ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកតំបន់គោលដៅ ធ្វើការបង្ក្រាបនិងបំផ្លាញចោលបទល្មើសនេសាទនៅហ្នឹងកន្លែងជាច្រើនករណី ។

ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា សកម្មភាពការងារនេះ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ទីតាំងទីមួយនៅចំណុចជ្រោយស្លែង និងក្រចាប់ ស្រុកបរិបូណ៌ និងមួយករណីទៀតនៅចំណុចក្រោយភូមិឬស្សីដង្គួច ភូមិឬស្សីដង្កួច ឃុំជលសា និងចំណុច មុខភូមិឬស្សីដង្គួច ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង និងប្រទះឃើញការធ្វើនេសាទប្រើឧបករណ៍របាំងលូស្បៃមុង នៅចំណុចបឹងឆ្នុកអណ្ដែង ភូមិពាមពពេច ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ជាលទ្ធផលរួម ឯកភាពគ្នារុះរើ និងបំផ្លាញចោលនៅហ្នឹងកន្លែង១/របាំងសាច់អួន១១កន្លែងប្រវែង ១០៥០ម លូសាច់អួន ចំនួន២១គ្រឿង បង្គោលចំនួន៥៥០ដើម ២/របាំងស្បៃមុង ០៨កន្លែង ប្រវែង ២៥០ម លូស្បៃមុងចំនួន០៨ គ្រឿង បង្គោលចំនួន ១០០ដេីម និង ត្រីចម្រុះចំនួន៧០គីឡូក្រាមទៅក្នុងដែននេសាទវិញ។

គួរបញ្ជាក់ផងដែរ ប្រតិបត្តិការនេះដឹកនាំដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌ ប្រើប្រាស់មធ្យោ បាយកាណូត ០៣ គ្រឿង កម្លាំងសរុប០៩នាក់ សហការណ៍ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគីរី,សហគមន៍នេសាទអន្លង់មេត្រីសែនជ័យ,សហគមន៍នេសាទព្រែកឆ្តោ,សហគមន៍នេសាទកោះធំ កម្លាំង សរុប២០នាក់ មធ្យោបាយបាឡាស្មាច់៦គ្រឿង៕






ចែករំលែកព័តមាននេះ