រាជធានីភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាមានទីផ្សារជាច្រើន ហើយអាចធ្វើការនាំចេញផលិតផលកែច្នៃ ដោយមិនជាប់ពន្ធនាំចូលនោះឡើយ ខណៈច្បាប់វិនិយោគថ្មី បានលើកទឹកចិត្តយ៉ាងច្រើន ដល់វិស័យឯកជន ក្នុងការកែច្នៃសម្រាប់នាំចេញ ។
ថ្លែងក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជាការពិតណាស់ កម្ពុជាមានទិន្នផលច្រើន ប៉ុន្ដែក៏មិនគិតគូរទៅលើការដាំដុះ និងលក់វត្ថុធាតុដើម តែមួយមុខនោះទេ ត្រូវខិតខំជំរុញឱ្យមានការកែច្នៃវត្ថុធាតុដើមទាំងនេះ ឱ្យទៅជាផលិតផលឧស្សាហកម្ម ដើម្បីឆ្លើយតបទៅនឹងទីផ្សារផ្សេងៗ ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ៖ «កម្ពុជាមានទីផ្សារជាច្រើន ហើយយើងអាចធ្វើការនាំចេញផលិតផលកែច្នៃ ដោយមិនជាប់ពន្ធនាំចូលនោះឡើយ ហើយច្បាប់វិនិយោគថ្មីរបស់យើង ក៏បានផ្តល់ នូវការលើកទឹកចិត្តយ៉ាងច្រើន ដល់វិស័យឯកជនក្នុងការកែច្នៃ សម្រាប់នាំចេញ ជាពិសេសការកែច្នៃដែលប្រើប្រាស់ប្រភពធនធានវត្ថុធាតុដើមក្នុងស្រុក» ។
សម្ដេចធិបតី បន្ដថា នៅពេលដែលវិស័យឯកជន មានលទ្ធភាពធានាគុណភាពត្រឹមត្រូវ ហើយអាចជ្រៀតចូលទៅដល់ទីផ្សារនៅបស្ចិមប្រទេស សម្ដេច ជឿជាក់ថា «ពុំមានទីផ្សារណា ដែលយើងចូលពុំចុះនោះទេ ដរាបណាយើងទទួលបាន នូវការផ្ដល់តម្លៃសមរម្យ ដល់ផលិតផលរបស់យើង» ។
នាឱកាសនោះដែ សម្ដេចនាយករដ្ឋមន្ដ្រី បានលើកឡើងថា រដ្ឋនៅតែបន្តយកចិត្តទុកដាក់លើការកាត់បន្ថយថ្លៃដើមផ្សេងៗទៀត គោលនយោបាយទាំងនេះ បានជំរុញឱ្យវិស័យឯកជន ជាពិសេសរោងម៉ាស៊ីនកិនស្រូវ ដែលមានលទ្ធភាពធ្វើទំនើបកម្ម ដោយបំពាក់ នូវបច្ចេកវិទ្យាកិនស្រូវទំនើបចុងក្រោយ ដូចបណ្ដាប្រទេសជឿនលឿននានា នៅលើពិភពលោក ៕
ចែករំលែកព័តមាននេះ