ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​តាម​ការ​ព្យាករណ៍​នានា​របស់​ស្ថាប័ន​រដ្ឋាភិបាល​ក៏​ដូច​ជា​អង្គការ​និង​ធនាគារ​ហិរញ្ញវត្ថុ​ធំ​ៗ​សុទ្ធតែ​បញ្ជាក់ អំពី​ស្ថានភាព​សុខភាព​នៃ​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា​ថា​នៅ​ក្នុង​លក្ខខណ្ឌ​មួយ​ប្រសើរ នៅ​ក្នុង​អត្រាកំណើន​ពី ៥,៦​ទៅ ៦​ភាគរយ តាម​មូលដ្ឋាន​សេដ្ឋកិច្ច​ដែល​គេ​បាន​ទទួលយក​មក​វិភាគ​។ នេះ​ជា​តួលេខ​ល្អ ប៉ុន្តែ ស្ថានភាព​ជីវភាព​របស់​ប្រជាជន​ដែល​ប្រកប​មុខរបរ​តូចតាច​នៅ​តែ​មានការ​លំបាក​នៅឡើយ​។ ប៉ុន្តែ​នៅ​កម្រិត​មីក្រូសេដ្ឋកិច្ច…

បើ​តាម​ការ​ព្យាករណ៍​នានា​របស់​ស្ថាប័ន​រដ្ឋាភិបាល​ក៏​ដូច​ជា​អង្គការ​និង​ធនាគារ​ហិរញ្ញវត្ថុ​ធំ​ៗ​សុទ្ធតែ​បញ្ជាក់ អំពី​ស្ថានភាព​សុខភាព​នៃ​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា​ថា​នៅ​ក្នុង​លក្ខខណ្ឌ​មួយ​ប្រសើរ នៅ​ក្នុង​អត្រាកំណើន​ពី ៥,៦​ទៅ ៦​ភាគរយ តាម​មូលដ្ឋាន​សេដ្ឋកិច្ច​ដែល​គេ​បាន​ទទួលយក​មក​វិភាគ​។ នេះ​ជា​តួលេខ​ល្អ ប៉ុន្តែ ស្ថានភាព​ជីវភាព​របស់​ប្រជាជន​ដែល​ប្រកប​មុខរបរ​តូចតាច​នៅ​តែ​មានការ​លំបាក​នៅឡើយ​។

ប៉ុន្តែ​នៅ​កម្រិត​មីក្រូសេដ្ឋកិច្ច ជាក់ស្តែង​ពលរដ្ឋ​ជា​ច្រើន​នៅ​តែ​រអ៊ូរទាំ​រឿង​ការ​ធ្លាក់​ចុះ​ចំណូល និង ពិបាក​នៅ​ក្នុង​ការ​ប្រកប​របរ​ទទួលទាន ដូច្នេះ​រដ្ឋាភិបាល​ប្រហែលជា​ត្រូវ​ហត់​បន្ថែម​ទៀត ។

ផ្អែក​តាម​ទិន្នន័យ ដែល​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​បង្ហាញ​កាលពី​ថ្ងៃ​អង្គា​រ៍​កន្លង​ទៅ​នេះ​បាន​ឲ្យ​ដឹង​ថា ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​នៅ​ក្នុង​រយៈពេល​៨​ខែ​នៃ​ឆ្នាំ​២០២៤ មាន​តម្លៃ​សរុប ដល់​ទៅ ៣៦,៤៨ ពាន់​លាន​ដុល្លារ កើនឡើង ១៦,៥ ភាគរយ​ធៀប​នឹង​ទំហំ ៣១,៣២ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ដោយឡែក​ការ​នាំ​ចេញ​សរុប​របស់​ព្រះរាជាណាចក្រ​នៅ​ក្នុង​រយៈពេល​ដដែល​មាន​ទំហំ​ប្រហែលជា​១៧,៥៨ ពាន់​លាន​ដុល្លារ កើនឡើង​ប្រមាណ​ជា​១៦,៧​ភាគរយ ហើយ​ការ​នាំ​ចូល​វិញ​មាន​តម្លៃ​សរុប​មាន​តម្លៃ ១៨,៩​ពាន់​លាន​ដុល្លារ កើនឡើង ១៦,២ ភាគរយ​។

របាយការណ៍​បាន​បង្ហាញ​ថា ប្រទេស​ចិន​នៅ​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​កម្ពុជា​ក្នុងអំឡុងពេល​នោះ បន្ទាប់​មក​គឺ​សហរដ្ឋអាមេរិក វៀតណាម ថៃ និង​ជប៉ុន ហើយ​ប្រទេស​ខ្លះ​កម្ពុជា​អាច​សម្រេច​បាន​រហូត​ដល់ មាន​តុល្យភាព​រវាង​ការ​នាំ​ចេញ​និង​នាំ​ចូល​ថែម​ទៀត​ផង ។

ដោយឡែក​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​សេដ្ឋកិច្ច​នៃ​កម្ពុជា​វិញ​បាន​បង្ហាញ​ថា ១​ឆ្នាំ​នៃ​អណ​ត្តិ​នៃ​រាជរដ្ឋាភិបាល​ទី​៧ នេះ​កម្ពុជា​អាច​សម្រេច​បានការ​ទាក់ទាញ​វិនិយោគ​សរុប​ជាង ៧,៥​ពាន់​លាន​ដុល្លារ ។ ជា​ពិសេស នៅ​ក្នុង​មួយ​ខែសីហា​កន្លង កម្ពុជា​អាច​ទាក់ទាញ បាន​ទទួល​គម្រោង​វិនិយោគ​សរុប​ដែល​មាន​តម្លៃ​ដល់​ទៅ ១,២ ពាន់​លាន​ដុល្លារ​ឯណោះ ដែល​ទំហំ​នេះ​គឺ​បាន​បង្កើត​ការងារ​ធ្វើ​ដល់​ទៅ ៣៣.០០០ កន្លែង ពោល​គឺ​មានការ​កើនឡើង​ខ្លាំង​បើ​ធៀប​នឹង​ខែ​ផ្សេង​ៗ​កន្លង​មក ។

ក្រៅពី​នោះ ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​បរទេស​ក៏​បាន​ទទួល​កំណើន​គួរសម​ផង​ដែរ ដោយ ៧​ខែ​ដើមឆ្នាំ ២០២៤ កម្ពុជា​អាច​មាន​សមត្ថភាព​ស្រូប​និង ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​បាន​ដល់​ទៅ​ជាង ៣,៧៤ លាន​នាក់ មាន​កំណើន​កើនឡើង ដល់​ទៅ ២៣,២ ភាគរយ​។

ទាំងនេះ​គឺជា​កត្តា​មោទនៈភាព​ដ៏​សម្បើម​ដែល​កម្ពុជា​អាច​សម្រេច​បាន​នៅ​ក្នុង​រយៈពេល ៧ ទៅ ៨ ខែ​កន្លង​មកនេះ ហើយ​សង្ឃឹមថា នឹង​កាន់តែ​ប្រសើរ​ថែម​ទៀត​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ដែល​នៅ​សល់ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ អត្រា​ឥណទាន​មិន​ដំណើរការ​ជា​ពិសេស​គឺ​របស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​បាន​បន្ត​កើនឡើង​ដល់​ជាង ៨ ភាគរយ ស្រប​ពេល​ដែល​វិស័យ​សំណង់​និង​អចលនទ្រព្យ​នៅ​តែ​បន្ត​នៅ​ក្នុង​ស្ថានភាព​ទុនខ្សោយ​នៅឡើយ​នោះ ។

កត្តា​ទាំងនេះ​ហើយ​ដែល​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​រកស៊ី​តូច​តាម​នៅ​តាម​ទីផ្សារ​នៅ​ក្នុងស្រុក តាម​ចិញ្ចើម​ផ្លូវ តាម​ទី​សាធារណៈ អ្នក​រកស៊ី​ដឹក​ជញ្ជូន មួយ​ចំនួន​បាន​ត្អូញត្អែរ​អំពី​ការ​ធ្លាក់​ចំណូល និង លំបាក​នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ។ អ្នកលក់​នៅ​តាម​ផ្សារ​រអ៊ូរទាំ​ថា ស្ងាត់​មិនសូវ​មាន​អ្នកទិញ អ្នក​ដឹក​ជញ្ជូន ថា អ្នក​ប្រកប​របរ​នេះ​ច្រើន​ពេក ភ្ញៀវ​ឫ​អតិថិជន​តិច​ជា​ហេតុ​ពួក​គេ​នៅ​ក្នុង​ស្ថានភាព​ដណ្តើម​គ្នា​រស់​។ នេះ​សំណាង​ហើយ​ដែល​ប្រេងឥន្ធនៈ​នៅ​ក្នុង​មួយ​រយៈ​នេះ​ហាក់​មាន​លំនឹង​បន្តិច​ឡើង​ឫ​ចុះ​មិន​ខ្លាំង បើ​មិន​ដូច្នេះ​ទេ ការ​រអ៊ូរទាំ​នឹង​កាន់តែ​ខ្លាំង​ថែម​ទៀត​។

នៅ​ក្នុង​ស្ថានភាព​នេះ​រដ្ឋាភិបាល​ប្រហែលជា​នឹង​ត្រូវ​ហត់នឿយ​ខ្លាំង ដើម្បី​ដោះស្រាយ​កង្វល់​អំពី​បញ្ហា​នៃ​ស្ថានភាព​មីក្រូសេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ។ ទោះបី​មាន​កំណើន​ម៉ាក្រូសេដ្ឋកិច្ច​ជា​វិជ្ជមាន​ក៏​ដោយ បើ​មីក្រូ​មិន​ប្រសើរ​ក៏​វា​មិនមែន​ជា​ស្ថាន​ភាពល្អ​ដែរ ដូច្នេះ កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងអស់​គ្នា​គឺ​ចាំបាច់​ត្រូវ​តែ​ចាត់​វិធាន ការ​ដើម្បី​ធានា​ថា​អត្ថប្រយោជន៍​នៃ​កំណើន​នេះ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​។

អត្រាកំណើន ពី ៥,៦ ទៅ ៦ ភាគរយ​កំពុង​មាន​សន្ទុះ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ផ្តោត​លើ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច ដែល​ធ្វើ​អោយ​ប្រសើរ​ឡើង​ដោយ​ផ្ទាល់​នូវ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ទូទៅ ។

រដ្ឋាភិបាល​គួរតែ​ធ្វើការ​ជាមួយនឹង​វិស័យ​ឯកជន ដាក់​ចេញ​នូវ​គ្រប់​យន្តការ​នានា​ដើម្បី​ធានា​បាន​ឲ្យ​កម្មករ និង​និយោជិត​ទទួល​បាន​នូវ​ប្រាក់​ឈ្នួល​កាន់តែ​សមរម្យ ឆ្លើយ​តប​នឹង​តម្រូវការ​សេដ្ឋកិច្ច​គ្រួសារ​តាម​រយៈ ការ​បង្កើត​ស្តង់ដារ​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​កាន់តែ​ទូលំទូលាយ និង​ការ​ពង្រឹង​សិទ្ធិ​ការងារ​អាច​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ការ​ពេញចិត្ត​ការងារ និង​កាត់​បន្ថយ​ការ​ត្អូញត្អែរ​អំពី​ប្រាក់​ចំណូល​ទាប​។

ក្រៅពី​នេះ​រដ្ឋាភិបាល​និង​អ្នក​ដែល​ពាក់ព័ន្ធ​គួរ​បន្ត​លើកកម្ពស់​កម្មវិធី​សុខុមាលភាព​សង្គម​ដែល​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ឫ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប មាន​លទ្ធភាព​ទទួល​បានការ​សេវា​ថែទាំ​សុខភាព​កាន់តែ មាន​តម្លៃ​សមរម្យ ប្រសិទ្ធភាព និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ដែល អាច​ជួយ​សម្រាល​សម្ពាធ​សេដ្ឋកិច្ច​ភ្លាម​ៗ​ដែល​គ្រួសារ​ជា​ច្រើន​ប្រឈម​មុខ​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។

បន្ត​ការ​វិនិយោគ​លើ​កម្មវិធី​អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ជា​កម្មវិធី​ផ្តល់​អំណាច​ដល់​មនុស្ស​ក្នុង​ការ​ស្វែងរក​ការងារ​ដែល​មាន​ប្រាក់ខែ​កាន់តែ​ប្រសើរ និង​កាត់​បន្ថយ​វិសមភាព​ប្រាក់​ចំណូល​។ ពង្រឹង​និង​បន្ត​លើកកម្ពស់​កម្មវិធី​គោលដៅ​ដល់​កម្មករ​ដែល​មាន​ជំនាញ ជា​ពិសេស​នៅ​តំបន់​ជនបទ នឹង​អនុញ្ញាត​ឱ្យ​ពួក​គេ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​វិស័យ​ដែល​មាន​តម្លៃ​ខ្ពស់​។

សូម​បង្កើន​និង​បង្កើត​បរិយាកាស​លើកទឹកចិត្ត​ដល់​សហគ្រិនភាព និង​អាជីវកម្ម​ខ្នាត​តូច តាម​រយៈ​ការ​សម្របសម្រួល ការ​ផ្តល់​កម្ចី​ខ្នាត​តូច ជំនួយ និង​ការ​ណែនាំ​ដល់​សហគ្រិន​ដែល​មាន​សេចក្តី​ប្រាថ្នា​អាច​ជួយ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​បង្កើត​ឱកាស​ការងារ​កាន់តែ​ច្រើន​។ តាម​រយៈ​ការ​ជំរុញ​វប្បធម៌​នៃ​ការ​ច្នៃប្រឌិត និង​ការងារ​ដោយ​ខ្លួនឯង ប្រជាពលរដ្ឋ​អាច​មានការ​គ្រប់គ្រង​កាន់តែ​ច្រើន​លើ​សក្តានុពល​ប្រាក់​ចំណូល​របស់​ពួក​គេ​។

ហើយ​ចំណុច​សំខាន់​ដែរ​នោះ​គឺ​លើកកម្ពស់​ការ​សន្ទនា​ដោយ​បើកចំហរ​រវាង​រដ្ឋាភិបាល និយោជក និង​ប្រជាពលរដ្ឋ ។ ការ​ស្តាប់​កង្វល់​របស់​សាធារណជន និង​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងនោះ អាច​ជួយ​កសាង​ទំនុកចិត្ត និង​កាត់​បន្ថយ​ការ​ត្អូញត្អែរ​។

ផ្អែក​តាម​ទឡ្ហីករណ៍​ទាំង​ពីរ​ករណី​នេះ អ្វី​ៗ​នឹង​ប្រសើរ ហើយ​រាជរដ្ឋាភិបាល​សង្ឃឹមថា នឹង​ខិតខំ​ពង្រឹង​អ្វី​ដែល​កំពុង​តែ​ប្រសើរ ហើយ ត្រូវ​ពង្រឹង​អ្វី​ដែល​ជា​បញ្ហា​ដោយ​ដាក់​ចេញ​នូវ​ដំណោះស្រាយ​ប្រកបដោយ​តម្លាភាព​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សង្គម​កម្ពុជា​បិទ​បញ្ចប់​ឆ្នាំ​នៅ​ក្នុង​ស្ថានភាព​រីករាយ​ទាំងអស់​គ្នា ។ តាម​រយៈ​ការ​ផ្តោត​លើ​យុទ្ធសាស្ត្រ​ទាំងនេះ កម្ពុជា​អាច​ធានា​ថា កំណើនសេដ្ឋកិច្ច​ប្រែ​ក្លាយទៅជា​ភាព​ប្រសើរ​ឡើង​ជាក់ស្តែង​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ