ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​អំពាវនាវ​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ខ្យ​ល់​ព្យុះ​បោក​បក់​នៅ​ចុង​សប្ដាហ៍​នេះ

3 អាទិត្យ មុន

ទី​ក្រុង​បាងកក៖ ខ្យល់​ព្យុះ​ត្រូ​ពិច​ឈ្មោះ​ស៊ូលីក​ (Soulik) នឹង​បោក​បក់​ទៅ​លើ​ប្រទេស​ថៃរយៈ​ពេល​៥​ថ្ងៃ​​​នៅ​​សប្ដាហ៍​នេះ​ និង​ដើម​សប្ដាហ៍​ក្រោយ​ដោយ​ពាំ​នាំ​ទៅ​ជា​មួយ​នូវ​ភ្លៀង​ ផ្គរ​​ រន្ទះ​ និង​រលក​សមុទ្រ​ខ្ពស់​ៗ​។ ក្រសួង​ឧតុ​និយម​​ប្រកាស​ឱ្យ​ប្រជា​ជន​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​អម​ដោយ​​​ទឹក​ជំនន់​ និង​ការ​បាក់​ដី​ជា​ច្រើន​កន្លែង​។…

ទី​ក្រុង​បាងកក៖ ខ្យល់​ព្យុះ​ត្រូ​ពិច​ឈ្មោះ​ស៊ូលីក​ (Soulik) នឹង​បោក​បក់​ទៅ​លើ​ប្រទេស​ថៃរយៈ​ពេល​៥​ថ្ងៃ​​​នៅ​​សប្ដាហ៍​នេះ​ និង​ដើម​សប្ដាហ៍​ក្រោយ​ដោយ​ពាំ​នាំ​ទៅ​ជា​មួយ​នូវ​ភ្លៀង​ ផ្គរ​​ រន្ទះ​ និង​រលក​សមុទ្រ​ខ្ពស់​ៗ​។ ក្រសួង​ឧតុ​និយម​​ប្រកាស​ឱ្យ​ប្រជា​ជន​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​អម​ដោយ​​​ទឹក​ជំនន់​ និង​ការ​បាក់​ដី​ជា​ច្រើន​កន្លែង​។ អ្នក​បើក​ទូក​ និង​កប៉ាល់​តូច​ធំគ្រប់​ប្រភេទ​ត្រូវចូល​ចត​នៅ​មាត់​កំពង់​ជា​បន្ទាន់​។

មុន​នឹង​បក់​​ទៅ​ដល់​ប្រទេស​ថៃ​ ខ្យល់​ព្យុះ​ស៊ូលីក​​​​វាយ​ប្រហារ​ប្រទេស​វៀតណាម​ជា​មុន​សិន​ចាប់​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ត​ទៅ​។ ក្រសួង​ឧតុ​និយម​ថៃ​ព្យាករ​ថា​ខ្យល់​ព្យុះ​ស៊ូលីក​​​ថ្វី​ដ្បិត​មិនទាន់​​​មាន​ឋានៈ​ជា​មហា​ព្យុះ​សង្ឃ​រា​លេខ​មួយ​ប្រចាំ​ទ្វី​ប​អាស៊ី​ដូច​ខ្យល់​ព្យុះ​យ៉ាជី (Yagi) ប៉ុន្តែ​ក៏​មិន​អន់​ប៉ុន្មាន​ដែរ​។ ខ្យល់​ព្យុះ​​ស៊ូលីក​នឹងបង្ក​ជា​ភ្លៀង​ធ្លាក់​ចាប់​ពី​កម្រិត​ខ្លាំង​ល្មម​រហូត​ដល់​ខ្លាំង​បំផុត​​​នៅ​ក្នុង​ខេត្ត​-​ក្រុង​មួយ​​ចំនួន​នៃ​ប្រទេស​ថៃ​រយៈ​ពេល​៥​ថ្ងៃ​។ ដូច្នេះ​នឹង​មាន​ទឹក​ជំនន់​យ៉ាង​ល្ហ​ល្ហាច​នៅ​តាម​​ទី​ក្រុង​នានា​របស់​ថៃ​ ខណៈ​ដែល​ទឹក​ជំនន់​កាល​ពី​វគ្គ​មុន​ទើប​តែ​ស្រក​មិន​ទាន់​អស់​ទាំង​ស្រុង​​នៅ​ឡើយ​ផង​។

នៅ​ពេល​នេះ​ខ្យល់​ព្យុះ​បក់​ទៅ​ដល់​មាត់​សមុទ្រ​នៃ​ខេត្ត​ភាគ​កណ្ដាល​វៀតណាម​ជា​បណ្ដើរ​​ៗ​ហើយ​នៅ​ក្នុង​ល្បឿន​៦៥​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ខេត្ត​ក្វាង​និញ (Quang Ninh) និង​ក្វាង​ទ្រី (Quang Tri) នឹង​រង​គ្រោះ​ខ្លាំង​ជាង​គេ​ពី​ខ្យល់​ព្យុះ​នេះ​។ ​ប្រទេស​ថៃ​នឹង​ទទួល​រង​ឥទ្ធិ​ពល​របស់​ខ្យល់​ព្យុះ​នេះ​នៅ​ពេល​វា​បក់​ហួស​ព្រំ​ដែន​ប្រទេស​វៀតណាម និង​ឡាវ​។

តំបន់​​​ខាង​ជើង, ​ឦសាន, ខាង​កើត,​ ខាង​ត្បូង និង​ភាគ​កណ្ដាល​មិន​អាច​គេច​ផុត​ពី​ឥទ្ធិ​ពល​របស់​វា​បាន​ឡើយ​។ ដូច្នេះ ភ្លៀង​នឹង​​បន្ត​ធ្លាក់​​ខ្លាំង​​ទាំង​យប់​ទាំង​ថ្ងៃ​​នៅតំបន់​ទាំង​​នេះ​​។ អាជ្ញា​ធរ​ចាប់​ផ្ដើម​ប្រកាស​ជា​បណ្ដើរ​ឱ្យ​​ប្រជា​ជន​រស់​នៅ​ទី​តាំង​ទាំង​នោះ​ថែ​រក្សា​ខ្លួន​ឱ្យ​បាន​ល្អ​​ព្រោះ​អាច​​នឹង​មាន​ជំនន់​ទឹក​ភ្លៀង​​​ហក់​ឡើង​ខ្ពស់​ឆាប់​រហ័ស​ ហើយ​និង​ការ​ហក់​ឡើង​ខ្ពស់​នៃ​ទឹក​ទន្លេ​។

អ្នក​រស់​នៅ​តាម​ចង្កេះ​ភ្នំ ជើង​ភ្នំ​ និង​តំបន់​ខ្សែ​ទឹក​ខាង​ក្រោម​ប្រាកដ​ជា​លិច​លង់​ផ្ទះ​សម្បែង​របស់​ពួក​គេ​ដោយ​ជៀស​មិន​រួច​។ ក្រសួង​ឧតុនិយម​ថៃ​ប្រកាស​បន្ត​ទៀត​ថា​ចាប់​ពី​ថ្ងៃ​ទី​ព្រហស្បតិ៍​ដល់​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ ខ្យល់​កន្ត្រាក់​មូសុង​និរតី​នឹង​ប្រមូល​ផ្ដុំ​គ្នា​វិល​វល់​ចុះ​ឡើង​ៗ​នៅ​លើ​លំហ​សមុទ្រ​អាន់​ដា​ម៉ាន់ (Andaman), តំបន់​ភាគ​ខាង​ត្បូង និង​ឈូង​សមុទ្រ​ថៃ​។

ដូច្នេះ តំបន់​ខាង​ត្បូង​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ ​សមុទ្រ​អាន់​ដា​ម៉ាន់​អាច​នឹង​មាន​រលក​កញ្ជ្រោល​ខ្ពស់​ៗ​រហូត​ដល់​​កម្ពស់​៤​​ម៉ែត្រ​ ឬ​​​ខ្ពស់​ជាង​នេះ​​បើ​​​មាន​ភ្លៀង​ ផ្គរ​ និង​រន្ទះ។ ហេតុ​​នេះ អាជ្ញា​ធរ​យល់​ថា​អ្នក​ដែល​ត្រូវ​ចេញ​ទៅសមុទ្រ​ដោយ​ជិះ​នៅ​លើ​កប៉ាល់ធំ​ល្មម​ៗ​​​​គួរ​​តែ​ប្រុង​ប្រយ័ត្ន​ខ្លួន​។​ ចំណែក​អ្នក​ដែល​មាន​ទូក​ខ្នាត​តូច​​មិន​លើក​ទឹក​ចិត្ត​ឱ្យ​ចុះ​សមុទ្រ​ទេ​។ ពួក​គេ​គួរ​ចូល​ចត​​នៅ​មាត់​កំពង់​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ