រាជធានីភ្នំពេញ ៖ ផ្ដើមចេញពីក្មេងស្រុកស្រែរស់នៅក្នុងខេត្តបាត់ដំបង មានជីវភាពខ្វះខាតខ្លាំង និងដោយសារមានចិត្តស្រឡាញ់កីឡាប្រដាល់គុនខ្មែរ ព្រមទាំងមានក្ដីស្រមៃខ្ពស់ចង់បណ្ដុះបណ្ដាលក្មេងជំនាន់ក្រោយឱ្យក្លាយជាទំពាំងស្នងឬស្សី ឈុត សេរីវណ្ណថង បានខិតខំតស៊ូយ៉ាងលំបាកក្នុងការហ្វឹកហាត់ប្រដាល់ផង រៀនផងរហូតបានក្លាយជាកីឡាករប្រដាល់គុនខ្មែរមានកេរ្តិ៍ឈ្មោះល្បីរហូតដល់សព្វថ្ងៃ។
ឈុត សេរីវណ្ណថង ដែលបច្ចុប្បន្នគឺជាជើងខ្លាំងប្រចាំក្លិបប្រដាល់រាហូខេត្តបាត់ដំបង បានបង្ហើបថា ដោយសារស្រឡាញ់ចូលចិត្តវិស័យកីឡាប្រដាល់គុនខ្មែរ លោកបានចូលហ្វឹកហាត់ជាមួយលោកគ្រូឈុត សេរី ដែលត្រូវជាឪពុកបង្កើតតាំងពីនៅក្មេង ។ ម្យ៉ាងវិញទៀត ដោយសារតែបានឃើញរៀមច្បងជាកីឡាករល្បីៗមួយចំនួនមានថ្វីដៃប្រកួតល្អ ប៉ុន្តែពុំមានបន្សល់ទុកស្នាដៃសម្រាប់ក្មេងជំនាន់ក្រោយធ្វើឱ្យលោកមានក្ដីស្រមៃចង់ក្លាយជាកីឡាករឆ្នើមដូចរៀមច្បងដែរ ។ ប៉ុន្តែថ្ងៃក្រោយ បើមានឈ្មោះល្បីមានប្រាក់គ្រប់គ្រាន់ លោកនឹងបង្កើតក្លិបប្រដាល់ផ្ទាល់ខ្លួនមួយឱ្យក្មេងជំនាន់ក្រោយបានចូលហ្វឹកហ្វាត់ដើម្បីថែរក្សាមរតកក្បាច់គុនដូនតាខ្មែរឱ្យនៅស្ថិតស្ថេរគង់វង្សយូរអង្វែង។
ឈុត សេរីវណ្ណថង បានរៀបរាប់ថា កាលនៅអាយុ១២ឆ្នាំ ក្រៅពីខិតខំសិក្សារៀនសូត្រ និងជួយធ្វើស្រែជាមួយឪពុកម្ដាយ សល់ពេលបន្តិចបន្តួចលោកខិតខំហ្វឹកហាត់ប្រដាល់គុនខ្មែរដែលលោកស្រឡាញ់ចូលចិត្តបំផុត រហូតបានឈានជើងឡើងសង្វៀនប្រកួតនៅរាជធានីភ្នំពេញត្រឹមអាយុ១៤ឆ្នាំ ។ ពេលមកប្រកួតម្ដងបានត្រឹមតែ១៥ម៉ឺនរៀលប៉ុណ្ណោះ ទូទាត់ថ្លៃធ្វើដំណើរ ថ្លៃផ្ទះសំណាក់ស្នាក់នៅជាមួយឪពុកពេលត្រឡប់ទៅស្រុកកំណើតវិញនៅសល់ត្រឹមតែ៣ម៉ឺនទៅ៥ម៉ឺនរៀលប៉ុណ្ណោះ នេះមិននិយាយពីការហូបចុកដែលម្ដាយវេចខ្ចប់មកជាមួយផង ។ ទោះបីជាយ៉ាងណា លោកមិនដែលគិតឡើយ ដើម្បីក្លាយជាកីឡាករប្រដាល់ល្បីឈ្មោះនិងសម្រេចក្ដីស្រមៃនៅថ្ងៃអនាគត។
ឈុត សេរីវណ្ណថង បន្តថា រហូតមកទល់ពេលនេះលោកបានឡើងសង្វៀនមិនតិចជាង២០០ដងនោះទេ សូម្បីតែការចាញ់ឈ្នះប៉ុន្មានដងក៏លោកចាំមិនច្បាស់ដែរ ។ មិនតែប៉ុណ្ណោះលោកធ្លាប់ក្លាយជាម្ចាស់ពានរង្វាន់ច្រើនរាប់មិនអស់ទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិធ្វើឱ្យលោកមានឈ្មោះល្បី ទទួលបានឱកាសប្រកួតនិងប្រាក់កម្រៃច្រើនគួរសមមិនដូចមុន។
ពេលនេះលោកបានបំពេញក្ដីស្រមៃរបស់ខ្លួនបានហើយដោយបង្កើតក្លិបប្រដាល់មួយកន្លែងអស់ប្រាក់រាប់ម៉ឺនដុល្លារនៅខេត្តដំបងដែលជាទីតាំងចាស់ បំពាក់សម្ភារៈហ្វឹកហាត់គ្រប់គ្រាន់មានស្តង់ដារត្រឹមត្រូវថែមទៀតផង ។ ពេលនេះលោកមានជីវភាពធូរធារជាងមុនឆ្ងាយ មានរថយន្តសម្រាប់ធ្វើដំណើរផ្ទាល់ខ្លួន ថែមទាំងត្រូវបានក្រុមហ៊ុនមួយចំនួនទាក់ទងឱ្យថតក្នុងកម្មវិធីជាច្រើនទៀត។
គួរឱ្យដឹងផងដែរថា ជើងខ្លាំងគុនខ្មែរឈុត សេរីវណ្ណថង ជានិស្សិតបញ្ចប់ការសិក្សាត្រឹម
ឆ្នាំទី២ថ្នាក់បរិញ្ញាបត្រ មុខវិជ្ជាផ្នែកគ្រប់គ្រង សព្វថ្ងៃមានអាយុ២៤ឆ្នាំ មានប្រពន្ធនិងកូនប្រុស
ម្នាក់ និងមានក្របខណ្ឌជាមន្ត្រីកងយោធពលខេមរភូមិន្ទទៀតផង ។
លោកបានប្រាប់ថា លោកមិនទាន់គិតពីការលាឈប់ពីការឡើងសង្វៀនប្រដាល់នោះទេព្រោះកំពុងតែកាក់កបនឹងអាជីពឈឺសាច់មួយនេះ ។ ទោះបីយ៉ាងណាលោកថា ដោយសារតែភាពល្បីល្បាញនេះហើយ ធ្វើឱ្យលោកក៏ទទួលរងសម្ពាធពេបជ្រាយពីមជ្ឈដ្ឋានខាងក្រៅជាហូរហែផងដែរថា ការល្បីនិងការឡើងកូដរបស់លោកដោយសារអាងបក្សពួកប៉ុណ្ណោះ តែធាតុពិតមិនដូច្នោះឡើយ ៕
ចែករំលែកព័តមាននេះ