ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឃុំវល្លិ៍ស ឃាត់ខ្លួន ខណៈដែលជនសង្ស័យធ្វើសកម្មភាពយកពូថៅលួចដោះលួសសំណាញ់បានម្តង ញ៉ាមទៅលួចម្តងទៀតបានសម្រេចព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវនគរបាលក្របួចជាប់ ។
ការឃាត់ខ្លួនជនសង្ស័យជាចោរលួចដោះសំណាញលួសបានធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិចំការដ្ឋ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋធ្វើការរាយការណ៍ថាមានជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចដោះសំណាញ់លួសរួចមកកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកសំរោងទង បានធ្វើការសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំវល្លិ៍សរ បានឃាត់ជនសង្ស័យ ឈ្មោះ ប៉ែន តុលា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិចំការដ្ឋ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយពាក់ព័ន្ធជាមួយករណីលួចលួសសំណាញ នៅចំណុចដីឡូត៍មួយកន្លែង ក្នុងភូមិចំការដ្ឋ ឃុំវល្លិ៍សរ ស្រុកសំរោងទង នៅវេលាម៉ោង៩និង២៣នាទីថ្ងៃទី០១ ខែវិច្ឆិកា។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ថា នៅពេលដែលនគរបាលធ្វើការសួរ នាំ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថាខ្លួន ពិតជាបានយកពូថៅលួចដោះលួសសំណាញ ចំនួន០២ លើកពិតប្រាកដមែន។ ក្រោយឃាត់ខ្លួននគរបាលបានដកហូតវត្ថុតាង ពូថៅចំនួន០១ រទេះចំនួន០១ ដែកលួសសំណាញមួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងខាងលើ នគរបាលជំនាញ កំពុងតែធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនបន្តចាត់ការតាមផ្លូវច្បាប់៕

ចែករំលែកព័តមាននេះ