ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ ៖ ការ​ជ្រើសរើស​គ្រូបង្រៀន ផ្អែក​លើ​កិច្ចព្រមព្រៀង​ការងារ និង​ផ្តល់​ឱកាស​ការងារ​ថ្មី​ដល់​យុវជន ជាង​១​ម៉ឺន​កន្លែង

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ការ​ជ្រើសរើស​គ្រូបង្រៀន ផ្អែក​លើ​កិច្ចព្រមព្រៀង​ការងារ ជំនួស​គ្រូបង្រៀន​ជាប់កិច្ចសន្យា គ្រូបង្រៀន​ថ្នាក់​ពីរ​វេន និង​គ្រូបង្រៀន​ថ្នាក់​គួប មិន​មាន​ផល​ប៉ះពាល់​លើ​បន្ទុក​ថវិកា​នោះ​ទេ ប៉ុន្តែ​នឹង​ជួយ​ពង្រឹងគុណភាព​គ្រូបង្រៀន ការ​បង្រៀន…

រាជធានី​ភ្នំពេញ ៖ ការ​ជ្រើសរើស​គ្រូបង្រៀន ផ្អែក​លើ​កិច្ចព្រមព្រៀង​ការងារ ជំនួស​គ្រូបង្រៀន​ជាប់កិច្ចសន្យា គ្រូបង្រៀន​ថ្នាក់​ពីរ​វេន និង​គ្រូបង្រៀន​ថ្នាក់​គួប មិន​មាន​ផល​ប៉ះពាល់​លើ​បន្ទុក​ថវិកា​នោះ​ទេ ប៉ុន្តែ​នឹង​ជួយ​ពង្រឹងគុណភាព​គ្រូបង្រៀន ការ​បង្រៀន និង​ជា​ការ​ផ្តល់​ឱកាស​ការងារ​ថ្មី​ដល់​យុវជន ជាង​១​ម៉ឺន​កន្លែង​ថែម​ទៀត នេះ​បើ​តាម​ក្រសួង​អប់រំ​យុវជន និង​កីឡា ។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តី​ពី ការ​ពិនិត្យ និង​សម្រេច​ចំពោះ​វិធានការ ដើម្បី​រៀបចំ​គុណវុឌ្ឍិ​នៃ​គ្រូបង្រៀន នៅ​គ្រឹះស្ថានសិក្សា​សាធារណៈ ។

យោង​តាម​ការ​ចេញផ្សាយ​តាម​បណ្តាញ​សង្គម​របស់​ក្រសួង​អប់រំ បាន​លើក​ឡើង​ថា កិច្ចប្រជុំ​ដើម្បី​លើកកម្ពស់​សមត្ថភាព​គ្រូបង្រៀន និង​គុណភាព នៃ​ការ​បង្រៀន​នៅ​តាម​គ្រឹះស្ថាន​បឋម​សិក្សា និង​មធ្យមសិក្សា​សាធារណៈ ការ​រៀបចំ និង​កំណត់​គុណវុឌ្ឍិ​គ្រូបង្រៀន​ឱ្យ​បាន​សម​ស្រប ពិតជា​ចាំបាច់ ប្រព័ន្ធ​ទទួលស្គាល់​គុណវុឌ្ឍិ​ជា​គ្រូបង្រៀន​ចំណេះដឹង​ទូទៅ (Accreditation) គឺជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​អាជីព​ជា​គ្រូបង្រៀន (​ទាំង​ជា​គ្រូបង្រៀន​ក្របខ័ណ្ឌ និង​មិនមែន​ក្របខ័ណ្ឌ​) ចាប់ពី​ដំណាក់កាល នៃ​ការ​ជ្រើសរើស និង​ការ​អភិវឌ្ឍ​សមត្ថភាព​ជា​ប្រចាំ ដោយ​ផ្អែក​លើ​គោលការណ៍ នៃ​ការ​រៀបចំ​និង​កំណត់​គុណវុឌ្ឍិ​គ្រូបង្រៀន​ចំណេះដឹង​ទូទៅ ខណៈ​បច្ចុប្បន្ន ក្រសួង​អប់រំ យុវជន និង​កីឡា បាន​និង​កំពុង​សហការ​ជាមួយ ក្រសួង​មុខងារសាធារណៈ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​រៀបចំសេចក្តី​ព្រាង​អនុក្រឹត្យ​អំពី​ការ​កំណត់​គុណវុឌ្ឍិ​គ្រូបង្រៀន​ចំណេះដឹង​ទូទៅ ដើម្បី​ដាក់​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច ។

ក្រសួង​ថា ការ​កែទម្រង់​វិធីសាស្ត្រ នៃ​ការ​ជ្រើសរើស​និង​បណ្តុះបណ្តាល​សិស្ស និស្សិត នៅ​តាម​សាលា​គរុកោសល្យ ដើម្បី​ឱ្យ​សិស្ស និស្សិត បាន​បំពេញ​គុណវុឌ្ឍិ​ជា​ជា​គ្រូបង្រៀន​ពេញ​លក្ខណៈ ក្នុង​ការ​ជ្រើសរើស​ឱ្យ​ចូល​បង្រៀន ជា​វិធីសាស្ត្រ​កសាង​ជា​មុន​នូវ​ធនធានមនុស្ស​មាន​លក្ខណៈសម្បត្តិ​ជា​គ្រូបង្រៀន ដែល​អាច​ឆ្លើយ​តប​យ៉ាង​ប្រសើរ​ចំពោះ​តម្រូវការ នៃ​ការ​ជ្រើសរើស​គ្រូបង្រៀន​។ ទន្ទឹម​នេះ ការ​ប្រើប្រាស់​ថវិកា​សម្រាប់​គាំទ្រ​ការ​ជ្រើសរើស​និង​ការ​បណ្តុះបណ្តាល ក៏​នឹង​មាន​ប្រសិទ្ធភាព​ប្រសើរ​ជាង​មុន ។

យោង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា​២០២៣-២០២៤ និង​ទិស​ដៅ​ការងារ​ឆ្នាំ​សិក្សា​២០២៤-២០២៥ បាន​ណែនាំ​ឱ្យ ដោះស្រាយ​ករណី​គ្រូបង្រៀន​ជាប់កិច្ចសន្យា ដូច​ជា ៖ ការ​កំណត់​សុពលភាព​កិច្ចសន្យា​សម្រាប់​រយៈពេល ២ ឆ្នាំ ,​ពិនិត្យ​លទ្ធភាព លើ​ការ​ផ្តល់​ក្របខ័ណ្ឌ​ដល់​គ្រូបង្រៀន​ជាប់កិច្ចសន្យា​ចំណេះដឹង​ទូទៅ​, ការ​កែ​លម្អ​ប្រព័ន្ធ​ជ្រើសរើស និង​បណ្តុះបណ្តាល​គ្រូបង្រៀន និង​ការ​ផ្តល់​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ដល់​គ្រូបង្រៀន​ជាប់កិច្ចសន្យា​នៅ​បឋម​សិក្សា គួរ​អនុវត្ត​ផ្អែក​លើ​គោលការណ៍ តម្រូវការ​គ្រូបង្រៀន អតីតភាព​ការងារ​បង្រៀន និង​មាន​ឥរិយាបថ​ល្អ និង​មិន​ប្រព្រឹត្ត​ខុស​នឹង​ក្រមសីលធម៌ វិជ្ជាជីវៈ ព្រមទាំង​បាន​បំពេញ​ល័ក្ខខ័ណ្ឌ គរុកោសល្យ​ស្រប​តាម​គោលការណ៍​កំណត់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ