ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាចែកចាយ និងជួញដូរគ្រឿងញៀនយ៉ាងសកម្មប្រចាំស្រុកបសេដ្ឋត្រូវបានកម្លាំងនគរបាលស្រុកសហការជាមួយប៉ុស្តិនគរបាលរដ្ឋបាលឃុំស្វាយចចិបធ្វើការឃាត់ខ្លួនបាន ខណៈដែលមុខសញ្ញាខាងលើកំពុងតែចរាចរណ៍គ្រឿងញៀន ហើយកម្លាំងល្បាតប្រទះឃើញ។
ការឃាត់ខ្លួនមុខសញ្ញាចែកចាយ និងជួញដូរគ្រឿងញៀនធ្វើឡើងកាលពីវេលាម៉ោង០៤និង១០នាទីរសៀលបង្ក្រាបករណីគ្រឿងញៀនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលំចំណុចក្នុងភូមិត្រពាំងធ្លក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា ជនសង្ស័យជាមុខសញ្ញាចែកចាយ និងជួញដូរគ្រឿងញៀនដែលឃាត់ខ្លួនបាន ឈ្មោះ ឌឹប មុិញ ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិត្រពាំងធ្លក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបសេដ្ឋបានបន្តឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនមុខសញ្ញាចែកចាយ និងជួញដូរគ្រឿងញៀនយ៉ាងសកម្មរូបនេះគឺ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយចចិបល្បាតនៅតាមមូលដ្ឋាន លុះពេលទៅដល់ផ្លូវលំភូមិត្រពាំងធ្លក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានឃាត់មុខសញ្ញា សង្ស័យពាក់ព័ន្ធគ្រឿងញៀន ០១នាក់៖
-ឈ្មោះ ឌឹប ម៉ិញ ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិត្រពាំងធ្លកឃុំស្វាយចចិបស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ កំលាំងបានឃាត់ត្រួតពិនិត្យ ដកហូតវត្ថុតាងមាន៖ ម្សៅក្រាមសថ្លាសង្ស័យថាជាគ្រឿងញៀនចំនួន២១កញ្ចប់(មធ្យម០២កញ្ចប់ តូច១៩កញ្ចប់)នឹងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។
នគរបាលស្រុកបសេដ្ឋបានបញ្ជាក់ថា មុខសញ្ញាចែកចាយនិងជួញដូរគ្រឿងញៀនឈ្មោះ ឌឹប មុិញ ខាងលើនេះមានទាំងដីការ បង្គាប់ឲ្យចាប់ខ្លួនលេខ ៨២០ របស់លោក ធ្ធាំ ប៊ុណ្ណា ចៅក្រមសើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅភូមិត្រពាំងធ្លក ឃុំស្វាយចចិប ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺកាលពីថ្ងៃ០១ខែកញ្ញា ឆ្នាំ២០២៥ ថែមទៀតផង។
ករណីខាងលើនេះកំលាំងនគរបាលស្រុកបសេដ្ឋកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕


ចែករំលែកព័តមាននេះ