រាជធានីភ្នំពេញ ៖ អ្នកជំនាញភូមិសាស្ត្រនយោបាយ ចង់ឃើញរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ព័ត៌មានអំពីបញ្ហាព្រំដែនជាមួយថៃ ឲ្យរហ័ស និងជឿទុកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ និងជាអគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងលើបណ្តាញសង្គម នៅថ្ងៃទី៩ មិថុនា ថា ៖ «ប្រជាពលរដ្ឋរបស់យើង ទន្ទឹងរង់ចាំព័ត៌មានខាងរដ្ឋាភិបាល យ៉ាងអន្ទះសារ ហើយក្នុងពេលជាមួយគ្នានោះ យើងហាក់ដូចជាចេញយឺតជាងថៃបន្តិច អ៊ីចឹង ថៃយកប្រៀបជាង តាំងពីសង្គ្រាមចិត្តសាស្ត្រ និងសង្គ្រាមព័ត៌មាន។ ត្រង់នេះ ខ្ញុំសំណូមពរឲ្យយើងផ្ដល់ព័ត៌មានរហ័ស និងជឿទុកចិត្តដល់ប្រជាពលរដ្ឋ។ ពលរដ្ឋ ចង់ដឹងណាស់ ព្រោះជារឿងស្លាប់រស់របស់ជាតិ» ។
សេចក្ដីប្រកាសព័ព័ត៌មារបស់ក្រសួងក្រសួងការពារជាតិ ថ្លែងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានស្ថាប័នសារព័ត៌មានថៃ និងបណ្តាញសង្គម ក្នុងស្រុកមួយចំនួន បានផ្សព្វផ្សាយព័ត៌មានមិនពិត នាំឱ្យមានការយល់ច្រឡំ ដែលអាចបញ្ឆេះកំហឹងជាតិសាសន៍ និងរុញច្រានឱ្យស្ថានការណ៍រឹតតែតានតឹង ។
ក្រសួងអំពាវនាវឱ្យជនរួមជាតិទាំងអស់ ទទួលយកតែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ជាពិសេស ការជូនព័ត៌មានដោយរាជរដ្ឋាភិបាល និងពីក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ដែលជាប្រភពព័ត៌មាន «ផ្លូវការ ពិត និងត្រឹមត្រូវ ជឿទុកចិត្តបាន» ។
សេចក្ដីប្រកាសព័ត៌មារបស់ក្រសួងការពារជាតិ បានបង្ហាញពីការវិវត្តថ្មីៗ នៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយក្រសួងបញ្ជាក់ថា ពុំមានការដកកងទ័ពកម្ពុជា ចេញពីតំបន់ ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានោះទេ ដែលកង ទ័ពកម្ពុជា បានឈរជើងកាន់កាប់ជាយូរមកហើយ ។
ក្រសួងបញ្ជាក់ថា ៖ «រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ» ។
ក្រសួង បញ្ជាក់ពីការគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានា ៕
ចែករំលែកព័តមាននេះ