ទីក្រុងញូដេលី៖ ឥណ្ឌាត្រៀមពង្រឹងវិស័យស៊ើបការណ៍របស់ខ្លួន និងសមត្ថភាពប្រមូលព័ត៌មានសម្ងាត់។ ក្រោយពេលប៉ះគ្នាមួយប្រាវជាមួយប៉ាគីស្ថានឃើញថាហាក់ដូចជាមិនស៊ីសងគ្នាប៉ុន្មានទេ។ ទោះបីឥណ្ឌាជាប្រទេសមហាយក្សនៅអាស៊ីខាងត្បូងជាមួយនឹងប្រជាជនជាងមួយពាន់លាននាក់ ប៉ុន្តែក៏មិនទាន់អាចបំបាក់ប៉ាគីស្ថានបានទេព្រោះប៉ាគីស្ថានមានប្រទេសចិនជួយជ្រោមជ្រែងពីក្រោយខ្នងសុទ្ធតែអាវុធបំពាក់បច្ចេកវិទ្យាទំនើបៗ។
ប្រភពខ្លះថាឥណ្ឌាត្រៀមទិញយន្តហោះស៊ើបការណ៍ម៉ាកអាយស្តា (I-STAR)។ នេះជាផ្នែក១នៃកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌាដើម្បីកាត់បន្ថយការពឹងផ្អែកអាវុធរបស់បរទេស។ កាលពីពេលផ្ទុះសង្គ្រាមមួយចម្អិនកំពិស ប៉ុន្តែស្លាប់យ៉ាងរង្គាលនោះ ប៉ាគីស្ថានហាក់ដូចជាធ្វើបានល្អជាងឥណ្ឌានៅក្នុងសង្គ្រាមបាញ់គ្នាលើអាកាស។ កាលពីខែឧសភានោះ ភាគីទាំង២មិនបានបញ្ជូនទ័ពជើងគោក ឬជើងអាកាសហោះចូលទឹកដីភាគីម្ខាងទៀតទេ។ ប៉ុន្តែបាញ់មីស៊ីលពីដីគោក ឬពីយន្តហោះដាក់គ្នាទៅវិញទៅមកពីចម្ងាយ។
មានពេលមួយនោះ យន្តហោះរបស់ប្រទេសទាំង២ហោះសំកាំងនៅលើអាកាសជាង១រយគ្រឿង និងបាញ់កាំភ្លើងដាក់គ្នាទៅវិញទៅមក។ ទោះបីប្រទេសទាំង២យល់ព្រមពន្លត់ភ្លើងសង្គ្រាមក្រោមកិច្ចសម្របសម្រួលរបស់លោកត្រាំក៏ដោយ ក៏ភាពតានតឹងនៅតែមាន។ នៅក្នុងផែនការទិញយន្តហោះលើកនេះ ឥណ្ឌាគ្រោងចំណាយ១ម៉ឺនលានរូពី ឬស្មើនឹង១២០០លានដុល្លារអាមេរិក។
យន្តហោះស៊ើបការណ៍ដែលអាចហោះបាននៅលើអាកាសខ្ពស់ៗអាចជួយឱ្យកងទ័ពអាកាសឥណ្ឌាត្រួតពិនិត្យមើលទីតាំងរបស់សត្រូវដូចជាប្រព័ន្ធរ៉ាដា, មីស៊ីលការពារដែនអាកាសដែលបំពាក់នៅលើរថយន្តចល័ត និងបញ្ជាការដ្ឋានកងទ័ព។ បន្ទាប់ពីប៉ះគ្នាជាមួយប៉ាគីស្ថានរួចមក ឥណ្ឌាចាប់ផ្ដើមធ្វើទំនើបកម្មកងទ័ពអាកាសរបស់ខ្លួនយ៉ាងសម្បើមដូចជាយន្តហោះ, ដ្រូន និងប្រព័ន្ធប្រើបច្ចេកវិទ្យាទំនើប។
ឥណ្ឌាត្រៀមចំណាយថវិកា៤,៦ពាន់លានដុល្លារដើម្បីទិញអាវុធ និងយន្តហោះដែលរ៉ាដាចាប់រូបភាពមិនបាន (stealth)។ ក្រៅពីនេះ ចំណាយ៤៧០លានដុល្លារទិញដ្រូន និង៧ពាន់លានដុល្លារទិញយន្តហោះរ៉ាហ្វាល់របស់បារាំង២៦គ្រឿង។ កាលពីខែមីនា អគ្គបញ្ជាការកងទ័ពឥណ្ឌា ឧត្ដមសេនីយ៍អ៊ូផឹនដ្រា ឌីវីវេឌី (Upendra Dwivedi) ថ្លែងថាញូដេលីមិនអាចមើលស្រាលសម្ព័ន្ធភាពចិន និងប៉ាគីស្ថានបានឡើយ។ ជាពិសេស ប៉ាគីស្ថានទទួលបានបច្ចេកវិទ្យាទំនើបៗផ្នែកសង្គ្រាមព័ត៌មានវិទ្យា និងសង្គ្រាមអេឡិចត្រូនិចពីប្រទេសចិន៕
ចែករំលែកព័តមាននេះ