ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ដាក់​បម្រា.ម​មនុស្ស​៤៣​នាក់​ពី​បាល់ទាត់​អស់​មួយ​ជីវិត ពាក់ព័ន្ធ​២​ករណី​ធំ​ៗ

3 អាទិត្យ មុន

ប្រទេស​ចិន ៖ សមាគម​កីឡាបាល់ទាត់​ចិន កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ដាក់​បម្រាម​លើ​មនុស្ស​ចំនួន​៤៣​នាក់​ពី​សកម្មភាព​បាល់ទាត់​អស់​មួយ​ជីវិត ជុំវិញ​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​ការ​លេងល្បែង​ភ្នាល់​បាល់ និង​ការ​រៀបចំ​លទ្ធផល​ការ​ប្រកួត​។ ហើយ​បើ​តាម​ប្រភព​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បានឱ្យ​ដឹង​ថា…

ប្រទេស​ចិន ៖ សមាគម​កីឡាបាល់ទាត់​ចិន កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ដាក់​បម្រាម​លើ​មនុស្ស​ចំនួន​៤៣​នាក់​ពី​សកម្មភាព​បាល់ទាត់​អស់​មួយ​ជីវិត ជុំវិញ​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​ការ​លេងល្បែង​ភ្នាល់​បាល់ និង​ការ​រៀបចំ​លទ្ធផល​ការ​ប្រកួត​។ ហើយ​បើ​តាម​ប្រភព​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បានឱ្យ​ដឹង​ថា នៅ​ក្នុង​នោះ​រួម​ទាំង​អតីត​កីឡាករ​ជម្រើស​ជាតិចិន​៣​នាក់ និង​កីឡាករ​ជនជាតិ​កូរ៉េ​ខាងត្បូង Son Jun-ho ផង​ដែរ​។

ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ប្រទេស​ចិន​បាន​ប្រកាស​ថា ការ​ដាក់​បម្រាម​លើ​មនុស្ស​៤៣​នាក់​ភាគច្រើន​ជា​កីឡាករ ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​សរុប​ចំនួន ១២៨​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ស៊ើបអង្កេត​រយៈពេល​២​ឆ្នាំ លើ​ការ​លេងល្បែង​ភ្នាល់​បាល់​ខុសច្បាប់ និង​ការ​រៀបចំ​លទ្ធផល​ការ​ប្រកួត​ក្នុងស្រុក​។ ប្រភព​ពី​ភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ី​ន​ហួរ​បានឱ្យ​ដឹង​ថា ការ​ស៊ើបអង្កេត​រក​ឃើញ​ថា ការ​ប្រកួត​ចំនួន​១២០​ប្រកួត​បាន​រៀបចំ​លទ្ធផល​។ ប៉ុន្តែ​របាយការណ៍​មិន​បាន​បញ្ជាក់​ថា តើ​ការ​ប្រកួត​ទាំងអស់​នៅ​ក្នុង​ប្រទេស​ចិន ឬ​យ៉ាងណា​នោះ​ទេ​។

ការ​ដាក់​បម្រាម​នេះ បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​មុន​ការ​ប្រកួត​ជម្រុះ World Cup 2026 ប្រចាំ​ទ្វីបអាស៊ី គឺជា​ការ​ប្រកួត​ទី​២​ក្នុង​ពូ​ល C ដែល​ម្ចាស់ផ្ទះ​ចិន​បាន​ចាញ់​អា​រ៉ា​ប៊ី​សា​អូឌីត​ដោយ​លទ្ធផល ២-១ និង​ក្រោយ​ការ​ប្រកួត​បើក​ឆាក​ពូ​ល កាលពី​ស​ប្តា​ហ៍​មុន ដែល​ចិន​បាន​រង​បរាជ័យ​យ៉ាង​អាម៉ាស់​នៅ​ក្នុង​លទ្ធផល ៧-០ ក្រោម​ថ្វី​ជើង​ម្ចាស់ផ្ទះ​ជប៉ុន បង្ក​ឱ្យ​អ្នកគាំទ្រ​ចិន​ខឹងសម្បារ​យ៉ាង​ខ្លាំង​។

សមាគម​បាល់ទាត់​ចិន​បាន​ចោទប្រកាន់​កីឡាករ Son Jun-ho ដែល​ធ្លាប់​លេង​ឱ្យ​ក្លិប Shandong Taishan នៅ​លី​គ​កំពូល​របស់​ចិន​ថា ជាប់​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​លទ្ធផល​ការ​ប្រកួត និង​ទទួល​សំណូក​។ ខ្សែបម្រើ​អន្តរជាតិ​កូរ៉េ​ខាងត្បូង​រូប​នេះ បាន​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ កាលពី​ខែមីនា​ឆ្នាំ​នេះ បន្ទាប់​ពី​ត្រូវ​បាន​ឃុំខ្លួន​អស់​រយៈពេល​១០​ខែ​នៅ​ក្នុង​ប្រទេស​ចិន​។ ក្រៅពី​នោះ អតីត​កីឡាករ​ក្រុម​ជម្រើស​ជាតិចិន Jin Jingdao ដែល​ធ្លាប់​លេង​ឱ្យ​ក្លិប Shandong Taishan ក៏​ស្ថិត​ក្នុង​បញ្ជី​បុគ្គល​ជាប់​បម្រាម​ពី​សកម្មភាព​បាល់ទាត់​អស់​មួយ​ជីវិត​ផង​ដែរ​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា កីឡាបាល់ទាត់​នៅ​ក្នុង​ប្រទេស​ចិន បាន​ជួប​ប្រទះ​នឹង​អំពើ​ពុក​រលួយ​អស់​ពេល​ជា​យូរ​មក​ហើយ ដែល​ដើមចម​អ្នកគាំទ្រ​បាន​ស្តីបន្ទោស​ចំពោះ​ការ​ធ្វើ​មិន​បាន​ល្អ​របស់​ក្រុម​ជម្រើសជាតិ​ផ្នែក​បុរស​។ ប្រទេស​ចិន​បាន​បង្កើន​ការ​បង្ក្រាប​អំពើ​ពុក​រលួយ​ដែល​ទាក់ទង​នឹង​បាល់ទាត់​។ តួយ៉ាង លោក Chen Xuyuan អតីត​ប្រធាន​សមាគម​បាល់ទាត់​ចិន កាលពី​ខែមីនា ឆ្នាំ​២០២៤ ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ទទួល​សំណូក និង​ត្រូវ​បាន​ដកហូត​សិទ្ធិ​នយោបាយ​អស់​មួយ​ជីវិត និង​រឹបអូស​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ទាំងអស់​ផង​ដែរ​។

ក្រោយមក​ទៀត ពោល​កាលពី​ខែសីហា​កន្លង​ទៅ អតីត​អនុប្រធាន​សមាគម​បាល់ទាត់​ចិន ក៏​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១១​ឆ្នាំ​ពី​បទ​ទទួល​សំណូក ហើយ​អតីត​ប្រធាន​នាយកដ្ឋាន​រៀបចំ​ការ​ប្រកួត​ក៏​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ​ផង​ដែរ សម្រាប់​បទល្មើស​ដូច​គ្នា​៕ (​ប្រភព ៖ AFP និង CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ