ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​កូរ៉េ​ខាងត្បូង​ស្រក់​ទឹកភ្នែ.ក​បដិសេធ​ការ​ចោ.ទ​របស់​ចិន រឿង​កំណត់​លទ្ធផល និង​ទទួល​សំណូ.ក

1 ខែ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ កីឡាករ​បាល់ទាត់ Son Jun-ho របស់​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៤ បាន​សម្រក់​ទឹកភ្នែក​ចេញ​មុខ​បដិសេធ​រឿង​ទទួល​សំណូក…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ កីឡាករ​បាល់ទាត់ Son Jun-ho របស់​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៤ បាន​សម្រក់​ទឹកភ្នែក​ចេញ​មុខ​បដិសេធ​រឿង​ទទួល​សំណូក និង​ការ​កំណត់​លទ្ធផល​ការ​ប្រកួត កាលពី​អំឡុង​ពេល​រូបគេ​ប្រកប​អាជីព​នៅ​ក្នុង​ប្រទេស​ចិន ហើយ​បាន​ចោទប្រកាន់​ប្រទេស​ចិន​ថា​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន បន្ទាប់​ពី​កីឡាករ​រូប​នេះ​រង​បម្រាម​ពី​សកម្មភាព​បាល់ទាត់​អស់​មួយ​ជីវិត​ពី​សមាគម​បាល់ទាត់​ចិន​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters និង AFP ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា កន្លង​ទៅ​។ គួររំលឹកថា ចិន​ដាក់​ប​ម្រា​.​ម​មនុស្ស​៤៣​នាក់​ពី​បាល់ទាត់​អស់​មួយ​ជីវិត ពាក់ព័ន្ធ​២​ករណី​ធំ​ៗ

ខ្សែបម្រើ​ការពារ Son Jun-ho ដែល​ធ្លាប់​ប្រកប​អាជីព​ជាមួយ​ក្លិប Shandong Taishan នៅ​លី​គ​កំពូល​ចិន រង​ការ​ចោទប្រកាន់​ដោយ​សមាគម​បាល់ទាត់​ចិន កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៤ កន្លង​ទៅ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កំណត់​លទ្ធផល​ការ​ប្រកួត និង​ការ​ស៊ីសំណូក ហើយ​កីឡាករ​រូប​នេះ​ធ្លាប់​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​ប្រទេស​ចិន កាលពី​ខែឧសភា ឆ្នាំ​មុន​ផង​ដែរ​។ មុន​ពេល​ខ្សែបម្រើ​វ័យ​៣២​ឆ្នាំ ដែល​បាន​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​កូរ៉េ​ខាងត្បូង​នៅ World Cup ឆ្នាំ ២០២២ នៅ​កា​តា រូប​នេះ បាន​ដោះ​លែង និង​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ កាលពី​ខែមីនា ឆ្នាំ​នេះ​។

ទោះ​យ៉ាងណា​ក៏​ដោយ Son Jun-ho ខកចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​គេ​គឺជា​ម្នាក់​ក្នុង​ចំណោម​មនុស្ស​៤៣​នាក់ ដែល​ត្រូវ​សមាគម​បាល់ទាត់​ចិន​ដាក់​បម្រាម​ពី​សកម្មភាព​បាល់ទាត់​អស់​មួយ​ជីវិត កាលពី​ថ្ងៃ​ទី​១០ កញ្ញា ជុំវិញ​ការ​ចោទប្រកាន់​ការ​លេងល្បែង​ភ្នាល់​បាល់ និង​ការ​កំណត់​លទ្ធផល​ប្រកួត​នៅ​ចិន​។

ថ្លែង​ទាំង​ទឹកភ្នែក​ទៅ​កាន់​ក្រុម​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​១១ កញ្ញា Son Jun-ho បាន​និយាយ​ថា «​ខ្ញុំ​ត្រូវ​បាន​ប៉ូលិស​ចិន​គំរាមកំហែង និង​ក្រុម​គ្រួសារ​ខ្ញុំ ដើម្បី​បង្ខំ​ឱ្យ​សារភាព​។ ប៉ូលិស​ចិន​បាន​បង្ហាញ​ការ​ចោទប្រកាន់​គួរ​ឱ្យ​អស់សំណើច​។ ហើយ​ពួក​គេ​បាន​គំរាម​ថា បើ​ខ្ញុំ​មិន​សារភាព​ចំពោះ​ការ​ចោទប្រកាន់​ទេ នោះ​ប្រពន្ធ​ខ្ញុំ​នឹង​ត្រូវ​ចាប់ខ្លួន​តាម​រយៈ​ក្រសួងការបរទេស​ហើយ​នាំ​ទៅ​មន្ទីរឃុំឃាំង​ដូច​គ្នា ដើម្បី​ស៊ើបអង្កេត​ជាមួយ​ខ្ញុំ​»​។

កីឡាករ Son Jun-ho ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប Suwon FC នៅ​លី​គ​កំពូល​កូរ៉េ​ខាងត្បូង​បន្ត​ថា ខ្លួន​មិន​ត្រូវ​បាន​ផ្តល់​កា​របក​ប្រែជា​ភាសា​កូរ៉េ​គ្រប់គ្រាន់ ឬ​ទទួល​បាន​មេធាវី​នោះ​ទេ ហើយ​នៅ​ពេល​ដែល​ដឹង​នោះ​គឺ ប៉ូលិស​ចិន​កំពុង​ចោទប្រកាន់​ខ្លួន​ពី​បទ​ស៊ីសំណូក ដែល​ធ្វើ​ឱ្យ​គេ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង មុន​ពេល​ខ្លួន​ត្រូវ​បាន​បុគ្គលិក​ក្រៅ​រដ្ឋ​ឃុំខ្លួន​ពី​បទ​សង្ស័យ​ទទួល​សំណូក ដោយ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​។ Son បន្ថែម​ថា «​ដោយ​ភ័យ​ខ្លាច និង​បារម្ភ​ចំពោះ​សុវត្ថិភាព​គ្រួសារ​ខ្ញុំ ខ្ញុំ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​សារភាព​ចំពោះ​ការ​ចោទប្រកាន់​ដែល​ខ្ញុំ​មិន​បាន​យល់​ថា​ជា​អ្វី គឺ​ខ្ញុំ​គ្រាន់តែ​គិត​ពី​ការ​ត្រឡប់​ទៅ​ជុំ​គ្រួសារ​ខ្ញុំ​វិញ​ឱ្យ​ឆាប់រហ័ស​ប៉ុណ្ណោះ​»​។

កីឡាករ​រូប​នេះ​បន្ថែម​ចុង​ក្រោយ​ថា «​ប៉ូលិស​ចិន​គួរតែ​បញ្ចេញ​ឯកសារ​សំឡេង​នៃ​ការ​សួរ​ចម្លើយ​របស់ខ្ញុំ ដើម្បី​បង្ហាញ​ពី​របៀប​ដែល​ពួក​គេ​បង្ខិតបង្ខំ​ខ្ញុំ​ឱ្យ​សារភាព​។ ភស្តុ​តាង​តែ​មួយ​គត់​ដែល​ពួក​គេ​មាន​គឺ​ការ​សារភាព​មិន​ពិត​របស់ខ្ញុំ ដែល​ទទួល​បាន​តាម​រយៈ​ការ​រង​សម្ពាធ​យ៉ាង​ខ្លាំង​នៃ​យុទ្ធសាស្ត្រ​សួរ​ចម្លើយ​ពី​ដំបូង​របស់​ពួក​គេ​»​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ចំពោះ​សំណើសុំ​អត្ថាធិប្បាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP នោះ​ទេ​។ ស្រប​ពេល​អាជ្ញាធរ​ចិន​មិន​ទាន់​មានការ​ឆ្លើយ​តប​ណាមួយ ជុំវិញ​ការ​ចោទប្រកាន់​របស់​កីឡាករ Son Jun-ho ផង​ដែរ​។

គួរ​ឱ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ចិន ស៊ី ជី​ន​ពីង (Xi Jinping) រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​បាន​ពង្រឹង​ការ​បង្ក្រាប​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​កីឡា​របស់​ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជា​ពិសេស​កីឡាបាល់ទាត់ ដោយ​បាន​ចាប់​មន្ត្រី​កំពូល​ៗ​ជា​ច្រើន​នាក់​ដាក់​ពន្ធនាគារ​ផង​ដែរ​។

លោក ស៊ី គឺជា​អ្នកគាំទ្រ​បាល់ទាត់​ម្នាក់​ផង​ដែរ ហើយ​លោក​ធ្លាប់​បាន​សារភាព​ថា​មាន​សុបិន​ចង់ឱ្យ​ប្រទេស​ចិន​ធ្វើ​ជា​ម្ចាស់ផ្ទះ និង​ឈ្នះ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​។ ប៉ុន្តែ​មហិច្ឆតា​នោះ​ហាក់​នៅ​ឆ្ងាយ​ជាង​ពេល​ណា​ៗ​ទាំងអស់ បន្ទាប់​ពី​មានរឿង​អាស្រូវ​ពុក​រលួយ​ជា​បន្តបន្ទាប់ និង​លទ្ធផល​ខកចិត្ត​ជា​ច្រើន​ឆ្នាំ​នៅ​លើ​ទីលាន​ប្រកួត​ជាក់ស្តែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ