ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយម្នាក់កំពុងលាងចាន ស្រាប់តែត្រូវពស់ថ្លាន់ប្រវែងជាង៤ម៉ែត្ររឹតបម្រុងនឹងលេប

3 ខែ មុន

ថៃ ៖ ប្រភព​ពី​សារព័ត៌មាន Khaosod របស់​ថៃ ដែល​ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា…

ថៃ ៖ ប្រភព​ពី​សារព័ត៌មាន Khaosod របស់​ថៃ ដែល​ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ហេតុការណ៍​ពស់ថ្លាន់​រឹត​មនុស្ស​នេះ​បាន​កើតឡើង នៅ​ក្នុងផ្ទះ​របស់​ស្ត្រី​ចំណាស់ វ័យ​៦៤​ឆ្នាំ​ម្នាក់​ដែល​ជា​អ្នកបម្រើ​ការ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង ក្នុងស្រុក Phra Samut Chedi ខេត្ត​សា​មុត​ប្រា​កាន ប្រទេស​ថៃ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​អង្គារ ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤ ។

បន្ទាប់​ពី​ត្រូវ​បាន​ជួយ​សង្គ្រោះ ស្ត្រី​ចំណាស់​ដែល​មានឈ្មោះ​ថា លោកយាយ​អា​រ៉ុ​ម បានឱ្យ​រៀបរាប់​ហេតុការណ៍​ប្រាប់​អ្នក​សារព័ត៌មាន​ថា ៖ បន្ទាប់​ពី​ពិសា​អាហារ​ពេល​ល្ងាច​រួចរាល់​នៅ​ម៉ោង​ប្រហែល​៨​យប់ ខណៈ​ពេល​គាត់​កំពុង​តែ​អង្គុយ​លាងចាន ស្រាប់តែ​គាត់​ត្រូវ​បាន​ពស់ថ្លាន់​ដ៏​ធំ បើក​ការ​វា​.​យ​ប្រហារ​ពីក្រោយ ។

លោកយាយ អា​រ៉ុ​ម បានឱ្យ​ដឹង​បន្ត​ទៀត​ថា ពស់ថ្លាន់​នោះ វា​បាន​ឡើង​ពីក្រោយ​ខ្នង​គាត់​តាម​ភ្លៅ​ខាងស្តាំ ហើយ​ភ្លាម​ៗ​នោះ​វា​ក៏​បាន​ចាប់ផ្តើម​រឹតដៃ​គាត់​យក​តែ​ម្តង ។ បន្ទាប់​ពី​ត្រូវ​ពស់​រឹត លោកយាយ ក៏​បាន​ព្យាយាម​តស៊ូ​រើ​បម្រាស់ និង​ស្រែកហៅ​ឱ្យ​គេ​ជួយ ប៉ុន្តែ​ភ្លាម​ៗ​គ្មាន​នរណា​ម្នាក់​បានលឺ​នោះ​ឡើយ ព្រោះ​លោកយាយ​នៅផ្ទះ​តែ​ម្នាក់ឯង ។

លុះ​ប្រហែល​ជិត​ពីរ​ម៉ោង​ក្រោយមក បន្ទាប់​ពី​បានលឺ​សំឡេង​លោកយាយ​ស្រែក​អោយ​ជួយ ក្រុម​អ្នក​ជិតខាង​ក៏​បាន​រាយការណ៍ ទៅ​ប៉ុស្តិ៍​បូ​លិ​ស និង​ស្នើ​សូម​ជំនួយ​ពី​ក្រុម​សង្គ្រោះ ។ ទាំង​អ្នក​ជិតខាង ក្រុម​ប៉ូលិស​ក៏​ដូច​ជា​អ្នក​ជួយ​សង្គ្រោះ​បាន​ធាក់​ទម្លុះ​ទ្វារផ្ទះ​របស់​លោកយាយ ហើយ​ក៏​បាន​ប្រទះ​ឃើញ​លោកយាយ​កំពុង​ត្រូវ​បាន​ពស់ថ្លាន់​ដ៏​ធំ​មួយ​ក្បាល​រឹត​រហូត ដល់​បាត់​មាត់​បាត់​ករ​ទៅ​ហើយ ក្រោយមក លោកយាយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្បែរ​នោះ​។

ប៉ូលិស​ក្នុង​តំបន់​បានឱ្យ​ដឹង​ថា ពស់ថ្លាន់​មួយ​ក្បាល​នេះ មាន​ប្រវែង​ប្រហែល​៤​ម៉ែត្រ ហើយ​តាម​ការ​សន្និដ្ឋាន​ពស់​នេះ​អាច​វារ​ចេញពី​ក្នុង​វាលភក់​នៃ​ព្រៃ នៅ​ខាងក្រោយ​ផ្ទះ​របស់​លោកយាយ ហើយដោយ​សារ​ភ្លៀង​ធ្លាក់ និង​ទឹក​ហក់​ឡើង​ទើប​ពស់​មួយ​ក្បាល​នេះ​វារ​ចូល​មក​រក​ចំណី​ក្នុងផ្ទះ ។

គួរ​កត់​សម្គាល់ថា ហេតុការណ៍​ពស់ថ្លាន់​រឹត​ស្ត្រី​ចំណាស់​ខាងលើ​បាន​កើតឡើង នៅ​ក្នុង​ខេត្ត​សា​មុត​ប្រា​កាន​រំលង​គ្នា​មិន​ទាន់​បាន​មួយ​ខែ​នៅឡើយ​ទេពី​ហេតុការណ៍​ដែល​បុរស​ថៃ​ម្នាក់ ត្រូវ​ពស់ថ្លាន់​ខាំ​ពងស្វាស​ពេល​ចូល​បត់ជើងធំ ។ ដែល​កាល​ណោះ​សារព័ត៌មាន Bangkok Post បាន​ចេញផ្សាយ​ថា កាលពី​ទី​២២ ខែសីហា ឆ្នាំ​២០២៤ បុរស​ជនជាតិ​ថៃ​ឈ្មោះ Tanat Tangtewanon ត្រូវ​ពស់ថ្លាន់​ខាំ​ប្រដា​.​ប់​ភេទ ពេល​ចូល​បង្គន់​បត់ជើងធំ​ពេល​ងើប​ពី​ដេក​ដោយ​ធ្វើ​ឲ្យ​គាត់​ឈឺចាប់​យ៉ាង​ខ្លាំង ហើយ​គាត់​ក៏​មិនដឹង​ដែរ​ថា តើ​សត្វ​ពស់​នោះ​មក​សម្ងំ​ក្នុង​ចាន​បង្គន់ តាំងពី​ពេល​ណា​នោះ​ទេ ។

ក្រោយ​ជួប​រឿង​បែប​នេះ បុរស​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស ប៉ុន្តែ​មិន​មាន​សភាព​ធ្ងន់ធ្ងរ​ទេ ព្រោះ​ពស់ថ្លាន់​គ្មាន​ពិស ហើយ​គាត់​ក៏​បាន​បង្ហោះ Facebook ដើម្បី​ចែករំលែក​បទ​ពិសោធន៍​អោយ​មនុស្ស​គ្រប់​គ្នា មានការ​ប្រុង​ប្រយ័ត្ន ជា​ពិសេស​ក្នុង​រដូវភ្លៀង​ធ្លាក់ ដោយ​ក្រើនរំលឹក​ថា មុន​នឹង​លោក​អ្នក​ដាក់​គូទ​អង្គុយ​លើ​ចាន​បង្គន់ គួរតែ​ពិនិត្យ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​សព្វកន្លែង និង​ចុច​ទឹក​សិន សឹម​បន្ទោបង់ ។

ហេតុការណ៍​ដូច​គ្នា​នេះ​ត្រូវ​បាន​រាយការណ៍​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ នៅ​ក្នុង​ប្រទេស​ថៃ ជា​ពិសេស គឺ​កើតឡើង​ញឹកញាប់​ជាងគេ នៅ​ខេត្ត​សា​មុត​ប្រា​កាន ដែល​ភាគច្រើន​នៅ​ក្នុង​រដូវ​ធ្លាក់​ភ្លៀង និង​ទឹកជំនន់ ។ តើ​លោក​អ្នក​អាច​ចែករំលែក​បាន​ទេ តើ​មាន​វិធីសាស្ត្រ​អ្វីខ្លះ​ដើម្បី​ការពារ​កុំអោយ​សត្វ​ពស់​វា​ចូល​ក្នុងផ្ទះ?

កែសម្រួលដោយ