ការសម្រេចចិត្តនាពេលថ្មីៗនេះ ដោយធនាគារកណ្តាលអាមេរិក ក្នុងការកាត់បន្ថយអត្រាការប្រាក់របស់ខ្លួនចំនួន0,៥ភាគរយ ដែលនាំឲ្យអត្រាការប្រាក់ធ្លាក់ចុះមកក្នុងចន្លោះពី៤,៧៥ភាគរយទៅ៥ ភាគរយនៅក្នុងមួយឆ្នាំ គឺជាការផ្លាស់ប្តូរដ៏សំខាន់ នៅក្នុងគោលនយោបាយហិរញ្ញវត្ថុពិភពលោកដែលវាមិនមានផល តែលើសេដ្ឋកិច្ចអាមេរិកប៉ុណ្ណោះទេ សូម្បីតែកម្ពុជាក៏នឹងអាចទទួលផលដែរ ។…
ការសម្រេចចិត្តនាពេលថ្មីៗនេះ ដោយធនាគារកណ្តាលអាមេរិក ក្នុងការកាត់បន្ថយអត្រាការប្រាក់របស់ខ្លួនចំនួន0,៥ភាគរយ ដែលនាំឲ្យអត្រាការប្រាក់ធ្លាក់ចុះមកក្នុងចន្លោះពី៤,៧៥ភាគរយទៅ៥ ភាគរយនៅក្នុងមួយឆ្នាំ គឺជាការផ្លាស់ប្តូរដ៏សំខាន់ នៅក្នុងគោលនយោបាយហិរញ្ញវត្ថុពិភពលោកដែលវាមិនមានផល តែលើសេដ្ឋកិច្ចអាមេរិកប៉ុណ្ណោះទេ សូម្បីតែកម្ពុជាក៏នឹងអាចទទួលផលដែរ ។
ការផ្លាស់ប្តូរគោលនយោបាយហិរញ្ញវត្ថុនេះ ជាការកាត់បន្ថយអត្រាដំបូង ក្នុងរយៈពេលជាង៤ឆ្នាំ ចាប់តាំងពីពិភពលោកធ្លាក់នៅក្នុងភាពវឹកវរ បណ្តាលមកពីសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ការរីករាលដាលនៃកូវីដ១៩ ភាពរ៉ាំរ៉ៃនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជាដើម។ល ។ ការសម្រេចចិត្តនេះ បង្ហាញពីការប៉ុនប៉ង ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ចំពេលមានការព្រួយបារម្ភអំពីការធ្លាក់ចុះសក្តានុពល នៅក្នុងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ហើយការផ្លាស់ប្តូរគោលនយោបាយនេះ វាមិនត្រឹមតែជះឥទ្ធិពលដោយផ្ទាល់ដល់សហរដ្ឋអាមេរិកនោះទេ គឺពិភពលោក ហើយសូម្បីតែកម្ពុជាក៏អាចនឹងទទួលឥទ្ធិពលដ៏វិជ្ជមានមួយផ្នែកហើយក៏អាច មានហានិភ័យខ្លះៗដែរ ។
នៅក្នុងគោលបំណងកាត់បន្ថយអត្រាអតិផរណាដ៏ខ្ពស់ដែលបានឡើងដល់៧ភាគរយ កាលពីឆ្នាំ២០២១ ធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់រហូតដល់កម្រិតខ្ពស់បំផុត៥,៥ភាគរយ នៅក្នុងមួយឆ្នាំឲ្យមកនៅត្រឹម២,៥ ភាគរយ នៅក្នុងរង្វង់ឆ្នាំ២០២៤ វាធ្វើឲ្យពលរដ្ឋអាមេរិករស់នៅក្នុងសម្ពាធនៃបញ្ហា រស់នៅក្នុងសំពាធនៃការសន្សំសំចៃខ្ពស់ដែលនាំឲ្យពួកគេរិតត្បិតលើការចំណាយដែលប៉ះពាល់ តាំងពី ជីវភាពរស់នៅប្រចាំថៃរហូតដល់លំហូរទុនផ្សេងៗ ដែលជះឥទ្ធិពលដល់ការនាំចេញរបស់កម្ពុជាពីព្រោះ សហរដ្ឋអាមេរិកក៏ជាប្រទេសទីផ្សារធំបំផុតរបស់កម្ពុជា ។
កាលពីឆ្នាំ២០២៣ នៅក្នុងទំហំនាំចេញសរុបរបស់កម្ពុជា តម្លៃជិត២៣ពាន់លានដុល្លារ កម្ពុជានាំចេញបានរហូតដល់ទៅជិត៩ពាន់លានដុល្លារ ហើយ៨ខែ ដើមឆ្នាំ២០២៤ នេះ កម្ពុជាបាននាំចេញទៅអាមេរិកបានរហូតដល់ទៅជាង៦,៧ពាន់លាន ដុល្លារ កើនឡើងដល់ទៅ១០,៤ភាគរយធៀបនឹងរយៈពេលដដែលកាលពីឆ្នាំ២០២៣ ។ ក្រៅពីការនាំចេញ ទេសចរណ៍អាមេរិកក៏កំពុងតែមានទំនោរកើនឡើងដែរ ដោយ៧ខែនៃឆ្នាំ២០២៤ កម្ពុជា បានទាក់ទាញទេសចរអាមេរិកបាន១២៩.៥០០ នាក់ កើនឡើង១៧ភាគរយ ។
ក្រៅពីទីផ្សារនាំចេញក៏ដូចជា ទេសចរណ៍ កម្ពុជានៅទទួលឥទ្ធិពលវិជ្ជមានពីស្ថានភាពដ៏ប្រសើរពីអាមេរិក ជាច្រើនទៀតពាក់ព័ន្ធនឹងបរិយាកាសវិនិយោគក៏ដូចជា លំហូរទុនវិនិយោគផ្សេងៗទោះបីជាអាមេរិកមិនទាន់ដាក់ទុនធំៗមកកម្ពុជាក្តី ក៏កាលណាសេដ្ឋកិច្ចអាមេរិកប្រសើរនៅក្នុងនាមជាមហាអំណាច អាមេរិក គឺជាជីបចរសេដ្ឋកិច្ចសាកល ដូច្នេះកាលណាជីបចរនោះដើរមានស្ថេរភាព ប្រទេសផ្សេងៗក៏នឹងកាន់តែប្រសើរ ។ ដូច្នេះឥទ្ធិពលវិជ្ជមាន និងប្រសើរក៏ជាបច្ច័យវិជ្ជមានសម្រាប់កម្ពុជាដោយប្រយោលផងដែរលើវិស័យហិរញ្ញវត្ថុ លើវិស័យនាំចេញក៏ដូចជា ទេសចរណ៍ ។
ក្នុងពេលសេដ្ឋកិច្ចអាមេរិកប្រសើរការកាត់បន្ថយអត្រាការប្រាក់របស់អាមេរិកអាចនឹងធ្វើឱ្យប្រាក់ដុល្លារអាមានស្ថេរភាព ។ ដូច្នេះស្ថានភាពសេដ្ឋកិច្ចពិភពលោកប្រសើរ ពលរដ្ឋផ្សេងៗនៅលើពិភពលោកក៏អាចប្រសើរដែលនាំឲ្យពួកគេអាចបង្កើនការចំណាយ ដូច្នេះទំនិញកម្ពុជា និងទេសចរណ៍កម្ពុជាក៏កាន់តែមានសង្ឃឹម ។ ក្រៅពីពាណិជ្ជកម្មស្ថានភាពនៃស្ថេរភាពលុយរៀលកម្ពុជាក៏អាចនឹងប្រសើរពីព្រោះលុយរៀល និងដុល្លារ អាមេរិកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធដោយសារកម្ពុជាក៏ជាប្រទេសដែលចាយលុយដុល្លារមួយនៅលើ ពិភពលោក ។
ក្រៅពីភាពវិជ្ជមាន ការសម្រេចចិត្តនេះ ក៏អាចបង្កហានិភ័យផងដែរ ជាពិសេសទាក់ទងនឹងការប្រែប្រួលតម្លៃនៃរូបិយប័ណ្ណ ។ ប្រាក់រៀលកម្ពុជា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងប្រាក់ដុល្លារអាមេរិក ហើយការធ្លាក់ថ្លៃនៃប្រាក់ដុល្លារអាមេរិកអាចបង្កើនសម្ពាធអតិផរណានៅកម្ពុជា ។ ដោយសារទំនិញជាច្រើននៅកម្ពុជា ជាពិសេសការនាំចូលមានតម្លៃជាដុល្លារ ។ ដូចនេះចលនាសំខាន់ណាមួយជាប្រាក់ដុល្លារអាចនាំឱ្យតម្លៃនាំចូលខ្ពស់ដូចជា ប្រេងឥន្ធនៈ គ្រឿងម៉ាស៊ីន និងទំនិញប្រើប្រាស់ផ្សេង ។ ស្ថានភាពបែបនេះវាអាចប៉ះពាល់ដល់ អំណាចទិញសម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្មកម្ពុជា ដែលអាចធ្វើឱ្យការប្រើប្រាស់ក្នុងស្រុកមានការថយចុះ។
លើសពីនេះ ប្រសិនបើប្រាក់ដុល្លារអាមេរិកធ្លាក់ចុះខ្លាំង ធនាគារជាតិនៃកម្ពុជា អាចនឹងរងសម្ពាធឱ្យធ្វើអន្តរាគមន៍ ដើម្បីរក្សាស្ថិរភាពរូបិយប័ណ្ណក្នុងស្រុក ។ ការគ្រប់គ្រងអតិផរណា និងស្ថិរភាពអត្រាប្តូរប្រាក់នឹងក្លាយជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់ធនាគារជាតិនៃកម្ពុជានៅក្នុងសេណារីយ៉ូនេះ ។
សរុបមកវិញការសម្រេចចិត្តរបស់ធនាគារកណ្តាលអាមេរិកក្នុងការទម្លាក់អត្រាការប្រាក់បង្ហាញទាំងឱកាស និងបញ្ហាប្រឈមសម្រាប់កម្ពុជា ។ ខណៈពេលដែលវាអាចនាំឱ្យមានការកើនឡើងនៃការវិនិយោគបរទេស ការជំរុញទេសចរណ៍ និងសក្តានុពលនៃការនាំចេញដែលមានសក្តានុពលខ្ពស់ក៏ពិតមែន តែវាក៏មានហានិភ័យទាក់ទងនឹងការប្រែប្រួលរូបិយប័ណ្ណ អតិផរណា និងការគ្រប់គ្រងបំណុល ដូច្នេះអ្នកបង្កើតគោលនយោបាយរបស់កម្ពុជារំពឹងថា នឹងរក្សាការប្រុងប្រយ័ត្ននូវសក្ដានុពលទាំងនេះ ដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមាសម្រាប់ជាតិ និងប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ