាព​ចូល​ទៅ​កាន់​បន្ទប់​ប្រលង​ដោយ​អង់អាច…

នៅ​ពេល​ដែល​កាលបរិច្ឆេទ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​កំពុង​តែ​កៀក​មក​ដល់​បែប​នេះ ឪពុក​ម្តាយ​និង​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​យុវ​សិស្ស​នានា​គួរតែ​បញ្ឈប់​ការ​ដាក់​សម្ពាធ​លើ​ពួក​គេ ហើយ​ងាក​មក លើកទឹកចិត្ត​ដើម្បី​ឲ្យ​ពួក​គេ ប្រឹងរៀន និង ត្រៀម​ចិត្ត​ត្រៀម​កាយ​ចូលរួម​ការ​ប្រឡង​ដោយ​ភាព​រីករាយ ដោយ​គ្មាន​សម្ពាធ ផ្លូវចិត្ត​។ ចំណែក​សិស្ស​ទាំងអស់​វិញ​ត្រូវ​បន្ត​ប្រឹងរៀន​ហើយ​ត្រៀមខ្លួន​ដោយ​មោទនភាព​ចូល​ទៅ​កាន់​បន្ទប់​ប្រលង​ដោយ​អង់អាច គ្មាន​ការ​ភ័យ​ខ្លាច និង សម្ពាធ​ផ្លូវចិត្ត​។

ការ​ដាក់​សំពាធ​ឲ្យ​កូន​ខិតខំ​រៀនសូត្រ​គឺ​វា​ហួសពេល​ហើយ ដោយសារ​តែ​គិត​ត្រឹម​ថ្ងៃ​ទី ២៤ ខែកញ្ញា រហូត​ដល់​ថ្ងៃ​ប្រឡង​នៅ​០៨ ខែតុលា ឆ្នាំ​២០២៤ វា​នៅ​សល់​ពេល​ត្រឹមតែ​កន្លះ​ខែ​ទៀត​ប៉ុណ្ណោះ ដូច្នេះ​ការ​ដាក់ សម្ពាធ​លែង​មាន​ប្រសិទ្ធភាព​ហើយ ផ្ទុយ​ទៅ​វិញ​វា​មាន​តែ​ធ្វើ​ឲ្យ​យុវ​សិស្ស​កាន់តែ​ភិតភ័យ កាត់​តែ​ស្មុគស្មាញ​កាន់តែ​ច្របូកច្របល់​ប៉ុណ្ណោះ ។

នៅ​ក្នុង​ដំណាក់កាល​នេះ អ្វី​ដែល​ឪពុក​ម្តាយ​គួរតែ​ធ្វើ​គឺ​លើកទឹកចិត្ត​ព្យាយាម​ផ្តល់​ភាព​កក់ក្តៅ​នៅ​ក្នុង​អារម្មណ៍ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សុខភាព​ផ្លូវចិត្ត​របស់​ពួក​គេ​មាន​ភាព​វិជ្ជមាន ។ ការ​កសាង​និង​លើកកម្ពស់ សុខភាព​ផ្លូវចិត្ត​ក៏​ជា​ចំណុច​មួយ​ដែល​សំខាន់​ផង​ដែរ ។ ក្រៅពី​នោះ​គឺ​មាន​តែ​ត្រៀម​ចិត្ត​ត្រៀម​កាយ​ដើម្បី ទទួលលទ្ធផល​របស់​ពួក​គេ ។

សូម​ចង​ចាំ​ថា អនាគត​មនុស្ស ទេព​កោសល្យ ជោគជ័យ​របស់​មនុស្ស គឺ​អាច​សម្រេច​បាន​តាម​ផ្លូវ​ផ្សេង​ៗ​គ្នា ទៅ​តាម​ទេព​កោសល្យ ពេល​ខ្លះ​ពួក​គេ​អាច​មិន​ធ្វើ​បាន​ល្អ​នៅ​ពេល​ប្រឡង ប៉ុន្តែ​អនាគត​ពួក​គេ​ក៏​មិនមែន បញ្ចប់​ត្រឹម​ការ​ប្រឡង​នេះ​ដែរ ។

នៅ​ក្នុង​ដំណាក់កាល​នេះ អ្វី​ដែល​ឪពុក​ម្តាយ​អាច​ធ្វើ​បាន​គឺ​ផ្តល់​ការ​អប់រំ បង្ហាញ​ការ​ស្រលាញ់ ផ្តល់​ភាព​កក់ក្តៅ ហើយ​ព្យាយាម​ឲ្យ​ពួក​គេ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ទទួលទាន​ឲ្យ​បាន​ឆ្ងាញ់ និង​ថែរក្សា​សុខភាព ដើម្បី​ត្រៀម​ចិត្ត​ត្រៀម​កាយ​ចូល​ប្រឡង ។

ដោយឡែក​ប្អូន​ៗ​យុវ​សិស្ស​វិញ នៅ​ក្នុងអំឡុងពេល​ដ៏​ខ្លី​ដែល​នៅ​សល់​បែប​នេះ គួរ​ខិតខំ​ពង្រឹង​អ្វី​ដែល​យើង គិត​ថា ខ្សោយ អ្វី​ដែល​យើង​មិន​ច្បាស់លាស់ រំលឹក​រូបមន្ត ចំណុច​គន្លឹះ ហើយ​ព្យាយាម​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ។

ការ​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​គឺ​មាន​សារៈសំខាន់​ក្នុងអំឡុងពេល​រៀបចំ​ការ​ប្រឡង​បែប​នេះ​។ ជា​ទូទៅ​ការ​គេង​ជួយ​ខួរក្បាល​ដំណើរការ និង​រក្សា​ការ​ចង​ចាំ​បាន​ប្រសើរ​។ ការ​ដែល​យើង​រៀន​ខ្លាំង​ពេក សម្រាក​មិន​គ្រប់គ្រាន់ អាច​ជា​ការ​ប្រឆាំង​នឹង​ផលិតភាព​ដែល​ខ្លួន​មាន ដែល​វា​នាំ​ឱ្យ​មាន​ភាព​នឿយហត់​និង​កាត់​បន្ថយ​សក្តានុពល​នៃ​ការ​គិត​។

ក្រៅពី​នេះ​ការ​ទទួលទាន​អាហារ​ដែល​មាន​តុល្យភាព​ជាមួយនឹង​សារធាតុចិញ្ចឹម​ត្រឹមត្រូវ​ក៏​អាច​ជួយ​បង្កើន​ការ​ផ្តោតអារម្មណ៍ និង​សមត្ថភាព​ខួរក្បាល​ដែរ ជា​ពិសេស​គឺ​ពពួក​ផ្លែ​ឈើ គ្រាប់​ធុញ​ជាតិ ហើយ​បើ​អាច ក៏​គួរតែ​ធ្វើ​លំ​ហាត់ប្រាណ​ខ្លះ​ៗ ដើម្បី​អោយ​ឈាម​រត់​បាន​ប្រសើរ​ឡើង និង​កាត់​បន្ថយ​ភាព​តានតឹង ធ្វើ​ឱ្យ​ខួរក្បាល​មាន​ភាព​វាងវៃ និង​ការ​គិត​ច្បាស់លាស់ ។

ក្រៅពី​នោះ​ប្អូន​ៗ​ក៏​គួរតែ​ការ​រៀបចំ​ផ្លូវចិត្ត​ឲ្យ​ហើយ​សម្រាប់​ការ​ប្រឡង តាម​ការ​ស្រមៃ​មើល​ភាព​ជោគជ័យ​កាត់​បន្ថយ​ការ​ថប់​បារម្ភ តាម​រយៈ​ការ​ធ្វើ​លំ​ហាត់​ដកដង្ហើម​ជ្រៅ​ៗ ឬ​ការ​ធ្វើ​សមាធិ​ក្នុង​ចិត្ត​។

ប្អូន​ៗ​ត្រូវ​ចាំ​និង​ធ្វើខ្លួន​ឲ្យ​សប្បាយចិត្ត​ទៅ​ថា ការ​ប្រឡង​នៅ​ថ្ងៃ​ទី ០៨ ខែតុលា ឆ្នាំ​២០២៤ ខាង​មុខ​នេះ មិនមែន​មាន​តែ​ប្អូន​ទេ​ដែល​មាន​អារម្មណ៍​បែប​នេះ ប្អូន​ៗ​ឯទៀត​ដែល​មាន​ចំនួន​រហូត​ដល់​ទៅ​ជាង ១៣ ម៉ឺន​នាក់​គឺ​មាន​អារម្មណ៍​ប្រហាក់ប្រហែល​គ្នា​នេះ ។ ចេះ​ឫ​មិន​ចេះ​ត្រូវ​តែ​លើកទឹកចិត្ត​ខ្លួនឯង​ដើរ​ចូល​ទៅ​កាន់​មណ្ឌល​ប្រឡង​ទាំង​២៣០ មណ្ឌល​ទូ​ទាំង​ប្រទេស ហើយ​អង្គុយ​នៅ​ក្នុង​បន្ទប់​ប្រឡង​ទាំង​៥.៥៣៤ បន្ទប់ ដោយ​ភាពរឹងមាំ ប្រឹងប្រែង​ធ្វើ​វិញ្ញាសារ​ដែល​ខ្លួន​បាន​រៀន មួយ​ឆ្នាំ​កន្លង​មកនេះ អោយ​ហ្មត់ចត់ ។

សរុប​មក​វិញ ការ​ប្រឡង​នេះ​ថ្វី​ត្បិត​តែ​មាន​បេក្ខជន​និង​បេ​ក្ខ​នារី​ប្រឡង​ច្រើន​ដល់​ទៅ​ជាង ១៣ ម៉ឺន​នាក់ ប៉ុន្តែ​នេះ​មិនមែន​ជា​ការ​ប្រឡងប្រជែង​គ្នា​រក​អ្នក​ពូកែ​ឡើយ ។ ការ​ប្រឡង​នេះ​គឺ​គ្រាន់តែ​ជា​ការ​វាស់​ស្ទង់ ចំណេះ​និង​សមត្ថភាព​របស់​ប្អូន​ដែល​បាន​រៀន ១២ ឆ្នាំ​កន្លង​មក ដើម្បី​យើង​តម្រែតម្រង់​អនាគត​ទៅ​មុខ ។ ប្រឡង​នេះ​ប្រសិនបើ​ប្អូន​ចេះ​គឺ​ប្អូន​ជាប់ ហើយ​បើ​ប្អូន​មិន​ចេះ​គឺ​ធ្លាក់ ប៉ុន្តែ​កុំ​អស់សង្ឃឹម ជីវិត​នៅ​មាន​ច្រក ដែល​យើង​អាច​ក្រោកឈរ​បាន​បន្ត​ទៀត ។

មនុស្ស​មិន​អស់​ក្រឡា​ឡើយ ដូច្នេះ​សូម​ប្រឹងប្រែង ហើយ​សង្ឃឹមថា លទ្ធផល​ក្រោយ​ការ​ប្រឡង​ថ្ងៃ​ទី ០៨ ខែតុលា ឆ្នាំ​២០២៤ ប្អូន​ៗ​អាច​តម្រែតម្រង់​នឹង សម្លឹង​មាគ៌ា​ជីវិត​ខ្លួនឯង​បណ្តើរ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ