រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល២សប្ដាហ៍ដើមខែកញ្ញា ឆ្នាំ២០២៤មកនេះ កម្លាំងនគរបាលជាតិ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបង្ក្រាបករណីក្មេងទំនើងសរុបជាង២០ករណី ឃាត់ខ្លួនបានមនុស្សជាង៨០នាក់ ។ នេះបើតាមលោកទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។
ទោះបីមានការឃាត់ខ្លួនក្មេងទំនើងជាបន្តបន្ទាប់ក្តី តាមបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ អ្នកនាំពាក្យដដែលបានលើកឡើងថា ករណីក្មេងទំនើងបានថយចុះគួរឱ្យកត់សម្គាល់ បន្ទាប់ពីសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្កើនការយកចិត្តទុកដាក់បង្ក្រាប និងបំផុសចលនាអប់រំ និងជាពិសេស គឺបន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់បន្ថែមទៀតពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ផ្អែកតាមរបាយការណ៍ពីសមត្ថកិច្ច លោកទូច សុឃៈ បានឱ្យដឹងថា ករណីក្មេងទំនើងដែលបង្ក្រាបបាននោះ កើតមាននៅរាជធានី ខេត្តចំនួន១៧ រួមខេត្តកំពង់ចាម ពោធិ៍សាត់ កណ្តាល តាកែវ កំពង់ស្ពឺ កោះកុង ក្រចេះ ព្រះសីហនុ កំពត ត្បូងឃ្មុំ ព្រៃវែង បន្ទាយមានជ័យ សៀមរាប បាត់ដំបង ស្វាយរៀង និងរាជធានីភ្នំពេញ។ ក្រុមក្មេងទំនើងដែលនគរបាលចាប់ខ្លួន បានទទួលការអនុវត្តវិធានការចំនួន២ គឺ ទី១-វិធានការច្បាប់ និងទី២-វិធានការរដ្ឋបាល។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា វិធានការច្បាប់គឺមន្ត្រីមានសមត្ថកិច្ចបញ្ជូនសំណុំរឿងទៅកាន់តុលាការ រីឯវិធានការរដ្ឋបាល គឺការអប់រំណែនាំនិងធ្វើកិច្ចសន្យាដោយឱ្យឪពុកម្ដាយមកធានារួចបញ្ជូនត្រឡប់ទៅផ្ទះវិញ។
សូមរម្លឹកជូនថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់បញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការលុបបំបាត់ក្មេងទំនើង ដែលតែងតែបង្កសកម្មភាពអុកឡុករំខានសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។
ក្នុងនាម ជាសេនាធិការជូនរាជរដ្ឋាភិបាលលើការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ឯក ឧត្តមស សុខា ចាប់ពីដើមនីតិកាលទី៧ បានកំណត់យកការដោះស្រាយបញ្ហាក្មេងទំនើង ជាកិច្ចការអាទិភាពមួយក្នុងចំណោម៦អាទិភាព ដើម្បីឱ្យអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចបង្កើនការយកចិត្តទុកដាក់ ក្នុងន័យដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាជន និងតម្រង់ទិសឱ្យយុវជនទំនើងកែប្រែឥរិយាបថមកធ្វើជាពលរដ្ឋល្អក្នុងសង្គមវិញ៕
ចែករំលែកព័តមាននេះ