ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាលពី​ថ្ងៃអាទិត្យ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៤ គឺជា​វេន​ទី​៥ ហើយ​នៃ​ពិធី​កាន់បិណ្ឌ ដែល​ជា​ផ្នែក​មួយ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យ​សាសនា និង​វប្បធម៌​ដ៏​សំខាន់​បំផុត​មួយ​កម្ពុជា ដូច្នេះ​តិច​យើង​ភ្លេច​ហើយ​រំលង ខណៈ​ដែល​រវល់​រឿង​រក​លុយ​ផ្គត់ផ្គង់​គ្រួសារ…

កាលពី​ថ្ងៃអាទិត្យ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៤ គឺជា​វេន​ទី​៥ ហើយ​នៃ​ពិធី​កាន់បិណ្ឌ ដែល​ជា​ផ្នែក​មួយ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យ​សាសនា និង​វប្បធម៌​ដ៏​សំខាន់​បំផុត​មួយ​កម្ពុជា ដូច្នេះ​តិច​យើង​ភ្លេច​ហើយ​រំលង ខណៈ​ដែល​រវល់​រឿង​រក​លុយ​ផ្គត់ផ្គង់​គ្រួសារ ។

នៅ​ក្នុង​រយៈពេល​១៤​ថ្ងៃ នៃ​ពិធី​កាន់បិណ្ឌ ចាប់ពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ដល់​ថ្ងៃ​ទី​០១ ខែតុលា និង​ថ្ងៃ​ឆ្លង​ធំ នៅ​ថ្ងៃ​ទី​២ ខែតុលា គឺជា​ពេលវេលា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ជួបជុំ​គ្នា ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​បុព្វការី​ជន តាម​ការ​ធ្វើ​ចង្ហាន់​ទៅ​វត្ត ប្រគេន​ព្រះសង្ឃ​ធ្វើ​កិច្ច​ប​ង្ស​កូ​ល​ឧទ្ទិស​កុសល​ដល់​ញាតិ​ការ​៧​សណ្តាន ។ ពិធីបុណ្យ​នេះ​មាន​សារៈសំខាន់​ខាង​វប្បធម៌ និង​ស្មារតី​យ៉ាង​ជ្រាលជ្រៅ​សម្រាប់​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស ។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ជាមួយនឹង​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ និង​បញ្ហា​សេដ្ឋកិច្ច​ដែល​គ្រួសារ​ជា​ច្រើន​ប្រឈម​មុខ​ប្រជាជន​អាច​មិនសូវ​មាន​លុយ ដើម្បី​ចំណាយ​នៅ​ក្នុង​ពិធី​នេះ ។

តុល្យភាព​នៃ​ការ​គោរព​ប្រពៃណី​ជាមួយនឹង​តម្រូវការ​សន្សំ​សំចៃ នៃ​ធនធាន​ហិរញ្ញវត្ថុ គឺជា​បញ្ហា​ប្រឈម​សម្រាប់​ពលរដ្ឋ​ជា​ច្រើន ជា​ពិសេស​ក្នុងអំឡុងពេល​នៃ​ការ​ប្រារព្ធ​ពិធី​ដែល​មាន​រយៈពេល​សរុប​ចំនួន​១៥ ថ្ងៃនេះ ។

តាម​ធម្មទេសនា​របស់​សម្តេច​សង្ឃ​ធំ​ៗ នៅ​ក្នុង​ស្ថាប័ន​ពុទ្ធសាសនា​នៅ​កម្ពុជា​យើង​មក​ដល់​ពេល​នេះ​អត្ថន័យ​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ គឺ​ដើម្បី​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន ហើយ​វត្តមាន​របស់​យើង នៅ​តាម​វត្ត​អារាម​ក៏​សំខាន់​ណាស់ ក្រៅពី​ការ​ផ្គត់ផ្គង់​ឪពុក​ម្តាយ​ដែល​ជា​ព្រះ​រស់នៅ​ផ្ទះ​របស់​យើង​ស្រាប់ ។ នៅ​ក្នុង​ករណី​យើង​មាន​ធនធាន យើង​មានសម្បត្តិ​គ្រប់គ្រាន់ ការ​យក​វត្ថុ និង​ចង្ហាន់​ល្អ​ៗ​ជ្រះថ្លា​ប្រគេន​ព្រះសង្ឃ គឺជា​ទឹកចិត្ត​ដ៏​ប្រពៃ ប៉ុន្តែ​នៅ​ក្នុង​ករណី​យើង​អត់​កុំ​ត្រដរ​ខំ​រក​របស់​ល្អ​នឹង​គេ​ទៅ​ប្រគេន​ព្រះសង្ឃ​អី ។ យើង​អាច​ធ្វើ​បាន​តាម​លទ្ធភាព ។

បើ​យើង​ធ្វើ​តាម​លទ្ធភាព​ហើយ​ជ្រះថ្លា​ទឹកចិត្ត​បរិសុទ្ធ មិន​ថា របស់​ប្រណីត​ឬ​របស់​ធម្មតា គឺ​បាន​បុណ្យ​កុសល​ស្មើ​ៗ​គ្នា ។
តាម​ពុទ្ធ​សាស្ត្រ​ព្រះសង្ឃ​ដែល​ត្រឹមត្រូវ មិន​រំពឹង​លើ​វត្ថុ​ប្រណីត ឬ​របស់​ថ្លៃ​ៗ​អ្វី​ឡើយ សំខាន់ គឺ​ទឹកចិត្ត​ជ្រះថ្លា​របស់​ពុទ្ធបរិស័ទ​ដែល​ជា​យើង​ទាំងអស់​គ្នា ។ ក្រោយ​ពេល​ដែល​យើង​រៀបចំ​ធ្វើ​ម្ហូប​សម្លរ​ឆ្អិន​ហើយ គួរ​ចាប់​មួយ​ចំណែក​រៀបចំ​ជូន​ព្រះ​រស់​ជា​ឪពុក​ម្តាយ​យើង​ពិសា មួយ​ចំណែក​ទុក​ប្រគេន​ព្រះសង្ឃ មួយ​ចំ​ណែ ក​សម្រាប់​គ្រួសារ ។ ចង្ហាន់​ដែល​ត្រូវ​ប្រគេន​ព្រះសង្ឃ ដែល​មាន​បាយ សម្លរ ផ្លែ​ឈើ និង​បង្អែម គឺ​គ្រាន់តែ រៀបចំ​ត្រឹមត្រូវ​ដាក់​ស្រាក់​ទៅ​វត្ត​ហើយ​ប​ង្ស​កូ​ល​ប្រគេន​ព្រះសង្ឃ រាប់​បាត គឺ​រួច​ស្រេច​រួច​កិច្ច ។

ក្រៅពី​ធ្វើ​ជា​លក្ខណៈ​បុគ្គល​តាម​គ្រួសារ ការ​ចងក្រង​ជា​សហគមន៍ ឬ​ជា​ក្រុម​ក៏​ជា​រឿង​ប្រពៃ ហើយ​វា​ក៏​ជា​ស្មារតី​សាមគ្គី​មួយ​ដ៏​ល្អ​ផង​ដែរ ។ ពីព្រោះ​យើង​អាច​ប្រមូល​ថវិកា​គ្នា​ម្នាក់​បន្តិចបន្តួច ហើយ​រួម​គ្នា​ធ្វើ​ម្ហូប ហើយ​នាំ​គ្នា​ទៅ​វត្ត​ជុំ​គ្នា​រៀបចំ​តាម​កិច្ច​សាសនា ។ សកម្មភាព​បែប​នេះ គឺជា​សកម្មភាព​មួយ​ដែល​អាច​សន្សំ សំចៃ​ខ្ពស់ និង​លើកកម្ពស់​សាមគ្គីភាព ។

សរុប​ទៅ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ គឺជា​ប្រពៃណី​និង​ទំនៀមទម្លាប់​ដ៏​សំខាន់​មួយ​នៅ​ក្នុង​វប្បធម៌ និង​ពុទ្ធិ​សាសនា​របស់​ខ្មែរ ហើយ​ការ​ចូលរួម គឺ​បាន​បង្កប់​អត្ថន័យ និង​សេចក្តី​ស្ងប់​យ៉ាង​ជ្រៅ​នៅ​ក្នុង​ជីវិត​របស់​ប្រជាជន​កម្ពុជា​ដូចនេះ​យើង​គួរ​ចូលរួម ។ ទោះជា​នៅ​ពេល​នេះ គ្រួសា​ខ្លះ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នៃ​សម្ពាធ​សេដ្ឋកិច្ច និង​ការ​ថយ​ចុះ​នៃ​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ក៏​ពិតមែន តែ​យើង​នៅ​តែ​មាន​វិធី​ចូលរួម ពិធី​ដ៏​សំខាន់​មួយ​នេះ​បាន​ដោយ​រីករាយ និង​ជ្រះថ្លា ។ សូមកុំ​យកចិត្ត​ទៅ​គិត​រឿង​វត្ថុ​ប្រណីត ឬ​របស់​ថ្លៃ​ទៅ​ធ្វើបុណ្យ​ថ្ងៃនេះ​ហើយ​ធ្វើបាប ខ្លួន​នឹង​គ្រួសារ​នៅ​ថ្ងៃស្អែក សំខាន់​យើង​ជ្រះថ្លា និង​និង​ធ្វើបុណ្យ​កុសល​តាម​លទ្ធភាព​ដែល​យើង​មាន​ជា​អំពើ​កុសល​ដ៏​ប្រពៃ​ដែល​យើង​បាន​ខិតខំ​បំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ