ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​កីឡាករ​ឆ្នើម​វៀតណាមម្នាក់​ ដាក់​លក់​ឡាន​​យក​លុយ​ជួយ​ជន​រង​គ្រោះ​ដោយ​ព្យុះ​យ៉ាក​ជី

1 អាទិត្យ មុន

ប្រទេស​វៀតណាម ៖ កីឡាករ​បាល់ទាត់​ឆ្នើម​ក្រុម​ជម្រើសជាតិ​វៀតណាម ង្វៀ​ន ក្វា​ង​ហៃ (Nguyen Quang Hai) រួម​និង​ភរិយា ជូ…

ប្រទេស​វៀតណាម ៖ កីឡាករ​បាល់ទាត់​ឆ្នើម​ក្រុម​ជម្រើសជាតិ​វៀតណាម ង្វៀ​ន ក្វា​ង​ហៃ (Nguyen Quang Hai) រួម​និង​ភរិយា ជូ ថា​ញ់ ហួ​យិ​ន (Chu Thanh Huyen) បាន​សម្រេចចិត្ត​ដាក់​លក់​រថយន្ត​ពួក​គេ​១​គ្រឿង ដើម្បី​យក​ប្រាក់​ជួយ​ប្រជាជន​នៅ​ក្នុង​តំបន់​រង​ផល​ប៉ះពាល់​ដោយសារ​ព្យុះសង្ឃរា​យ៉ាក​ជី (Yagi)​។

ប្រភព​ពី​សារព័ត៌មាន​វៀតណាម VnExpress កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា អ្នក​នាង ជូ ថា​ញ់ ហួ​យិ​ន (Chu Thanh Huyen) បាន​ប្រកាស​ដាក់​លក់​រថយន្ត កាលពី​ល្ងាច​ថ្ងៃ​អង្គារ ខណៈ​ដែល​រថយន្ត​១​គ្រឿង​នេះ ដើម​ឡើយ​ត្រូវ​បាន​គ្រោងទុក​ដើម្បី​ជា​កាដូ​សម្រាប់​អតិថិជន​គាំទ្រ​ផលិត​របស់​នាង នៅ​ក្នុង​ការ​ឡាយ​វី​ដេ​អូ នា​ថ្ងៃ​ទី​២៩ ខែកញ្ញា ខាង​មុខ​នេះ​។ ប៉ុន្តែ​ទោះ​យ៉ាងណា អ្នក​នាង​បាន​និយាយ​ថា «​ជាមួយនឹង​ស្ថានភាព​ដ៏​ស្មុគស្មាញ​ពេល​បច្ចុប្បន្ន​នេះ ដែល​បណ្តាល​មក​ពី​ព្យុះ ខ្ញុំ និង​ស្វាមី​គិត​ថា វា​ជា​ការ​មិន​សម​ហេតុផល​ទាល់តែ​សោះ​ក្នុង​ការ​ផ្តល់​រថយន្ត​មួយ​គ្រឿង​នៅ​ក្នុង​ការ​ឡាយ​វី​ដេ​អូ​របស់ខ្ញុំ​។ ដូច្នេះ​យើង​សម្រេចចិត្ត​ដាក់​លក់​រថយន្ត​១​គ្រឿង​នេះ ហើយ​ប្រាក់​បាន​ពី​ការ​លក់​ទាំងអស់​នឹង​បរិច្ចាគ​ទៅ​មូលនិធិ​សង្គ្រោះ​ជាតិ​នៃ​គ្រោះ​មហន្តរាយ​»​។

រថយន្ត​ដែល​ត្រូវ​បាន​ប្រកាស​ដាក់​លក់ គឺជា​រថយន្ត​អគ្គិសនី​ផលិត​នៅ​ក្នុងស្រុក Vinfast VF3 ដែល​មាន​តម្លៃ ៣២២​លាន​ដុ​ង ដែល​ស្មើនឹង ១៣,១៤០​ដុល្លារ​អា​មេ​រិ​ក​។ មុន​ពេល​ដែល​អ្នក​នាង ជូ ថា​ញ់ ហួ​យិ​ន ប្រកាស​ដាក់​លក់​រថយន្ត​របស់​នាង កីឡាករ ង្វៀ​ន ក្វា​ង​ហៃ​ដែល បច្ចុប្បន្ន​ប្រកប​អាជីព​ជាមួយ​ក្លិប Hanoi Police នៅ​លី​គ​កំពូល​វៀតណាម បាន​បរិច្ចាគ​ប្រាក់​ចំនួន ២៥០​លាន​ដុ​ង​រួច​ទៅ​ហើយ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទៅ​ក្នុង​គណនី​គណៈកម្មាធិការ​មជ្ឈិម​រណសិរ្ស​មាតុភូមិ​វៀតណាម ដើម្បី​ជួយ​ប្រជាជន​ក្នុង​តំបន់​រង​គ្រោះ​ដោយ​ទឹកជំនន់​ផង​ដែរ​។

កីឡាករ ង្វៀ​ន ក្វា​ង​ហៃ គឺជា​ខ្សែបម្រើ​ដ៏​ឆ្នើម​ម្នាក់​របស់​ក្រុម​ជម្រើសជាតិ​វៀតណាម​។ រូបគេ​បាន​ក្លាយជា​កីឡាករ​ដ៏​លេចធ្លោ​ដំបូង​គេ ក្រោយ​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​នៅ​ក្នុង​ព្រឹត្តិការណ៍ AFC U23 Championship ឆ្នាំ ២០១៨ ដែល​វៀតណាម​បញ្ចប់​ក្នុង​នាម​ក្រុម​ជើងឯក​រង​។ ក្រោយមក​កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ បាន​ក្លាយជា​កីឡាករ​ដ៏​សំខាន់​សម្រាប់​ក្រុម​ជម្រើសជាតិ ហើយ​រួមចំណែក​យ៉ាង​សំខាន់​ឈ្នះ​មេដាយមាស​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ ២០១៩ និង​ពានរង្វាន់ AFF Cup ឆ្នាំ ២០១៨​។

លើស​ពី​នេះ​ទៀត រូបគេ​ក៏​បាន​ជួយ​ក្រុម​ជម្រើសជាតិ​ឈាន​ទៅ​វគ្គ​ជម្រុះ​ចុង​ក្រោយ World Cup ប្រចាំ​ទ្វីបអាស៊ី​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ផង​ដែរ​។ កីឡាករ ង្វៀ​ន ក្វា​ង​ហៃ បាន​រៀប​ការ​ជាមួយ​ភ្ជាប់​ជាមួយ​តារា​ម៉ូ​ដែល​វៀតណាម កញ្ញា ជូ ថា​ញ់ ហួ​យិ​ន ដែល​ជា​មិត្ត​ស្រី​យូរ​ឆ្នាំ​របស់​ខ្លួន កាលពី​ខែមីនា ឆ្នាំ​នេះ នៅ​ទីក្រុង​ហាណូយ​។

ក្រៅពី​កីឡាករ ង្វៀ​ន ក្វា​ង​ហៃ និង​ភរិយា កីឡាករ​បាល់ទាត់​វៀតណាម​ជា​ច្រើន​នាក់​ផ្សេង​ទៀត ក៏​ដុតដៃដុតជើង​រួមចំណែក​ក្នុង​ជួយ​សង្គ្រោះ​ប្រជាជន​នៅ​ក្នុង​តំបន់​រង​គ្រោះ​ដោយ​ព្យុះសង្ឃរា​យ៉ាក​ជី តាម​រយៈ​ការ​បរិច្ចាគ​ប្រាក់​រាប់​សិប​លាន​ដុ​ង​ផង​ដែរ​។ ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម និង​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម​ក៏​បាន​បរិច្ចាគ​ថវិកា​សរុប​ចំនួន ៤០០​លាន​ដុ​ង ដែល​ស្មើនឹង​ជាង ១៦,០០០​ដុល្លារ​ផង​ដែរ មុន​ពេល​ការ​ប្រកួត​មិត្តភាព​ជាមួយ​ថៃ នៅ​ទីក្រុង​ហាណូយ កាលពី​ថ្ងៃ​ទី​៩ ខែកញ្ញា កន្លង​ទៅ​៕ (​ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ