រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ ក្នុងកំឡុងពេលជាងមួយសប្តាហ៍ខាងមុខ ទឹកទន្លេមេគង្គផ្នែកខាងលើ ក្នុងប្រទេសកម្ពុជា នឹងហក់ឡើងជាបន្តបន្ទាប់ ហើយនឹងហូរចូលតាមព្រែក និងតំបន់ទំនាបនានា ដែលស្ថិតនៅអមសងខាងទន្លេមេគង្គ ។
កន្លងមក ដោយសារមានឥទ្ធិពលពីព្យុះយ៉ាកជី (Yagi) បានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ លើតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ ដែលបង្កឱ្យទឹកទន្លេមេគង្គហក់ឡើងខ្លាំង រហូតដល់មានការជន់លិច នៅផ្នែកខាងលើ នៃប្រទេសឡាវ ។
ព្យុះទី១៣ ឈ្មោះប៊ីប៊ីនកា (Bebinca) និងសម្ពាធទាប បានគ្របដណ្តប់លើឈូងសមុទ្របេងហ្គាល់ (Bay of Bengal) មានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាម៉ែន (Andaman Sea) និងឈូងសមុទ្រថៃ ខណៈសម្ពាធទាបគ្របដណ្តប់លើភាគកណ្តាល នៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា ។
ទន្ទឹមនឹងនេះ ក្នុងកំឡុងពេលជាងមួយសប្តាហ៍ខាងមុខ ទឹកទន្លេមេគង្គផ្នែកខាងលើ ក្នុងប្រទេសកម្ពុជា នឹងហក់ឡើងជាបន្តបន្ទាប់ផងដែរ ហើយនឹងហូរចូលតាមព្រែក និងតំបន់ទំនាបនានា ដែលស្ថិតនៅអមសងខាងទន្លេមេគង្គ ។
ក្រសួងធនធានទឹក និងឧតុនិយម សូមក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។
ក្រសួងធនធានទឹក និងឧតុនិយម កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ លើការវិវវត្ត នៃស្ថានភាពអាកាសធាតុ និងទឹកជំនន់ បន្តទៀត ៕
ចែករំលែកព័តមាននេះ