ផ្លូវថ្មើរជើងចតុមុខ សប្ដាហ៌នេះ មានរៀបចំពិធីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីជួយដល់មូលនិធិគន្ធបុប្ផា
រាជធានីភ្នំពេញ ៖ នាយប់ថ្ងៃសៅរ៌ ទី៧ មិថុនា ២០២៥នេះ នៅផ្លូវថ្មើរជើងចតុមុខ (Walking Street) សប្ដាហ៌នេះ…
រាជធានីភ្នំពេញ ៖ នាយប់ថ្ងៃសៅរ៌ ទី៧ មិថុនា ២០២៥នេះ នៅផ្លូវថ្មើរជើងចតុមុខ (Walking Street) សប្ដាហ៌នេះ…
រាជធានីភ្នំពេញ ៖ នាយប់ថ្ងៃសៅរ៌ ទី៧ មិថុនា ២០២៥នេះ នៅផ្លូវថ្មើរជើងចតុមុខ (Walking Street) សប្ដាហ៌នេះ នាទីតាំងរូបសំណាក់តេជោមាស តេជោយ៉ត មុខវត្តឧណ្ណាលោម មានរៀបចំពិធីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដែលជាគំនិតផ្ដួចផ្ដើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ក្នុងឱកាសនោះដែរមានថតរូបភ្លាម បានភ្លាមដោយសេរី ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីអមដំណើរជាច្រើននាក់ ក៏មានវត្តមានក្នុងពិធីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” នាផ្លូវថ្មើរជើងចតុមុខនារាត្រី នោះដែរ ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃអាទិត្យ ទី១ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រព្រឹត្តទៅរមណីយដ្ឋានវត្តភ្នំ ។
ផ្លូវថ្មើរជើងមួយនេះ កំពុងតែមានភាពពេញនិយម រហូតទទួលបានការគាំទ្រប្រជាជនខ្មែរ រួមទាំងជនជាតិបរទេស បានមកទស្សនា និងដើរលេងកម្សាន្តយ៉ាងច្រើនកុះករ ពី១សប្តាហ៍ ទៅមួយសប្តាហ៍ ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលកន្លងមកនេះ សម្ដេចធ្លាប់បានមានប្រសាសន៍ហើយថា សម្តេចនឹងមានវត្តមានដ៏ខ្ពង់ខ្ពស់ ទៅពិនិត្យនិងដើរលេងកម្សាន្តនៅផ្លូវថ្មើរជើងចតុមុខផងដែរ តែសម្តេចបវរធិបតី មិនបានបញ្ជាក់ថា នឹងអញ្ជើញទៅពេលនានោះទេ ។
បើតាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានឱ្យដឹងដែរថា នៅសប្តាហ៍នេះ ពោលគឺនៅល្ងាចថ្ងៃទី៧ និងទី៨ ខែមិថុនា ទស្សនីភាពសិល្បៈខ្មែរ ចំនួន២ នឹងយកទៅសម្តែងលើផ្លូវថ្មើរជើងចតុមុខ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទស្សនា នោះគឺ របាំប្រពៃណី គោះអង្រែ និងរបាំក្បាច់បុរាណ ក្បាច់បាតយក្ស។ ជាមួយគ្នានេះដែរ មន្ទីរនូវបានសំណូមពរដល់ពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមទស្សនាឱ្យបានច្រើនកុះករផងដែរ ។
តាមរយៈភាពជោគជ័យមួយនេះ ផ្លូវថ្មើរជើងចតុមុខ គ្រោងនឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រោយពីផ្លូវថ្មើរជើងនេះបានបើកឱ្យដំណើរការជាបណ្តោះអាសន្នអស់ជាង៤ខែ ។
គួររម្លឹកថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ដំណើរការសាកល្បងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ