ខេត្តមណ្ឌលគិរី ៖ កម្ពុជាមានការប្តេជ្ញាយ៉ាងមោះមុត ក្នុងការដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកអនាគត ដែលអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងតុល្យភាពបរិស្ថាន នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ។
លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយ «ពន្លកបៃតង» គម្រោងរេដបូក កែវសីមា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានគូសបញ្ជាក់ថា កន្លងមកថ្មីៗនេះ ក្រសួងបរិស្ថាន បានរៀបចំវេទិកាពិនិត្យសុពលភាពផែនការយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុកម្ពុជា (CCCSP) ឆ្នាំ២០២៤-២០៣៣ គឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅមុខក្នុងការស្វែងរករួមគ្នានូវអនាគត ដែលបៃតងជាងមុន កាន់តែធន់ និងដែលមាននិរន្តរភាពសម្រាប់ប្រទេសជាតិរបស់យើង ។
លោកបានគូសបញ្ជាក់ថា ៖ “កម្ពុជាមានការប្តេជ្ញាយ៉ាងមោះមុតក្នុងការដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកអនាគត ដែលអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងតុល្យភាពបរិស្ថាន។ តាមរយៈគោលនយោបាយ និងកិច្ចផ្តួចផ្តើមយុទ្ធសាស្ត្រជាបន្តបន្ទាប់ យើងបាននិងកំពុងអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ផ្តល់ជាមូលដ្ឋានគ្រឹះមួយ នៃការប្តេជ្ញាចិត្តរបស់យើង ក្នុងការលើកកម្ពស់ការងារគ្រប់គ្រងបរិស្ថាន កិច្ចការពារជីវចម្រុះ ការអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់វប្បធម៌នៃការរស់នៅប្រកបដោយនិរន្តរភាពក្នុងចំណោមប្រជាពលរដ្ឋយើង” ។
លោកបានលើកឡើងបន្តថា លើសពីនេះ យុទ្ធសាស្ត្រចក្រាក្នុងវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែលបានអនុម័ត រួចមកហើយ ដោយផ្តោតលើសសរស្តម្ភទាំងបី សម្រាប់ប្រទេសជាតិយើង ៖ ប្រជាជនកម្ពុជាស្អាត បៃតង និងនិរន្តរភាព ដែលធានាបាននូវការឆ្លើយតបខាងវិស័យបរិស្ថានស្អាត អនាម័យបរិស្ថានល្អប្រសើរ ការគ្រប់គ្រងព្រៃឈើ ធនធានធម្មជាតិ និងធានាកាទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ការអភិវឌ្ឍបៃតង ។
លោកបានបន្ថែមថា គោលដៅចុងក្រោយរបស់យុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន គឺសម្រេចបាននូវសេចក្តីប្រាថ្នាដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ អំពីការប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមានអព្យាក្រឹតភាពកាបូន ដែលមានគម្របព្រៃឈើ ៦០ភាគរយ នៅឆ្នាំ២០៥០ ។
ជាមួយគ្នានេះលោក ជួប ប៉ារីស៍ បានសង្កត់ធ្ងន់ថា ៖ “យើងមានគោលបំណងបន្តធ្វើការជាមួយគ្នាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការកសាងសមត្ថភាពចម្រុះ រួមទាំងអ្នកសារព័ត៌មាន ដែលមូលធនមនុស្សយ៉ាងសំខាន់ ដែលគាំទ្រដល់គោលនយោបាយ និងការគ្រប់គ្រងធនធានធម្មចាតិ និងបរិស្ថានប្រកបដោយនិរន្តរភាពនៅថ្ងៃអនាគត។ យើងប្រឹងប្រែងរួមគ្នា ដើម្បីកម្ពុជាស្អាត បៃតង និងចីរភាព” ។
សូមបញ្ជាក់ថា រេដបូក (REDD+: Reducing Emissions from Deforestation and Forest Degradation) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ។ រេដបូកមានគោលបំណងធំៗពីរគឺ ការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ជាតិ និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកលក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់ និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀត គឺការស្រូបយកឧស្ម័នកាបូនិច (ឧស្ម័នផ្ទះកញ្ចក់) ពីបរិយាកាស ដែលមុខងារនេះ ដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់សកល ។
គួរបញ្ជាក់ថា នៅក្នុងឱកាសផ្សព្វផ្សាយពន្លកបៃតង ថ្នាក់ដឹកនាំ មន្ត្រីរាជការ រដ្ឋបាលខេត្ត អ្នកសារព័ត៌មាន និងសិស្សានុសិស្ស បានចូលរូមដាំដើមឈើ និងដើមត្នោត ជានិមិត្តរូបមួយចំនួន។ បន្ទាប់មកគណៈអធិតី បានប្រគល់កូនត្នោតចំនួន៣០០ដើម ជូនអាជ្ញាធរស្រុកកែវសីមា ដាំតាមភូមិសាស្ត្រជាប់ព្រំដែន កម្ពុជា វៀតណាម ដើម្បីបង្កើនគម្របបៃតង ដើម្បីជួយបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ និជួយការពារធនធានធម្មជាតិ និងអត្តសញ្ញាណវប្បធម៌របស់កម្ពុជា ៕





ចែករំលែកព័តមាននេះ