ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ព្រឹទ្ធសភា​ស្ដីទី កោតសរសើរ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចំពោះ​ការ​កែទម្រង់​នានា ដែល​បម្រើសេវា​សាធារណៈជូនពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ វេទិកា​ពិគ្រោះ​យោបល់​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា ប្រចាំ​ភូមិភាគ​ទី​១ ស្តី​ពី “​បញ្ហា​ប្រឈម និង​សំណូមពរ នៅ​ភូមិភាគ​ទី​១ រាជធានី​ភ្នំពេញ​” ត្រូវ​បាន​ធ្វើ​ឡើង…

រាជធានី​ភ្នំពេញ ៖ វេទិកា​ពិគ្រោះ​យោបល់​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា ប្រចាំ​ភូមិភាគ​ទី​១ ស្តី​ពី “​បញ្ហា​ប្រឈម និង​សំណូមពរ នៅ​ភូមិភាគ​ទី​១ រាជធានី​ភ្នំពេញ​” ត្រូវ​បាន​ធ្វើ​ឡើង នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ក្រោម​អធិបតីភាព ឯកឧត្តម ប្រាក់ សុ​ខុន ប្រធាន ព្រឹទ្ធសភា​ស្ដីទី និង​ជា​ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា ប្រចាំ​ភូមិភាគ​ទី​១ និង​មានការ​ចូលរួម​ពី​ឯកឧត្ដម ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី និង​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ។

ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ព្រឹទ្ធសភា នៃ​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន និង​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​ដោយ​ភាព​ស្វាហាប់ ថាមពល និង​គតិបណ្ឌិត​របស់​សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ធ្វើការ​កែទម្រង់​ជា​ច្រើន ដើម្បី​អោយ​ប្រទេស​កម្ពុជា​កាន់តែ​អភិវឌ្ឍន៍​រីក​ចម្រើន ស្រប​តាម​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ ។

ឯកឧត្ដម ឃួ​ង ស្រេង បាន​បន្ត​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ការងារ​យ៉ាងច្រើន ដែល​យើង​បាន​និង​កំពុង​អនុវត្ត ហើយ​ក៏​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ផង​ដែរ ដែល​យើង​បាន​និង​កំពុង​ដោះស្រាយ​។ សម្រាប់​វេទិកា​ពិគ្រោះ​យោបល់​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា ប្រចាំ​ភូមិភាគ​ទី​១ ស្តី​ពី “​បញ្ហា​ប្រឈម និង​សំណូមពរ នៅ​ភូមិភាគ​ទី​១ រាជធានី​ភ្នំពេញ​” នា​ពេល​នេះ គឺ​ក្នុង​គោលបំណង ដើម្បី​ពិនិត្យ​វឌ្ឍនៈភាព​ការងារ ពី​ការ​កំណែទម្រង់​ប្រសិទ្ធភាព​ការងារ តម្លាភាព និង​សមធម៌ ដើម្បី​ឆ្លើយ​តប​ទៅ​តាម​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ ។

ឯកឧត្ដម ឃួ​ង ស្រេង បាន​បន្ត​ទៀត​ថា ថ្នាក់ដឹកនាំ​រាជធានី ខណ្ឌ សង្កាត់ និង​មន្ទីរ​ជំនាញ​នានា បាន​ខិតខំ​ប្រឹងប្រែង​រហូត​សម្រេច​បាន​វឌ្ឍនភាព​ការងារ​សំខាន់​ៗ​ជា​ច្រើន តែ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​យើង​យក​មក​ដោះស្រាយ រួម​គ្នា​ក្នុង​វេទិកា​ពិគ្រោះ​យោបល់​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា ប្រចាំ​ភូមិភាគ​ទី​១ នា​ពេល​នេះ​ដែរ ក្នុង​នោះ​រួម​មាន ៖
១.​ការងារ​ភូមិ សង្កាត់ មាន​សុវត្ថិភាព
២.​ការងារ​អត្តសញ្ញាណ​កម្ម និង​អត្រានុកូលដ្ឋាន
៣.​ការងារ​លទ្ធកម្ម​តាម​មូលដ្ឋាន
៤.​ការងារ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន
៥.​ការងារ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ជូន​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ និង​ការងារ (​ប​.​ស​.​ស​) ក្នុង​រាជធានី​ភ្នំពេញ ។

ឯកឧត្តម ប្រាក់ សុ​ខុន ប្រធាន​ព្រឹទ្ធសភា​ស្ដីទី ក្នុង​ឱកាស​នោះ បាន​សម្តែង​នូវ​ការ​កើត​សរសើរ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចំពោះ​ការ​កែទម្រង់​នានា សំដៅ​ធ្វើ​យ៉ាងណា​អោយ​រាជធានី​ភ្នំពេញ មានការ​អភិវឌ្ឍ​រីក​ចម្រើន ជាមួយនឹង​ការ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​ការ​បម្រើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​អោយ​កាន់តែ​ល្អ​ប្រសើរ ។

ឯកឧត្តម ប្រាក់ សុ​ខុន បាន​លើក​ឡើង​ថា នៅ​រាជធានី​ភ្នំពេញ ពិតជា​មាន​បញ្ហា​ប្រឈម​ច្រើន​នៅ​តាម​មូលដ្ឋាន​សង្កាត់​ទាំង​១០៥ តែ​ក្នុង​វេទិកា​ពិគ្រោះ​យោបល់​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា ប្រចាំ​ភូមិភាគ​ទី​១ នៅ​ពេល​នេះ យើង​ជ្រើសរើស​យក​តែ​បញ្ហា​ប្រឈម​ណា​ដែល​មាន​លក្ខណៈ​សម​ស្រប មក​ដោះស្រាយ​មុន ។

ឯកឧត្តម ប្រាក់ សុ​ខុន បាន​បន្ត​ថា ការ​រួម​គ្នា​ជាមួយ​ព្រឹទ្ធសភា ក្នុង​ការ​ចុះ​មូលដ្ឋាន​ទាំង​១០៥ យើង​ប្រមូល​បាន​បញ្ហា​ជា​ច្រើន មាន​ទាំង​វិជ្ជមាន និង​អវិជ្ជមាន ដែល​យើង​អាច​យក​បញ្ហា​ទាំង​អស់នោះ មក​គិតពិចារណា ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​អោយ​បាន​ទាន់​ពេលវេលា ។

ឯកឧត្តម ប្រាក់ សុ​ខុន ក៏​បាន​ស្នើ​អោយ​អាជ្ញាធរ និង​កងកម្លាំង​ទាំងអស់​បន្ត​ថែរក្សា​សន្តិសុខ សុវត្ថិភាព បើ​ទោះបី​យើង​រក្សាសុខ សន្តិភាព​នេះ បាន​ល្អ​ប្រសើរ​ហើយ​ក្តី ។

ឯកឧត្តម ប្រាក់ សុ​ខុន បាន​រំលឹក​ថា កម្ពុជា​យើង​មាន​ស្ដេច​ជា​ច្រើន បាន​កសាង​ប្រសាទ​នៅ​ទូ​ទាំង​ប្រទេស បាន​ជាង​៤​ពាន់​ប្រាសាទ ទុកជា​កេ​រ្ត៍ ដំណែល​វប្បធម៌​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​។ សម័យនេះ​យើង​មាន​ស្ដេច​មួយទៀត​នោះ គឺ​«​សម្ដេច​តេ​ជោ ហ៊ុន សែន​» កសាង​ប្រាសាទ ដែល​ធំ​ជាង​ប្រាសាទ​ជាង​៤​ពាន់​ទៀត គី​កសាង​ប្រសាទ​សន្តិភាព ដែល​ប្រជាជន​មាន​ភាព​សុខសាន្ត ។

ឯកឧត្តម សូម​អោយ​បន្ត​ពង្រឹង​រដ្ឋបាល​សាធារណៈ បន្ត​យន្តការ​កែទម្រង់​អភិបាលកិច្ច និង​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​អោយ​បាន​ល្អ​ប្រសើរ ។

ឯកឧត្តម ប្រាក់ សុ​ខុន បាន​លើក​ឡើង​ទៀត​ថា ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​កម្ពុជា យើង​ពិតជា​មាន​មោទនភាព​ណាស់ ដោយ​យើង​មាន​ថ្នាក់ដឹកនាំ​ប្រទេស​ដ៏​ឆ្នើម មានការ​អភិវឌ្ឍ មាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ល្អ និង​មាន​សមាជិក​ក្រុមប្រឹក្សា ប៉ូលិស​មូលដ្ឋាន​ល្អ ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ