មនុស្សជិតកន្លះលាននាក់កើតជំងឺទឹកនោមផ្អែម ហើយជំងឺនេះសម្លា.ប់មនុស្សប្រហែលជារៀងរាល់ថ្ងៃដោយធ្វើអោយជំងឺនេះក្លាយជាសោកនាដកម្ម ដ៏គួរអោយខ្លាចមួយសម្រាប់ប្រជាជនកម្ពុជា ។
សោកនាដកម្មនេះ បានធ្វើអោយរំជួលចិត្តដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលបាននិយាយទៅកាន់អ្នកកាសែត កាលពីថ្ងៃទី១១ ខែកញ្ញាថា «តើបងប្អូនមានអារម្មណ៍អាណោចអាធ័មទេ នៅពេលឃើញនារីវ័យ៣០ឆ្នាំ មានជំងឺទឹកនោមផ្អែមភ្នែកមើលព្រិល គ្រលានខ្សោយ ដែលមានម្តាយពិការភាព ដោយគ្រោះថ្នាក់ចរាចរណ៍ ហើយបានមកកំដរកូនស្រីឈឺ ។ នេះ គឺជារឿងរ៉ាវនៃជំងឺមិនឆ្លង «ទឹកនោមផ្អែម» ដោយជំងឺនេះយើងអាចការពារបាន» ។
ជំងឺទឹកនោមផ្អែម នៅកម្ពុជាបានក្លាយជាកង្វល់សុខភាពសាធារណៈដ៏សំខាន់មួយនៅក្នុងប្រទេស ។ តាមស្ថិតិដែលគេបានប៉ាន់ប្រមាណកន្លងមកមកដល់ពេលនេះ កម្ពុជាមានប្រជាជនប្រមាណជាជាង ៤៣0.000 នាក់ ដែលមានអាយុពី២០-៧៩ឆ្នាំ កំពុងរស់នៅជាមួយជំងឺនេះស្របពេលដែលចំនួនអ្នកស្លា.ប់ដោយសារជំងឺទឹកនោមផ្អែមក៏បានកើនឡើងគួរឱ្យព្រួយបារម្ភផងដែរ ដោយឈានដល់ប្រមាណជា ៣.៣៦២ ជារៀងរាល់ឆ្នាំ ឬក៏ប្រហែល៣,៧៥ភាគរយ នៃចំនួនអ្នកស្លា.ប់របស់ប្រទេស ។
ហើយវារឹតតែគួរសោកសង្រេងទៅទៀតនោះ គឺថា គ្រាន់តែមន្ទីរពេទ្យកុមារពីរទេ នៅខែកក្កដាថ្មីៗនេះគេបានប្រកាសថា រកឃើញ កុមារជិត៧00នាក់ កើតជំងឺទឹកនោមផ្អែមនេះ ខណៈដែលពួកគេមានអាយុត្រឹមពី ៤ទៅ១៤ឆ្នាំតែប៉ុណ្ណោះ ។ កុំលេងសើចជំងឺនេះ បានកំពុងតែកើនឡើងយ៉ាងស្ងប់ស្ងាត់ ហើយវាកំពុងតែក្លាយជាបន្ទុករ៉ាប់រងដ៏ធ្ងន់ធ្ងរ សម្រាប់គ្រួសារ និងសង្គម ។
សូមយកចិត្តទុកដាក់បងប្អូននៅក្នុងប្រទេសមួយ ដែលកំពុងជួបប្រទះនឹងភាពក្រីក្រ ហើយហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពមានកម្រិត ការកើនឡើងនៃករណីជំងឺទឹកនោមផ្អែមបង្ហាញពីការគំរា.មកំហែ.ងយ៉ាងជ្រាលជ្រៅ មិនត្រឹមតែចំពោះបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែចំពោះគ្រួសារ និងសង្គមទាំងមូល ។ ការគ្រប់គ្រងជំងឺទឹកនោមផ្អែម តម្រូវឱ្យមានការចំណាយលើការថែទាំសុខភាព ឱសថ និងរបបអាហារ ដែលជាបន្ទុកចំណាយដ៏ច្រើន ។ នៅកម្ពុជាដែលមានប្រជាពលរដ្ឋជាច្រើន រស់នៅជាមួយនឹងប្រាក់ចំណូលមិនដល់៥ដុល្លារក្នុងមួយថ្ងៃ ការចំណាយលើជំងឺនេះជាបន្ទុកដ៏ធ្ងន់ធ្ងរ ។
ជំងឺនេះត្រូវការចំណាយប្រចាំថ្ងៃលើឱសថ ការទៅជួបគ្រូពេទ្យទៀងទាត់ និងអាហាររូបត្ថម្ភសមស្របសម្រាប់សមាជិកគ្រួសារ ។ កុមារដែលមានជំងឺទឹកនោមផ្អែម ត្រូវការការថែទាំ និងការយកចិត្តទុកដាក់ជាពិសេសបន្ថែមទៀត ដែលជារឿយៗដាក់បន្ទុកបន្ថែមលើឪពុកម្តាយដែលកំពុងធ្វើការយ៉ាងលំបាកក្នុងការផ្តល់សម្ភារៈចាំបាច់ជាមូលដ្ឋាន ។
ភាពតានតឹងផ្នែកហិរញ្ញវត្ថុនេះ បង្កើតជាភាពតានតឹងផ្លូវចិត្តថែមទៀតពីព្រោះវា គឺជាជំងឺមើលមិនជា ទោះបីជាវាអាចគ្រប់គ្រងបាន តាមរបបអាហារ និងការហាត់ប្រាណ ព្រមទាំងការប្រើថ្នាំ ។ ឪពុកម្តាយរបស់កុមារ ដែលមានជំងឺទឹកនោមផ្អែមអាចរស់នៅក្នុងភាពភ័យខ្លាចជានិច្ច ចំពោះកម្រិតជាតិស្ករក្នុងឈាមរបស់កូន ។
ក្រៅពីគ្រួសារវិសាលភាពនៃជំងឺទឹកនោមផ្អែម បង្កបន្ទុកសេដ្ឋកិច្ច និងសង្គមយ៉ាងច្រើនដល់សង្គមកម្ពុជា។ អង្គការសុខភាពពិភពលោកបានគូសបញ្ជាក់ជាញឹកញាប់ថា ជំងឺមិនឆ្លងដូចជា ជំងឺទឹកនោមផ្អែម គឺជាឧបសគ្គដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសដែលមានចំណូលទាប ។ ជំងឺទឹកនោមផ្អែមជារឿយៗនាំឱ្យមានផលវិបាករយៈពេលវែង រួមទាំងជំងឺបេះដូង ជំងឺខ្សោយតម្រងនោម និងការខូចខាតសរសៃប្រសាទ ដែលនាំឱ្យថយចុះផលិតភាព និងតម្លៃថែទាំសុខភាពកើនឡើង ។ សម្រាប់ប្រទេសមួយដូចជា ប្រទេសកម្ពុជាដែលកំណើនសេដ្ឋកិច្ចមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ ការកើនឡើងនៃអត្រាប្រេវ៉ាឡង់នៃជំងឺទឹកនោមផ្អែម អាចរារាំងដល់វឌ្ឍនភាព ដោយកាត់បន្ថយធនធាន និងប៉ះពាល់ដល់កម្លាំងពលកម្ម ។
ជាងនេះទៅទៀត កង្វះហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពដ៏រឹងមាំធ្វើឱ្យមានការលំបាកក្នុងការគ្រប់គ្រងករណីកើនឡើងប្រកបដោយប្រសិទ្ធភាព ។ ប្រព័ន្ធថែទាំសុខភាពរបស់កម្ពុជានៅតែខ្វះធនធាន និងខ្វះថវិកាដែលកំណត់លទ្ធភាពទទួលបានការថែទាំចាំបាច់ និងការគ្រប់គ្រងត្រឹមត្រូវនៃជំងឺទឹកនោមផ្អែម ។
សូមយកចិត្តទុកដាក់ និងលើកកម្ពស់ការប្រុងប្រយ័ត្នចំពោះជំងឺនេះពីព្រោះថា ជំងឺនេះទោះបីជាមើលវាមិនជាក៏ពិតមែន ប៉ុន្តែយើងអាចការពារបានតាមការដាក់កម្រិតលើការហូបចុក និងគ្រប់គ្រងលើការប្រើប្រាស់ជាតិស្ករ ។ សូមកុំពិសារ ឬទទួលទានភេសជ្ជៈដែលមានជាតិស្ករខ្ពស់ដូចជា ពពួកភេសជ្ជៈកំប៉ុង ពពួកភេសជ្ជៈជំនួយថាមពល គ្រឿងស្រវឹង និងដាក់កម្រិតលើការប្រើប្រាស់ជាតិស្ករឲ្យត្រឹមត្រូវសមស្របនឹងតម្រូវការសម្រាប់រាងកាយ ដើម្បីបំពេញថាមពលប្រចាំថ្ងៃ ។ ក្រៅពីនេះយើងទាំងអស់គ្នាក៏គួរតែលើកកម្ពស់ និងជំរុញការហាត់ប្រាណ ឬចលនារាងកាយពីព្រោះការហាត់ប្រាណ និងចលនារាងកាយនេះ អាចកាត់បន្ថយជាតិស្ករក្នុងឈាម និងជួយបញ្ចេញជាតិពុលពីរាងកាយផងដែរ ។
សរុបទៅជំងឺទឹកនោមផ្អែម គឺជាជំងឺមិនឆ្លង ហើយជាជំងឺដែលយើងអាចការពារខ្លួនយើង ការពារគ្រួសារយើង ការពារសហគមន៍យើងបាន គ្រាន់តែយើងត្រូវចូលរួមប្តូររបបហូបចុកប្រចាំថ្ងៃចេញខ្លះ ជាពិសេស គឺព្យាយាមកាត់បន្ថយអាហារកំប៉ុង ដែលផ្អែម ឬស្ករនៅក្នុងរបបអាហារប្រចាំថ្ងៃ ហើយនាំគ្នាហាត់ប្រាណឲ្យបានទៀតទាត់ ។ ការពារខ្លួនយើងពីជំងឺនេះក៏ដូចជា ការពារគ្រួសារយើង និងការពារសហគមន៍ ៕
ចែករំលែកព័តមាននេះ