ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

តើ​មាន​ជម្លោះ​ជាមួយ​អ្នក​ជិតខាង​ណា ដែល​ធ្វើ​អោយ​អ្នក​សប្បាយចិត្ត​ទេ? មុន​ឆ្លើយ​សូម​ចំណាយពេល ៥ វិនាទី ដើម្បី​គិត​ដ៏​សម​ហេតុផល ។ ចម្លើយ​១០០​ភាគរយ គឺ​ជម្លោះ​ជាមួយ​អ្នក​ជិតខាង មិន​នាំ​មក​នូវ​សេចក្តីសុខ​នោះ​ទេ…

តើ​មាន​ជម្លោះ​ជាមួយ​អ្នក​ជិតខាង​ណា ដែល​ធ្វើ​អោយ​អ្នក​សប្បាយចិត្ត​ទេ? មុន​ឆ្លើយ​សូម​ចំណាយពេល ៥ វិនាទី ដើម្បី​គិត​ដ៏​សម​ហេតុផល ។ ចម្លើយ​១០០​ភាគរយ គឺ​ជម្លោះ​ជាមួយ​អ្នក​ជិតខាង មិន​នាំ​មក​នូវ​សេចក្តីសុខ​នោះ​ទេ ។

យើង​មិន​ឈ្លោះ​មិនមែន​មាន​ន័យ​ថា យើង​អោយ​គេ​ជាន់​យើង​រហូត​ទេ ។ យើង​ត្រូវ​តែ​រក​ដំណោះស្រាយ​ដោយ​សន្តិភាព ហើយ​យើង​មិន​អោយ​បញ្ហា​ដុត​យើង​អោយ​មាន​អារម្មណ៍​ខឹង ឬ​ស្អប់​ឡើយ ។ នៅ​ពេល​ដែល​ដៃគូ​ចរចា​ពី​នាក់ ធ្វើការ​ចរចា​ដោយ​ចាត់​ទុក​គ្នា​ជាស​ត្រូវ​ទៅ​ហើយ​នោះ ឱកាស​ជោគជ័យ​នៃ​ការ​ចរចា​គឺ​មាន​តិចតួច ប៉ុន្តែ​បើ​យើង​ចូល​តុ ច​ចារ​ដោយ​មិត្តភាព ឱកាស​ចរចា​ជោគជ័យ​នឹង​កើនឡើង ដោយសារ​ភាគី​ទាំង​សងខាង​បង្ហាញ​ការ​យល់ចិត្ត​គ្នា បង្ហាញ​ការ​ចង់បាន​រៀង​ៗ​ខ្លួន​ឆ្ពោះទៅ​រក​ដំណោះស្រាយ​រួម ។

ព្រះ​គ្រូ ជួន កក្កដា មាន​ថេរ​ដីកា​ថា «​ក្តី​ក្រោធ​បំផ្លាញ​សេចក្តីសុខ ក្នុង​ចិត្ត​អ្នក​ដំបូង​គេ​» ។ ដូច្នេះ​ពេល​មាន​បញ្ហា សូម​ព្យាយាម​កុំ​ខឹង ហើយ​ព្យាយាម​រក​ដំណោះស្រាយ​បញ្ហា​នោះ​ជាមួយ​អ្នក​ជិតខាង​របស់​យើង ។ ឥឡូវ​យើង​មើល​អោយ​ធំ​កម្រិត​ប្រទេស​វិញ តើ​កម្ពុជា​មាន​ផល​ចំណេញ​ទេ ពី​ជម្លោះ​ជាមួយ​ប្រទេស​ជិតខាង គឺ​វៀតណាម ថៃ និង​ឡាវ កន្លង​មក ។ ប្រវត្តិសាស្ត្រ​បង្ហាញ​ថា វា​មាន​តែ​ការ​ខាតបង់​ប៉ុណ្ណោះ​ពី​ជម្លោះ ។ ជា​ការ​ពិត​បញ្ហា​ជា​ច្រើន អាច​កើត​មាន​រវាង​អ្នក​ជិតខាង ។ ប៉ុន្តែ​យើង​មិន​ត្រូវ​យក​បញ្ហា​មក​ដុត​អារម្មណ៍​យើង​អោយ​ស្អប់ អោយ​ខឹង នឹង​អ្នក​ជិតខាង​ឡើយ ។ ការ​រក្សា​ទំនាក់ទំនង​ល្អ ជាមួយ​អ្នក​ជិតខាង គឺជា​កត្តា​ដ៏​សំខាន់​ដែល​យើង​ទាំងអស់​គ្នា​គួរតែ​យកចិត្តទុកដាក់ ហើយ​ដាច់ខាត​កុំ​មើលងាយ ឬ​មើល​ស្រាល​ដល់​ទំនាក់ទំនង​នេះ ហើយ​ជះ​កំហឹង ឬ​ស្អប់ ពីព្រោះ​ទំនាស់​នេះ រមែង​អត់​ចំណេញ​ដល់​យើង​ឡើយ ដូច្នេះ​យើង​ទាំងអស់​គ្នា គួរតែ​រក្សា​ទំនាក់ទំនង​ល្អ​ឲ្យ​បាន​គ្រប់​កម្រិត​មិត្តភក្តិ សហគមន៍ ជា​រហូត​ដល់​ថ្នាក់​ប្រទេស​ជាតិ ។

នៅ​ក្នុង​សង្គម​រស់នៅ​ប្រចាំ​ថ្ងៃ នា​ពេល​បច្ចុប្បន្ន​ទំនាស់ បាន​កើត​មាន​ច្រើន​រវាង​អ្នក​ជិតខាង ដោយសារ​តែ​កត្តា​លើសលួស​មួយ​ចំនួន តាំងពី​បញ្ហា​ដ៏​សាមញ្ញ​ផ្សេង​ៗ​ដូច​ជា សត្វ​ចិញ្ចឹម ដាំ​ដើមឈើ បញ្ហា​សំឡេង​រំខាន បញ្ហា​ក្មេង​លេង​ជា​ជាមួយ​គ្នា បញ្ហា​ក្លិន បញ្ហា​ជម្រាប​ទឹក ពោល គឺ​មួយ​រយ​ជំពូក ប៉ុន្តែ​ប្រសិនបើ​យើង​យក​បញ្ហា​ទាំងនេះ មក​សន្សំ​នៅ​ក្នុង​ចិត្ត​វា​នឹង​កើត​ទៅ​ជា​បញ្ហា​គំនុំ និង​សម្អប់​នោះ​យើង​នឹង​អន្តរាយ​ជា​មិន​ខាន ។

មក​ដល់​ពេល​នេះ មាន​ទឡ្ហីករណ៍​ជា​ច្រើន​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​កម្ពុជា​ដែល​ទំនាស់​អស់បុណ្យអស់ស័ក្តិ​អស់​យស គឺ​ដោយសារ​តែ​ករណី​ទំនាស់​នឹង​អ្នក​ជិតខាង​នេះឯង ។ ដូច​ជា ករណី លោក ស្រី ស៊ី​ណា ដែល​កំពុង​តែ​រស់នៅ​ក្នុង​ពន្ធនាគារ ព្រោះតែ​ដើមចម​នៃ​ទំនាស់​អ្នក​ជិតខាង ។ អ្នកខ្លះ​ទៀត គឺ​មើល​មុខ​គ្នា​មិន​ចំ ព្រោះតែ​ជម្លោះ​នេះ ហើយ​ត្រូវ​ខាំមាត់​រស់នៅ​ទាំង​មួហ្មង ឬរ​ង្គា​ស​នៅ​ក្នុង​ចិត្ត ហើយ​អ្នកខ្លះ​ទៀត​សុខចិត្ត​រើ​ផ្ទះ​រើ​សម្បែង​ដោយសារ​តែ​ករណី​នេះ ។

ជា​ទូទៅ​ទំនាស់​រវាង​អ្នក​ជិតខាង​នេះ វា​កើតឡើង​មក​តូចតាច​ទេ ប៉ុន្តែ​ចេះ​តែ​សន្សំ​នៅ​ក្នុង​ចិត្ត​បន្តិច​ម្តង​ៗ​ក៏​កើត​ទៅ​ជា​គំនិត នៅ​ក្នុង​ចិត្ត​រហូត​ដល់​សម្រេចចិត្ត​ខុស​ក៏​មាន ។ កុំ​មោហៈ​ទោសៈ​នឹង​បញ្ហា​នេះ​នៅ​ក្នុង​នាម​ជា​អ្នក​ជិតខាង​នឹង​គ្នា លើសខ្វះ​បន្តិចបន្តួច សូម​អត់ឱន យោគយល់ ដោយ​ឱនលំទោន​ញញឹម​ដាក់​គ្នា ហើយ​ប្រាប់​គ្នា​ដោយ​ត្រង់​ៗ ។ មាន​អ្វី​បន្តិចបន្តួច ដើម្បី​ជា​រឿង​ទំនាក់ទំនង​ល្អ​អាច​ហុច​គ្នា​ទៅ​វិញ​ទៅ​មក ញញឹម​ដាក់​គ្នា​អាច​សួរ​អាច​ស្តី ឲ្យ​បាន​ញឹកញាប់ ។ មនុស្ស​ដែល​មាន​ទំនាក់ទំនង​ល្អ គឺរ​ស់នឹង​ស្នាមញញឹម​នេះឯង ។

សូមកុំ​ភ្លេច​ថា ទំនាក់ទំនង​វិជ្ជមាន រវាង​អ្នក​ជិតខាង​អាច​នាំ​ទៅ​រក​ការ​រីក​ចម្រើន និង​វិបុលភាព​ទៅ​វិញ​ទៅ​មក ហើយ​ក៏​អាច​ជា​របង និង​ភ្នែក​ច្រមុះ​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ ។ ចំណែក​ភាព​ច្របូកច្របល់​ច្រើន តែ​បណ្តាល​ឱ្យ​មាន​ជម្លោះ និង​ការ​បាត់បង់ ដែល​មិន​ចាំបាច់​។

ការ​រក្សា​បាន​នូវ​ទំនាក់ទំនង​ល្អ ជាមួយ​អ្នក​ជិតខាង​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ទំនាក់ទំនង​ល្អ​នៅ​ក្នុង​សហគមន៍ និង​ការ​កសាង​ភាតរភាព​នៅ​ក្នុង​សង្គម ។ ជា​រឿយ​ៗ អ្នក​ជិតខាង គឺជា​ប្រភព​នៃ​ទី​ពុំនាក់​ទី​មួយ អំឡុង​ពេល​មាន​អាសន្ន ឬ​គ្រោះអាសន្ន​ណាមួយ​កើត​មាន​ឡើង ដោយ​ចៃដន្យ ដែល​អត់​ព្រៀង​ទុក ឧទាហរណ៍​ករណី​ឈឺ​ថ្កាត់​ពេល​រាត្រី ករណី​មាន​គ្រោះ​អគ្គិភ័យ ឬ ករណី​ចោរកម្ម ។ អ្នក​ជិតខាង គឺជា​របង​ការពារ និង​ជា​ភ្នែក​ច្រមុះ​របស់​យើង ហើយ​អាច​ផ្តល់​ជំនួយ​ភ្លាម​ៗ ក្នុង​គ្រា​លំបាក​ទាំងនេះ ។

លើស​ពី​នេះ​ទៅ​ទៀត អន្តរ​កម្ម និង​ទំនាក់ទំនង​វិជ្ជមាន រវាង​អ្នក​ជិតខាង អាច​ជា កត្តា​បន្ថយ​ភាព​តានតឹង និង​ជម្លោះ ។ ការ​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​នានា គឺ​អាច​ដោះស្រាយ​ដោយ​សន្តិវិធី​ដោយ​គ្មាន ជម្លោះ​ដែល​រំខាន​ដល់​ភាព​សុខដុមរមនា​ក្នុង​សហគមន៍ ។ នៅ​ពេល​ដែល​អ្នក​ជិតខាង​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​បើកចំហ និង​គោរព​ជម្លោះ​បែប​នេះ​អាច​ត្រូវ​បាន​បង្រួម​ជា​អប្បបរមា ឬ​ដោះស្រាយ​ដោយ​មិត្តភាព និង​ស្នាមញញឹម ។ ការ​រួមរស់​ជាមួយ​គ្នា​នៅ​ក្នុង​សហគមន៍​ដោយ​ស្នាមញញឹម មិន​ពាក់មុខយក្ស​ដាក់​គ្នា នេះ​រួមចំណែក​ដល់​បរិយាកាស​រស់នៅ​ប្រកបដោយ​ស្ថិរភាព និង​រីករាយ ដោយ​គ្មាន​អរិភាព​នឹង​គ្នា ។

ឆ្លង​ចេញពី​កម្រិត​គ្រួសារ​នៅ​ក្នុង​សហគមន៍​មក​ដល់​កម្រិត​ជាតិ​ក៏​ដូច​គ្នា​ដែរ ជម្លោះ ភាព​ស្អប់ ការ​ចងគំនុំ​មិនមែន​ជា​ប្រភព​នៃ​វិបុលភាព និង​វឌ្ឍនភាព​ឡើយ ។ ចេញពីផ្ទះ និង​ផ្ទះ នៅ​ក្នុង​កម្រិត​គ្រួសា រ​និង​គ្រួសារ​មក​កាន់​ទំនាក់ទំនង​ប្រទេស​នឹង​ប្រទេស ក៏​គួរ​រិះគិត​ស្រ​ដៀង​គ្នា​នេះ ។

ទីតាំង​ភូមិសាស្ត្រ​របស់​កម្ពុជា វៀតណាម ឡាវ និង​ថៃ គឺ​មិន​អាច​ប្តូរ ដូច​ជា កម្រិត​គ្រួសារ​អាច​ប្តូរ​ផ្ទះ​ចុះឡើង​បាន​ឡើយ ដូច្នេះ​ជម្រើស គឺ​មាន​តែ​ត្រូវធ្វើ​យ៉ាងណា​កសាង​ឲ្យ​បាន​នូវ​មូលដ្ឋាន​ដែល​ឈាន​ទៅ​រក​ភាតរភាព ពីព្រោះ​ប្រទេស​ទាំង​៤ ជា​ប្រជាជាតិ​ដែល​ជិតខាង​នឹង​គ្នា​ដែល​កំពុង​ចែករំលែក​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ វប្បធម៌ និង​សេដ្ឋកិច្ច​នឹង​គ្នា​រាប់​ឆ្នាំ​មក​ហើយ​។

ប្រទេស​ទាំង​៤ គឺជា​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​យ៉ាង​ស៊ីជម្រៅ និង​បេតិកភណ្ឌ​វប្បធម៌​ចែករំលែក​គ្នា​តាំងពី​យូរលុង តែ​ទោះជា​យ៉ាងណា​ក៏​យើង​បាន​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​នានា​នឹង​គ្នា​ជា​បន្តបន្ទាប់ រាប់​ចាប់ពី​ជម្លោះទឹកដី រហូត​ដល់​ភាព​ខុស​គ្នា​នៃ​មនោ​គម​វិជ្ជា​នយោបាយ ប៉ុន្តែ​សូមកុំ​ប្រកាន់​យក គោលការណ៍ ឬ​ក៏​គោល​គំនិត​ដែល​ដុត​កំហឹង​ឫក​សាង​មូលដ្ឋាន​នៃ​ការ​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក ។ ផ្នត់គំនិត​ជាតិនិយម​ដែល​បណ្តុះ​ចេញពី​ភាព «​ស្អប់ និង​គំនុំ​មិន​ចំណេញ​» ដូច្នេះ​យើង​ទាំងអស់​គ្នា​គួរតែ​រិះរក និង​កសាង​នូវ​មូលដ្ឋាន​ណា​ដែល​ផ្តោត​លើ​ការ​លើកកម្ពស់​ទំនាក់ទំនង​ល្អ​ក្នុង​នាម​ជា​ប្រទេស​ជិតខាង​ល្អ​ដែល​ចាំបាច់​បំផុត​សម្រាប់​ធានា​បាន​ស្ថិរភាព​នៅ​ក្នុង​តំបន់​។

ក្នុង​ន័យ​នេះ កម្ពុជា វៀតណាម ឡាវ និង​ថៃ ត្រូវ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក មិន​បំពាន​គ្នា ហើយ​មាន​ភាព​ស្មោះត្រង់​ជាមួយ​គ្នា​ក្នុង​នាម​ជា​អ្នក​ជិតខាង​ល្អ ។ វា​នឹង​មិន​គ្រប់គ្រាន់​ទេ បើ​មាន​តែ​កម្ពុជា​ដែល​ចិញ្ចឹមចិត្ត​កសាង​មិត្តភាព ខណ​:​ដែល​ប្រទេស​ជិតខាង​កម្ពុជា​មិន​ចូលរួម​ក្នុង​ការ​កសាង​មិត្តភាព​ជាមួយ​គ្នា​នោះ​។ ដូច្នេះ វៀតណាម ថៃ និង ឡាវ​ក៏​ត្រូវ​សំឡឹង​មើល​មក​កម្ពុជា​ជា​មិត្ត​ស្មើភាព​គ្នា​ផង​ដែរ ។

កិច្ច​សហប្រតិបត្តិការ​ល្អ នឹង​មាន​ប្រយោជន៍​លើ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ និង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​អាច​នាំ​ឱ្យ​មាន​កំណើនសេដ្ឋកិច្ច ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ។ កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រជាជាតិ និង​ប្រជាជាតិ គឺ​បាន​នាំ​ទៅ​ដល់​ការ​បើកចំហ​ព្រំដែន​បរទេស និង​ក្លាយ​ទៅ​ទីផ្សារ​រួម និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ជា​ករណី​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ករណី​សុខភាព ករណី​គ្រោះ​មហន្តរាយ​នៅ​ពេល​ដែល​មាន​បញ្ហា​។

ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ម្តង​ហើយ​ម្តងទៀត នូវ​ផលវិបាក​ដ៏​សាហាវ​នៃ​ជម្លោះ​រវាង​អ្នក​ជិតខាង ។ មិន​ថា នៅ​កម្រិត​គ្រួសារ ឬ​ជាតិ ។ ជម្លោះ​ដែល​បង្ក​ឡើង​ដោយ​ការ​ស្អប់ ឬ​ការ​យល់​ខុស​ច្រើន​តែ​នាំ​ឱ្យ​មានការ​ខាតបង់​សម្រាប់​គ្រប់​ភាគី ហើយ​ប្រទេស​កម្ពុជា វៀតណាម ឡាវ និង​ថៃ​បាន​ហែល​ឆ្លង និង​ជួប​ប្រទះ​រួច​មក​ហើយ ។ ព្រឹត្តិការណ៍​ទាំងនេះ គឺជា​ការ​រំលឹក​យ៉ាង​មុតមាំ​ថា ជម្លោះ​មិន​អាច​នាំ​ផ្លូវ​ទៅ​រក​ដំណោះស្រាយ​ពិតប្រាកដ ឬ​ការ​រីក​ចម្រើន​បាន​ឡើយ ហើយ​ច្រកចេញ​សំខាន់​នៃ​ផលប្រយោជន និង​វិបុលភាព​របស់​គ្រប់​ភាគី គឺ​ចេញ​មក​ពី​ការ​សន្ទនា ការ​យោគយល់ និង​កិច្ច​សហប្រតិបត្តិការ​នឹង​គ្នា​នេះឯង ។

ការ​កសាង​ទំនាក់ទំនង​បែប​នេះ តម្រូវ​ឱ្យ​មានការ​សន្ទនា​គ្នា​ជា​បន្តបន្ទាប់ ការ​យល់ចិត្ត និង​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​ដោះស្រាយ​ជម្លោះ​ដោយ​មិត្តភាព ។ នៅ​កម្រិត​គ្រួសារ​នៅ​ក្នុង​នាម​ជា​អ្នក​ជិតខាង​ល្អ គឺ​យើង​គួរតែ​បង្ហាញ​ស្មារតី និង​ទឹកចិត្ត​សេចក្ដី​សប្បុរស ការ​អត់ឱន និង​ឆន្ទៈ​ក្នុង​ការ​ជួយ រីឯ​នៅ​ថ្នាក់​ជាតិ​ហើយ​អាច​ធ្វើ​សកម្មភាព​ស្រ​ដៀង​គ្នា​តាម​ការ​ចរចារ​ការទូត ការ​ស្វះ​ស្វែងរក​កិច្ចព្រមព្រៀង ការ​ផ្លាស់​ប្តូរ​វប្បធម៌ និង​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​សហប្រតិបត្តិការ​ផ្សេង​ៗ ។

សរុបសេចក្តី​ទៅ​ការ​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​ជិតខាង មិន​ថា បុគ្គល ឬ​ប្រជាជាតិ គឺជា​ការ​វិនិយោគ​សម្រាប់​អនាគត​ដ៏​សុខសាន្ត និង​វិបុលភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ