ចំណាត់ការនាពេលថ្មីៗនេះ របស់រដ្ឋាភិបាលថៃក្នុងការធ្វើឱ្យស្របច្បាប់ ដើម្បីឈានទៅគ្រប់គ្រងឧស្សាហកម្មល្បែ.ងស៊ីសងក្នុងស្រុក រួមទាំងការអភិវឌ្ឍសណ្ឋាគារ និងរីសត អាចមានឥទ្ធិពលយ៉ាងធំធេងដល់បណ្តាកាស៊ីណូ ដែលកំពុងតែដំណើរការរបស់កម្ពុជា ជាពិសេសមជ្ឈមណ្ឌលកាស៊ីណូ ដែលមានទីតាំងនៅតាមព្រំដែនកម្ពុជា-ថៃ ។…
ចំណាត់ការនាពេលថ្មីៗនេះ របស់រដ្ឋាភិបាលថៃក្នុងការធ្វើឱ្យស្របច្បាប់ ដើម្បីឈានទៅគ្រប់គ្រងឧស្សាហកម្មល្បែ.ងស៊ីសងក្នុងស្រុក រួមទាំងការអភិវឌ្ឍសណ្ឋាគារ និងរីសត អាចមានឥទ្ធិពលយ៉ាងធំធេងដល់បណ្តាកាស៊ីណូ ដែលកំពុងតែដំណើរការរបស់កម្ពុជា ជាពិសេសមជ្ឈមណ្ឌលកាស៊ីណូ ដែលមានទីតាំងនៅតាមព្រំដែនកម្ពុជា-ថៃ ។
តាមសារព័ត៌មានបរទេសនានា ដែលបានផ្សព្វផ្សាយជាជំហានដំបូង ថៃអាចនឹងកសាង រមណីយដ្ឋានកាស៊ីណូធំៗចំនួនបី នៅទីក្រុងបាងកកដូច្នេះ គំនិតផ្តួចផ្តើមនេះអាចរំខានដល់លំហូរអ្នកលេងល្បែងថៃ ដែលមានស្រាប់ និងជាអតិថិជនដ៏សំខាន់របស់បណ្តាកាស៊ីណូកម្ពុជា ។
មកដល់ពេលនេះ នៅក្នុងចំណោមកាស៊ីណូ ដែលស្របច្បាប់ប្រមាណជា៨៧កន្លែងមានមួយចំនួនធំមានទីតាំងនៅតាមតំបន់ព្រំដែនថៃ សណ្តូកតាំងពីខេត្តកោះកុង រហូតដល់ខេត្តឧត្តមានជ័យ ។ កាស៊ីណូនៅក្នុងតំបន់ទាំងនោះ គឺជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ប្រភពការងារ ទេសចរណ៍ និងបង្កើតប្រាក់ចំណូលយ៉ាងច្រើន តាមរយៈពន្ធ និងថ្លៃសេវានានា ដូចនេះការដាក់អនុញ្ញាតិឲ្យកាស៊ីណូខ្នាតធំដែលនឹងដំណើរការ នៅក្នុងប្រទេសថៃផ្ទាល់ ជាពិសេសនៅក្នុងទីក្រុងធំមួយដូចជា ទីក្រុងបាងកក អាចបង្វែរអតិថិជនរបស់បណ្តាកាស៊ីណូទាំងនោះមួយផ្នែកធំ ។
ជាមួយនឹងការបើកឱកាសនៃការលេងល្បែ.ងស៊ីសងស្របច្បាប់ ឥឡូវក្នុងស្រុក ប្រជាជនថៃជាច្រើនអាចជ្រើសរើសភាពងាយស្រួលនៃកាស៊ីណូ ក្នុងស្រុកជាងការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា បើទោះបីជាបរិយាកាសកាស៊ីណូ នៅតាមបណ្តោយព្រំដែន នៅតែមានការប្រកួតប្រជែងក៏ដោយ ។ ការសម្រេចចិត្តនេះ អាចនាំឱ្យមានការថយចុះចំនួនអ្នកមកលេងកាស៊ីណូតាមព្រំដែនកម្ពុជា ដែលអាចមានផលប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់ និងកាត់បន្ថយប្រាក់ចំណូលសម្រាប់ប្រតិបត្តិករដែលពឹងផ្អែកខ្លាំងលើអ្នកញៀ.នល្បែ.ងស៊ីសងពីថៃ ។ កាស៊ីណូទាំងនេះភាគច្រើន មានទំហំតូចជាង ហើយផ្តល់សេវាកម្មដល់អ្នកលេងល្បែ.ងដែលឆ្លងកាត់ព្រំដែន ដើម្បីទទួលបានបទពិសោធន៍លេងល្បែ.ងងាយៗ ។
ជាងនេះទៅទៀត ដោយសារតែទីក្រុងបាងកក គឺជាមជ្ឈមណ្ឌល និងជាស្នូលនៃវិស័យទេសចរណ៍អន្តរជាតិនៅក្នុងតំបន់ស្រាប់ ការបើកប្រតិបត្តិការកាស៊ីណូនៅទីនោះអាចអនុញ្ញាតឱ្យប្រទេសថៃ ទាក់ទាញមិនត្រឹមតែអ្នកលេងល្បែ.ងក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏មានភ្ញៀវទេសចរបរទេសដែលកំពុងមកលេងកាស៊ីណូនៅកម្ពុជាផងដែរ ។
ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងដែលកំពុងរីកចម្រើននេះ បណ្តាកាស៊ីណូនៅកម្ពុជា ប្រហែលជាត្រូវសម្របខ្លួនដោយការកែលម្អគ្រឿងបរិក្ខាររបស់ពួកគេ បង្កើនបទពិសោធន៍ និងភាពអនុគ្រោះដល់អតិថិជន ឬផ្តល់នូវការលើកទឹកចិត្តដ៏ទាក់ទាញបន្ថែមទៀត ដើម្បីរក្សាអតិថិជនថៃរបស់ពួកគេ ។ ក្រៅពីនេះបណ្តាកាស៊ីណូតាមព្រំដែនអាចពិចារណាលើការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាកម្មរបស់ពួកគេឱ្យលើសពីកាស៊ីណូដែលមាននៅថៃ ឬស្វែងរកយុទ្ធសាស្ត្រជំនួសដូចជា ការកំណត់គោលដៅទីផ្សារអន្តរជាតិផ្សេងៗគ្នា ដូចជា អ្នកលេងល្បែ.ងចិន ឬវៀតណាមជាដើម ប៉ុន្តែអ្វីដែលព្រួយបារម្ភបំផុតនោះ គឺការបង្វែរគោលដៅលើពលរដ្ឋនៅក្នុងស្រុក ។
រឿងបង្កើនយុទ្ធសាស្ត្រទាក់ទាញអ្នកទេសចរបរទេសមកលេងនៅកាស៊ីណូទាំងនោះ ជាស្ថានភាពដ៏ប្រសើរ ដែលនឹងបន្តយន្តការទាក់ទាញទេសចរបន្តសម្រាប់កម្ពុជា ប៉ុន្តែប្រសិនបើបណ្តាកាស៊ីណូទាំងនោះ មិនធ្វើ បែបនេះ ហើយបង្វែរគោលដៅមកអតិថិជននៅក្នុងស្រុក គឺជារឿងអាសន្នសម្រាប់កម្ពុជា ដែលមកដល់ពេលនេះ គេដឹងថា ភាគច្រើនបំផុតនៃអតិថិជនកាស៊ីណូ នៅក្នុងប្រទេស គឺជាអ្នកទេសចរបរទេស ដូចនេះអ្នកដែលពាក់ព័ន្ធ សូមគិតគូរ និងរៀបចំផែនការទុកជាមុនអោយហើយ ដើម្បីបញ្ចៀសផលប៉ះពាល់ ដល់កម្ពុជា កុំពេលដែលផលប៉ះពាល់កើតហើយ បានអង្គុយរកមធ្យោបាយដោះតាមក្រោយនោះ ។
គិតតាំងពីពេលនេះ គឺនៅមានពេលច្រើន និងអាចធូរស្រាលពីព្រោះផលប៉ះពាល់ភ្លាមៗមកលើកាស៊ីណូតាមព្រំដែនរបស់កម្ពុជា វានៅមានរយៈពេលវែងថែមទៀត ។ នៅក្នុងអំឡុងពេលនេះ ប្រក្រតីភាពនៃប្រតិបត្តិការកាស៊ីណូ នៅតាមព្រំដែន គឺនៅធម្មតានៅឡើយទេពីព្រោះវានៅជាពង្រាងផែនការនៅឡើយ ហើយកំពុងតែប្រទាំងប្រទើស និងការតស៊ូមតិក៏មិនតិចដែរ ដើម្បីឲ្យរដ្ឋាភិបាលថៃទទួលភ្លើងខៀវគ្រប់គ្រាន់ បើកផ្លូវឲ្យវិស័យនេះចេញដំណើរ ។
សរុបទៅ ការជំរុញរបស់ប្រទេសថៃ ក្នុងការធ្វើឱ្យកាស៊ីណូស្របច្បាប់ ជាពិសេស នៅទីក្រុងបាងកក តំណាងឱ្យបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរចំពោះវិស័យកាស៊ីណូរបស់កម្ពុជា ជាពិសេសនៅតាមទីក្រុង និងតាមទីប្រជុំជនជាប់ព្រំដែនថៃ ៕
ចែករំលែកព័តមាននេះ