រាជធានីភ្នំពេញ ៖ អតីតបេក្ខភាពបវរកញ្ញា នាង សំណាង អេលីណា បានចេញមុខអំពាវនាវទៅកាន់ម្ចាស់ម្កុដនីមួយៗប្រើប្រាស់តំណែងរបស់ខ្លួនអោយមានតម្លៃ ព្រោះម្កុដតំណាងប្រទេសគឺមានតម្លៃណាស់ ។ ការលើកឡើងពីតារាសម្តែងស្រីរូបនេះ បានធ្វើឡើង បន្ទាប់ពីផ្ទុះបាតុភាពមួយចំនួនជុំវិញការចេញទៅប្រកួតកម្មវិធី Miss Universe ដែលមានហ្វីយ៉ាតា តំណាងប្រទេសកម្ពុជា ។

មហាជន ជាពិសេស បណ្តាអ្នកគាំទ្រ ហ្វីយ៉ាតា បានផ្ទុះប្រតិកម្មយ៉ាងខ្លាំង ក្នុងពេលដែលក្រុមហ៊ុនដែលត្រូវរៀបចំអោយបេក្ខភាពរូបនេះចេញទៅប្រកួតនៅប្រទេសថៃ បានចេញមុខបដិសេធមិនទទួលខុសត្រូវសម្រាប់ការចេញទៅប្រកួតរបស់ហ្វីយ៉ាតានោះឡើយ ក្នុងពេលដែលថ្ងៃកំណត់នៃការចាកចេញរបស់នាងបានចូលមកដល់ហើយនោះ ។

រឿងហេតុនេះ បានក្លាយជាប្រធានបទយ៉ាងក្តៅគគុកនៅក្នុងការវែកញែកគ្នានៅលើបណ្តាញសង្គម ខណៈពេលអ្នកគាំទ្រ ក៏ដូចអ្នកសិល្បៈជាច្រើនបានលើកទឹកចិត្តដល់ ហ្វីយ៉ាតា សម្រាប់ការចេញទៅប្រកួតកម្មវិធីមួយនេះ ។

យ៉ាងណាសម្រាប់ សំណាង អេលីណា វិញ បើទោះនាងមិនបានបញ្ចេញប្រតិកម្មអ្វីចំពោះរឿងនេះ ក្នុងនាមនាងក៏ជាអតីតបេក្ខភាពបវរកញ្ញាដែលតំណាងប្រទេសកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិម្នាក់ដែរ ប៉ុន្តែនាងត្រឹមតែចេញមុខស្នើអោយម្ចាស់ម្កុដបវរកញ្ញានីមួយៗប្រើប្រាស់តំណែងរបស់ខ្លួនអោយមានតម្លៃ ។

តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គម សំណាង អេលីណា បានលើកឡើងថា ម្កុដនៃការតំណាងកម្ពុជានីមួយៗសុទ្ធតែមានតម្លៃ ឥឡូវបែរជា… សូមអោយអ្នកដែលគ្រងម្កុដនីមួយៗ ប្រើប្រាស់តំណែងខ្លួនឯងអោយមានតម្លៃ និងរក្សាទុកកេរ្ត៍ឈ្មោះសម្រាប់ម្កុដដែលតំណាងកម្ពុជាមួយនោះអោយល្អផង ។

នាងបញ្ជាក់ថា វេទិកាប្រកួតគឺជាកន្លែងដែលធ្វើអោយអ្នកក្លាយទៅជាបុគ្គលម្នាក់សម្រាប់អោយអ្នកដទៃធ្វើជាគំរូល្អៗ…សូមកុំអោយវេទិកាមួយនេះ ក្លាយទៅជាកន្លែងជជែកពីនេះពីនោះអី។
គួរបញ្ជាក់ថា សំណាង អេលីណា ធ្លាប់ជាបេក្ខភាព Miss International Cambodia 2023 ដោយតំណាងកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិ ។ បើទោះបីជាការប្រកួតនាងមិនទទួលបានជោគជ័យក៏ដោយ ប៉ុន្តែតារារូបនះក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រនៅកម្ពុជា ។

កន្លងមក សំណាង អេលីណា ធ្លាប់បានលើកឡើងថា សម្រាប់បេក្ខនារីដែលចង់ចូលរួមប្រកួតប្រជែងកម្មវិធីបវរកញ្ញានោះ គឺត្រូវសិក្សាអោយបានស៊ីជម្រៅទៅលើមូលដ្ឋានគ្រឹះនៃសិល្បះ និងប្រពៃណីវប្បធម៌របស់ខ្មែរ ។ ជាពិសេស យើងត្រូវសិក្សា ស្វែងយល់អោយបានច្បាស់សម្រាប់កម្មវិធីដែលយើងចូលរួមថា តើគេចង់បានអ្វីនោះទើបយើងមានភាពជឿជាក់នៅក្នុងការប្រកួត។

នាងបញ្ជាក់ថា បេក្ខនារីទាំងអស់ក៏ត្រូវត្រៀមចិត្តអោយបានរួចរាល់ ព្រោះយើងមិនដឹងជួបអ្វីខ្លះអំឡុងពេលប្រកួត ដូចនេះ បេក្ខភាពនារីទាំងអស់ត្រូវមានភាពក្លាហាន ចាប់យកឱកាសដើម្បីក្លាយជាបេក្ខភាពតំណាងកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិ ៕
ចែករំលែកព័តមាននេះ