ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរសឥណ្ឌូ​ណេ​ស៊ី​ម្នាក់​មាន​ជម្ងឺ​ត្រូវ​គេ​យក​មក​ទុក​ចោល​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តស្វាយរៀង

10 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់ ឈ្មោះ រី វី (RE VI )​ហៅ រី​វ៉ា​យ ភេទ​ប្រុស អាយុ…

ខេត្តស្វាយរៀង​៖​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់ ឈ្មោះ រី វី (RE VI )​ហៅ រី​វ៉ា​យ ភេទ​ប្រុស អាយុ ២១​ឆ្នាំ សញ្ជាតិ​ឥណ្ឌូ​ណេ​ស៊ី មានស្រុក​កំណើត​កើត​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ត្រូវ​ក្រុម​ជនបរទេស​មួយ​ក្រុម​ដឹក​យក​មក​ទុក​ចោល​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ដោយ​ជន​រង​គ្រោះ​មាន​ជម្ងឺ​ក្រពះ​ពោះវៀន​ធ្ងន់ធ្ងរ​ត្រូវ​សង្គ្រោះ​បន្ទាន់​។

​បើ​តាម​ក្រុម​គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃ​អា​ទឹ​ត្យ នៅ​វេលា​ម៉ោង​៨​និង​15​នាទី​យប់ ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០២៤ ហើយ​រហូត​មក​ដល់​វេលា​ម៉ោង​២​និង​១៣​នាទី​រសៀល​ថ្ងៃ​ទី​២២​កញ្ញា​២០២៤​នេះ​ជន​រង​គ្រោះ​ឈ្មោះ RE VI បាន​សុំ​ឲ្យ​កោះសន្តិភាព ទាក់ទង រក​ស្ថានទូត ឥណ្ឌូ​ណេ​ស៊ី មក​ជួយ​សង្គ្រោះ យក​ទៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី វិញ​។​

ជា​ពិសេស​ជន​រង​គ្រោះ​កំពុង មាន​ជម្ងឺ​ធ្ងន់​កំពុង​សម្រាក​ព្យាបាល ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង ហើយ​គ្មាន​ប្រាក់​សូ​ម្បី​តែ​មួយ​រៀល​ជាប់​ខ្លួន ហើយ​អាហារ​ប្រចាំ​ថ្ងៃ បាន​ពី​អ្នក​មក​កំដរ​អ្នកជម្ងឺ ឲ្យ​និង​ជួយ​ថែទាំ​។

បើ​តាម​ជន​រង​គ្រោះ​បាន ប្រាប់​កោះសន្តិភាព​ថា ខ្លួន​ត្រូវ​ចាញ់បោក​គេ មាន​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ដូច​គ្នា ផ្ញើរ សារ​តាម​ផេ​ក ជ្រើសរើស​បុគ្គលិក​ធ្វើការ នៅ​ប្រទេស​កម្ពុជា ទទួល​បាន​ប្រាក់ខែ ច្រើន ជាង​១​ពាន់​ដុល្លារ​ទៅ​២​ពាន់​ដុល្លារ ។ ដោយ​ជន​រង​គ្រោះ ជា​កូនកំព្រា រស់នៅ​ជាមួយ​បង គ្មាន​ការងារ​ធ្វើ ក៏​ទំនាក់ទំនង​មក​តាម​ផេ​ក ដែល​ផ្ញើរ​សារ​ទៅ ដាក់​ប្រវត្តិរូប​ឲ្យ​ពួក​គេ គេ​ក៏​ទទួល​ឲ្យ​ការងារ​ធ្វើ​។​

បន្ទាប់​មក​ក្រុម​នោះ​បាន​ឲ្យ​រូបគេ ធ្វើ​លិខិតឆ្លងដែន​(Passport)​និង​វី​សារ រួច​ទិញ​សំបុត្រ​យន្តហោះ ជិះ​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ឆ្ពោះ​មក ប្រ​លាន​ភ្នំពេញ​កម្ពុជា ដោយ​មាន​ក្រុម​បុគ្គលិក​គេ ចាំ​ទទួល​នៅ​ប្រ​លាន​យន្តហោះ​ភ្នំពេញ​។​

ជន​រង​គ្រោះ​បន្ត​ថា គ្រាន់តែ​មក​ដល់​ប្រ​លាន​ភ្នំពេញ​ភ្លាម ក៏​មាន​មនុស្ស​២​នាក់​មក​ទទួល​ដឹក​តាម​រថយន្ត​តាក់ស៊ី ទៅ​ក្រុង​បា​វិត ហើយ​បាន​ដក​យក​លិខិតឆ្លងដែន ដក​យក​វី​សារ និង​ឯកសារ លុយកាក់​អស់ពី​ខ្លួន​រួច​យក​គាត់​ទៅ​ដាក់​នៅ​ក្នុង​បន្ទប់​មួយ ដោយ​មាន​មនុស្ស​ច្រើន​នាក់​នៅ​ធ្វើការ​ទីនោះ​។ ហើយ​គេ​ដក​ទូរ​សព្ទ័​ដៃ​យក​ទៅ​ទុក​ហើយ​ប្រាប់​ថា គឺ​ខំធ្វើការ​ឈប់​ទាក់ទង​ទៅ​ខាងក្រៅ ពេល​នោះ​ទើប​ដឹង​ថា​ខ្លួន​ចាញ់បោក​គេ ហើយ ។​

ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា រូបគេ​ចាញ់បោក​គេ​មក​ប្រទេស​កម្ពុជា អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ ក្នុង​ពាក់កណ្តាល​ឆ្នាំ​២០២២​។​ធ្វើការ​គ្មាន​ប្រាក់ខែ គឺ​គេ​ឲ្យ​តែ​បាយ​ហូប មិន​ទាំង​ឆ្អែត​ទៀត​ផង ។​

ជន​រង​គ្រោះ​បន្ត​ថា ដោយ​ការ​ហូប​ចុក​មិន​គ្រប់គ្រាន់​និង​មិន​ទៀងពេល​ទើប​រូបគេ មាន​ជម្ងឺ ចុក​ក្រពះ ធ្ងន់ធ្ងរ​ក៏​ត្រូវ​ក្រុមហ៊ុន​ដឹក​យក​មក​ដាក់​នៅ​ក្នុង​មន្ទីរពេទ្យ​ហើយ​ពួក​គេ​ត្រឡប់​ទៅ​វិញ​បាត់​។​រូបគេ​គ្មាន​លិខិតឆ្លងដែន គ្មាន​លុយកាក់​និង​សំលៀក​បំពាក់​ទេ​មាន​តែ​មួយ​ចង្កេះ​ជាប់​ខ្លួន​។​ទើប​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ទាក់ទង​ទៅ​ស្ថានទូត ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ប្រចាំ​នៅ​ប្រទេស​កម្ពុជា ជួយ​សង្គ្រោះ និង​ទទួលយក​រូបគេ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​វិញ​ផង​។​

ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា រូបគេ ក្រុម​គ្រួសារ​ម​មាន​បងប្អូន​០៣​នាក់​ស្រី​០១​នាក់​រស់នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ក៏​ប៉ុន្តែ​រូបគេ​បច្ចុប្បន្ន​មាន​​សតិភ្លេចភ្លាំង​ច្រើន មិន​ចាំ​ឈ្មោះ​បងប្អូន ស្រុក​កំណើត​ផ្ទះ​ភូមិ​ឬ​ខេត្ត​ទេ​។​

ជាក់ស្តែង​ជន​រង​គ្រោះ​ស្គមស្គាំង​ស្លេក​ខ្លាំង ខ្វះ​អាហារូបត្ថម្ភៈ ហើយ​ដូច​ជា​មានការ​ភ័យ​ខ្លាច​មិន​ហ៊ាន​និយាយ​ប្រាប់​អ្វី​ច្រើន​ទេ ចង់បាន​តែ ឲ្យ​ស្ថានទូត​ឥណ្ឌូ​ណេ​ស៊ី​មក​ជួយ​សង្គ្រោះ​ខ្លួន​យក​ទៅ​ប្រទេស​វិញ​តែ​ប៉ុណ្ណោះ​។​

ទាក់ទិន​ករណី​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ប្រចាំការ​ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង បាន​ប្រាប់​កោះសន្តិភាព​ថា ជន​រង​គ្រោះ​មក​ដល់​ក្នុង​មន្ទីរពេទ្យ​ភ្លាម ពិនិត្យ​ឃើញ​ថា ខ្វះ​ជាតិ​ស្ករធ្ងន់ធ្ងរ ខ្វះ​អាហារូបត្ថម្ភៈ ត្រូវ​សង្គ្រោះ​បន្ទាន់ បន្ទាប់​មក​គ្រូពេទ្យ​បាន​រាយ​ការ​ទៅ អាជ្ញាធរ​មូលដ្ឋាន​ហើយ​ក៏​ប៉ុន្តែ​មិន​ទាន់​ឃើញ អាជ្ញា​ធរមាន​សមត្ថកិច្ច​ណា មក​ពិនិត្យ​ដោះស្រាយ​ទេរ​ហូត​មក​ដល់​ថ្ងៃ​ទី​២២​កញ្ញា​២០២៤​នេះ​។​

ទាក់ទិន​ករណី​នេះ​ដែរ លោក​វេជ្ជបណ្ឌិត​គុ​ជ ស៊ី​ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង បាន​មាន​ប្រសាសន៍​តាម​ទូរ​សព្ទ័​នា​រសៀល​ថ្ងៃ​ទី​២១​កញ្ញា​ថា លោក​មន្ទា​ន់​ជ្រាប​ទេ​ចាំ​លោក​ទំនាក់ទំនង​លោក​ប្រធាន​មន្ទីរពេទ្យ​សិន​ចាំ​ផ្តល់​ព័ត៌មាន​ពេល​ក្រោយ​។

លោក​ម៉ែ​ន​អេ​ង អភិបាលរង​ខេត្តស្វាយរៀង​បាន​មាន​ប្រសាសន៍ ថា លោក​ជាប់​ធុរៈជូន​ម្តាយ​សម្រាក​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ លោក​និង​ប្រាប់​ទៅ​លោកស្នងការ​នគ​បាល​ខេត្ត​ដើម្បី​ធ្វើការ ដោះស្រាយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ