ទីក្រុងហាណូយ៖ ថ្មីៗនេះ មានសំណុំរឿងប្លែកមួយនៅប្រទេសវៀតណាមនៅពេលបុរសម្នាក់ចាប់ជំរិតសាកសពមនុស្សដែលស្លាប់នៅសល់តែគ្រោងឆ្អឹងទៅហើយដើម្បីជាថ្នូរនឹងលុយ។ បុរសជនជាតិវៀតណាមរស់នៅខេត្តថាញ់ហាវ (Thanh Hoa) ត្រូវសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីគាត់គាស់ផ្នូររបស់ឪពុកមាខ្លួនឯងដែលមានសែស្រឡាយរាងឆ្ងាយពីគ្នាបន្តិចហើយ។
ឪពុកមារូបនេះបានស្លាប់តាំងពីបួនឆ្នាំមុនមកម៉្លេះ។ បុរសជនជាតិវៀតណាមរូបនេះគាស់សពយកទៅលាក់ទុក។ រួចគាត់ទាក់ទងទៅសាច់ញាតិរបស់សពឱ្យយកលុយជាង២០ម៉ឺនដុល្លារដើម្បីលស់យកគ្រោងឆ្អឹងនោះត្រឡប់ទៅវិញ។ បុរសឈ្មោះលូថាញ់ណាម (Luu Thanh Nam) អាយុ៣៧ឆ្នាំត្រូវសមត្ថកិច្ចចាប់ឃុំកាលពីល្ងាចថ្ងៃព្រហស្បតិ៍ដើម្បីបន្តនីតិវិធីស៊ើបអង្កេតជាបន្តទៀតពីបទសង្ស័យថាគាត់បានបំពានសាកសព និងជំរិតទារប្រាក់។
កាលពីពីរថ្ងៃមុននោះ ក្រុមគ្រួសាររបស់បុរសឈ្មោះលូថាញ់ហយដែលរស់នៅក្នុងខេត្តខាងលើនេះដែរបានទទួលសារតាមបណ្ដាញសង្គមដែលផ្ញើចេញពីគណនីអនាមិក។ ជនអនាមិកនោះទាមទារប្រាក់៥ពាន់លានដុងបើចង់បានគ្រោងឆ្អឹងឪពុករបស់ពួកគេត្រឡប់ទៅវិញ។ ម្ចាស់គណនីនោះឆ្លៀតប្រើភាសាគំរាមកំហែងថា «បើអ្នកឯងហ៊ានយករឿងនេះរាយការណ៍ប្រាប់សមត្ថកិច្ច អ្នកឯងគ្មានឱកាសបានឃើញគ្រោងឆ្អឹងនោះជារៀងរហូត»។
ដោយសារមិនអស់ចិត្តចំពោះរឿងនេះព្រោះឪពុករបស់ខ្លួនស្លាប់ជាច្រើនឆ្នាំមកហើយ ក្រុមគ្រួសាររបស់ហយយល់ថាមិនសមមនុស្សយើងហ៊ានធ្វើដល់ថ្នាក់ហ្នឹងទេ (គាស់សពចេញពីផ្នូរដើម្បីជំរិតទារប្រាក់ពីក្រុមគ្រួសារ)។ ដើម្បីឱ្យអស់ចិត្តទាំងអស់គ្នា ពួកគេក៏ធ្វើដំណើរទៅមើលផ្នូរ។ ទៅដល់ឃើញផ្នូរចំហ និងឃើញក្ដារមឈូសរបើកគម្រប។
ក្រោយពេលស្រាវជ្រាវចុះឡើងៗក៏កំណត់មុខសញ្ញាថាបុរសឈ្មោះណាមជាជនដៃដល់នៅក្នុងរឿងនេះ។ នៅពេលនាំខ្លួនទៅដល់ប៉ុស្តិ៍នគរបាល បុរសរូបនេះឆ្លើយសារភាពតាមត្រង់ថាខ្លួនពិតជាបានប្រព្រឹត្តទង្វើនេះមែន។ គាត់ប្រាប់ថាគាត់ទ័លខ្លាំងមែនទែនដោយសារជាប់បំណុលគេវ័ណ្ឌក។ ម៉្លោះហើយមិនដឹងចេញតាមច្រកណាទេ មានតែជំរិតទារប្រាក់តែប៉ុណ្ណោះ។
បុរសរូបនេះប្រាប់ថាកាលពីរាត្រីថ្ងៃទី៩ ខែកញ្ញា គាត់ប្រើប្រាស់ប៉ែល និងចបជីកដើម្បីគាស់ផ្នូររបស់ឪពុកបុរសឈ្មោះហយ (Hoi)។ នៅពេលជីកដល់គម្របក្ដារមឈូស គាត់ក៏ចោះមឈូសទំហំ២០សង់ទីម៉ែត្រការ៉េ ហើយដាប់យកលលាដ៍ក្បាល និងឆ្អឹងមួយចំនួនរបស់សាកសពដើម្បីយកទៅលាក់ទុកនៅកន្លែងចាក់សំរាមដែលនៅក្បែរនោះ។
នៅថ្ងៃបន្ទាប់ បុរសឈ្មោះណាមផ្ញើសារទារលុយពីប្រពន្ធរបស់បុរសឈ្មោះហយ។ អាជ្ញាធរប្រាប់ថាបុរសឈ្មោះណាម និងបុរសឈ្មោះហយត្រូវជាបងប្អូនជីដូនមួយនឹងគ្នា។ ដូច្នេះ បុរសដែលស្លាប់នៅក្នុងផ្នូរនោះត្រូវជាឪពុកមារបស់ណាម និងជាឪពុកបង្កើតរបស់ហយ។ គ្រួសារទាំង២នេះរស់នៅផ្ទះក្បែរគ្នា។ បន្ទាប់ពីចុះពិនិត្យមើលកន្លែងកើតហេតុរួច សមត្ថកិច្ចក៏ប្រមូលគ្រោងឆ្អឹងដែលលាក់ទុកនោះមកផ្គុំគ្នាឡើងវិញ និងរៀបចំពិធីបញ្ចុះសពសាជាថ្មីទៅតាមប្រពៃណី-ទំនៀមទម្លាប់៕
ចែករំលែកព័តមាននេះ