ក្រោយគេចផុតពីគ្រោះមហន្តរាយ ដោយទឹកជំនន់ក្រោមព្យុះទី១២ឈ្មោះ យ៉ាជី និងព្យុះទី១៣ឈ្មោះ ប៊ីបីនកា ការមកដល់នៃព្យុះទី១៤ឈ្មោះ ពូលឡាសាន (Pulasan) បានធ្វើឲ្យវិបត្តិទឹកជំនន់ កំពុងតែកើតមាននៅកម្ពុជាបណ្តើៗហើយ…
ក្រោយគេចផុតពីគ្រោះមហន្តរាយ ដោយទឹកជំនន់ក្រោមព្យុះទី១២ឈ្មោះ យ៉ាជី និងព្យុះទី១៣ឈ្មោះ ប៊ីបីនកា ការមកដល់នៃព្យុះទី១៤ឈ្មោះ ពូលឡាសាន (Pulasan) បានធ្វើឲ្យវិបត្តិទឹកជំនន់ កំពុងតែកើតមាននៅកម្ពុជាបណ្តើៗហើយ នៅពេលនេះ ខណៈដែលព្យុះដែលនៅសល់មានរហូតដល់១១ទៅ១៣ ព្យុះទៀតឯណោះ ។
នៅក្នុងមួយឆ្នាំ កម្ពុជាអាចទទួលរងឥទ្ធិពលពីព្យុះពី២៥ព្យុះ ទៅ២៧ព្យុះ ។ ក្រោមឥទ្ធិពលនៃព្យុះទាំងនេះ ទោះបីជាកម្ពុជាមិនដែលទទួលរងផ្ទាល់នៃព្យុះទាំងនេះក៏ដោយ ក៏បាតុភូត និងគ្រោះធម្មជាតិដូចជាទឹកជំនន់ រន្ទះ និងខ្យល់កន្ត្រាក់ គឺធ្លាប់បានកើតមានជាបន្តបន្ទាប់ រួចមកហើយ ។
ក្រោមឥទ្ធិពលនៃព្យុះពូលឡាសាន ភ្លៀងធ្លាក់ខ្លាំង នៅបណ្តាខេត្តមួយចំនួនដូចជា នៅខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ក្រចេះ គឺបានបង្កឲ្យមានគ្រោះទឹកជំនន់បណ្តើៗ ។
តាមសេចក្តីរាយការណ៍បឋមត្រឹមព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ គ្រោះធម្មជាតិទឹកជំនន់ បានពន្លិចផ្នែកខ្លះនៃខេត្តព្រះសីហនុ ហើយសូម្បីតែកំណត់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ចន្លោះគីឡូម៉ែត្រ K១៦៨ – K១៦៩ ស្ថិតនៅភូមិមួយ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីទឹកហូរកាត់ផ្លូវ ខណៈពេលភ្លៀងកំពុងបង្អុរធ្លាក់ខ្លាំងរហូតដល់អាជ្ញាធរស្នើឲ្យមានការបង្កើនការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់បំផុត នៅពេលធ្វើដំណើរ ។
ដោយឡែកនៅឯភូមិសាស្ត្រភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះក៏មានសេចក្តីរាយការណ៍បានរងនៅគ្រោះទឹកជំនន់ជន់លិចមួយផ្នែកផងដែរ ។ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានលើកទឹកចិត្តឲ្យពលរដ្ឋ និងអ្នកដែលពាក់ព័ន្ធលើកកម្ពស់ការប្រុងប្រយ័ត្តបន្តទៀតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ដោយសារកម្ពុជានឹងទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ ដែលស្ថិតនៅសមុទ្រចិនខាងត្បូង ហើយនឹងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រភាគកណ្ដាល ប្រទេសវៀតណាម និងភាគកណ្ដាលនៃទន្លេមេគង្គ ។ ប្រព័ន្ធវិសម្ពាធនេះ និងរបបខ្យល់មូសុងនិរតីមានឥទ្ធិពលខ្លាំងលើកម្ពុជាអាចឲ្យមានភ្លៀងទូលំទូលាយ ចាប់ពីតំបន់វាលទំនាប ខ្ពង់រាប ដល់ តំបន់មាត់សមុទ្រ ។
ជុំវិញស្ថានភាពដ៏ប្រឈមនេះ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញនូវសារសំឡេងពិសេសមួយ ដោយបានណែនាំដល់បណ្តាថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងអភិបាលរាជធានីខេត្ត និងកម្លាំងប្រដាប់អាវុធទាំងអស់ ដើម្បីត្រៀមលក្ខណៈសម្រាប់អន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីគ្រោះទឹកជំនន់ កើតមានជាយថាហេតុ ។
តាមរយៈសារសំឡេងនេះ សម្តេចធិបតីបានមានប្រសាសន៍ថា ដោយសារតែឥទ្ធិពលព្យុះបានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើន ជាបន្តបន្ទាប់ បង្កការលិចលង់នៅបណ្តាប្រទេសជិតខាងកម្ពុជា អាស្រ័យហេតុនេះ សូមឱ្យលោក លោកស្រីអភិបាលរាជធានី-ខេត្តទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ តាមដានឱ្យជាប់ និងដោះស្រាយឱ្យទាន់ពេលវេលា ក្នុងករណីដែលមានទឹកជំនន់ ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ជាពិសេសយកចិត្តទុកដាក់ ទៅលើការជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
សម្តេចធិបតីបាន ចេញបទបញ្ជាដល់កងកម្លាំងប្រដាប់អាវុធ ធ្វើអន្តរាគមន៍ក្នុងការចាំបាច់ ហើយប្រាប់ទៅគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តតាមដានឱ្យជាប់សម្របសម្រួលជាមួយអ្នកពាក់ព័ន្ធ ក៏ដូចជា ចាត់វិធានការសម្របសម្រួល ត្រៀមកម្លាំងមធ្យោបាយ អន្តរាគមន៍សង្គ្រោះបន្ថែម។
សម្តេចធិបតីបានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា ស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមនូវស្បៀង និងសម្ភារៈបរិក្ខារចាំបាច់ ដែលត្រូវបញ្ចេញទៅឱ្យប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ក្នុងករណីមានការស្នើសុំពីរាជធានីខេត្ត ។
ក្រសួងធនធានទឹក និងឧតុនិយម ត្រូវតាមដានជាប់ជាប្រចាំនៃការវិវត្តន៍នៃកម្ពស់ទឹក និងធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានីខេត្ត ដើម្បីអន្តារគមន៍ឱ្យបានទាន់ពេលេវេលា ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមស្រូវពូជ និងសម្ភារៈចាំបាច់នានា ក្នុងករណីដែលមានផលប៉ះពាល់ធំ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ដំណាំរបស់ប្រជាពលរដ្ឋ ចាំបាច់ត្រូវជួយស្តារឡើងវិញ ។ កុំលេងសើច ព្យុះ និងទឹកជំនន់នៅវៀតណាម បានសម្លា.ប់មនុស្ស និងបាត់ខ្លួនសរុប៣២៩នាក់ របួស១.៩២២ នាក់ និងបំផ្លាញសេដ្ឋកិច្ចលើសពី១,៦ពាន់លានដុល្លារ ។ នៅថៃ ឯណោះស្លា.ប់មនុស្ស៤២ នាក់ ខូចខាតសេដ្ឋកិច្ចអស់ប្រមាណជា២៧ពាន់លានបាត ឬ ៨១១,៩ លានដុល្លារ ។ នៅមីយ៉ាន់ម៉ា មានសេចក្តីរាយការណ៍ថា ស្លា.ប់មនុស្ស ប្រមាណជា ជាង១០០ នាក់ ហើយឡាវមាន៤នាក់ ។ ក្រៅពីនោះនៅហ្វីលីពិនឯណោះវិញ គឺស្លា.ប់ និងបាត់ខ្លួនប្រមាណជា៤៧ នាក់ ៕
ចែករំលែកព័តមាននេះ