ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​កម្ម​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថៃ​ស្នើ​សុំ​រំលាយ​គណ​បក្ស​៦​នៅ​ក្នុង​រដ្ឋា​ភិបាល​ចម្រុះ

1 អាទិត្យ មុន

ទី​ក្រុង​បាងកក៖ ថ្មី​ៗ​នេះ គណៈ​កម្ម​ការ​​​រៀប​ចំ​ការបោះ​ឆ្នោត​នៅ​ប្រទេស​ថៃ​​ចាប់​ផ្ដើម​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ធម្ម​នុញ្ញ​ជា​ថ្មី​ម្ដង​ទៀត​ហើយ​ដើម្បី​ស្នើ​សុំ​រំលាយ​គណ​បក្ស​នយោបាយ​​​ចំនួន​៦​​នៅ​ក្នុង​រដ្ឋា​ភិបាល​ចម្រុះ​ដែល​ដឹក​នាំ​ដោយ​លោក​ស្រី​ផែ​ថង​ថាន​​។ ​​​ពាក្យ​បណ្ដឹង​នោះចោទ​ប្រកាន់​ថា​​​​គណ​បក្ស​នយោបាយ​ទាំង​៦​ដាក់​ខ្លួន​​ឱ្យ​ស្ថិត​ក្រោម​ឥទ្ធិ​ពល​​​របស់​លោក​ថាក់​ស៊ីន​​។ មាន​ន័យ​ថា​គណៈ​កម្ម​ការ​នេះ​ចោទ​ប្រកាន់​ថា​លោក​ថាក់​ស៊ីន​ថ្វី​ដ្បិត​ពី​សម្បក​ខាង​ក្រៅ​គ្មាន​តួ​នាទី ឬ​មុខ​តំណែង​ជា​អ្នក​នយោ​បាយ​នៅ​ក្នុង​រដ្ឋា​ភិបាល​ក៏​ពិត​មែន​។​ ​ប៉ុន្តែ​លោក​ស្ថិត​នៅ​ពី​ក្រោយ​វាំង​នន​នយោបាយ​ដើម្បី​​កាច់​ចង្កូត​ពី​ក្រោយ​ខ្នង​។ គណ​បក្ស​ចំនួន​៥​ទៀត​ក្រៅ​ពី​ភឿថៃ​ដែល​មាន​រាយ​នាម​នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ​មាន៖ ទី១-ភូមិ​ចៃ​ថៃ, ទី២-រួម​ថៃ​សាង​ជាតិ,…

ទី​ក្រុង​បាងកក៖ ថ្មី​ៗ​នេះ គណៈ​កម្ម​ការ​​​រៀប​ចំ​ការបោះ​ឆ្នោត​នៅ​ប្រទេស​ថៃ​​ចាប់​ផ្ដើម​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ធម្ម​នុញ្ញ​ជា​ថ្មី​ម្ដង​ទៀត​ហើយ​ដើម្បី​ស្នើ​សុំ​រំលាយ​គណ​បក្ស​នយោបាយ​​​ចំនួន​៦​​នៅ​ក្នុង​រដ្ឋា​ភិបាល​ចម្រុះ​ដែល​ដឹក​នាំ​ដោយ​លោក​ស្រី​ផែ​ថង​ថាន​​។ ​​​ពាក្យ​បណ្ដឹង​នោះចោទ​ប្រកាន់​ថា​​​​គណ​បក្ស​នយោបាយ​ទាំង​៦​ដាក់​ខ្លួន​​ឱ្យ​ស្ថិត​ក្រោម​ឥទ្ធិ​ពល​​​របស់​លោក​ថាក់​ស៊ីន​​។

មាន​ន័យ​ថា​គណៈ​កម្ម​ការ​នេះ​ចោទ​ប្រកាន់​ថា​លោក​ថាក់​ស៊ីន​ថ្វី​ដ្បិត​ពី​សម្បក​ខាង​ក្រៅ​គ្មាន​តួ​នាទី ឬ​មុខ​តំណែង​ជា​អ្នក​នយោ​បាយ​នៅ​ក្នុង​រដ្ឋា​ភិបាល​ក៏​ពិត​មែន​។​ ​ប៉ុន្តែ​លោក​ស្ថិត​នៅ​ពី​ក្រោយ​វាំង​នន​នយោបាយ​ដើម្បី​​កាច់​ចង្កូត​ពី​ក្រោយ​ខ្នង​។ គណ​បក្ស​ចំនួន​៥​ទៀត​ក្រៅ​ពី​ភឿថៃ​ដែល​មាន​រាយ​នាម​នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ​មាន៖ ទី១-ភូមិ​ចៃ​ថៃ, ទី២-រួម​ថៃ​សាង​ជាតិ, ទី៣-ឆាត​​ថៃ​ផាត់​​តាណា​, ទី​៤-​ប្រ​ឆា​ឆាត និង​ទី​៥-​ផាឡាំង​ប្រឆារ៉ាត់​​។ ​

​​ព័ត៌​មាន​ចុះ​ផ្សាយ​ថា​លោក​ថាក់​ស៊ីន​បាន​ស្នើ​សុំ​ឱ្យ​មន្ត្រី​សំខាន់​ៗ​របស់​គណ​បក្ស​សម្ព័ន្ធ​ភាព​ទាំង​៦​​ទៅ​ជួប​គាត់​ដើម្បី​​ជ្រាប​ថា​គណ​បក្ស​ភឿ​ថៃ​សម្រេច​តែង​តាំង​លោក​ឆាយ​កា​សឹម​ នីតិ​សិរី​ (Chaikasem Nitisiri) ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​។ សារ​​ព័ត៌​មាន​​ចុះ​ផ្សាយ​ទៀត​​ថា​លោក​ថាក់​ស៊ីន​ដើរ​តួ​នាទី​ជា​ឪពុក​របស់​លោក​ស្រី​ផែ​ថង​ថាន។ ​កាល​នោះ​លោក​ស្រី​ស្ថិត​នៅ​​​​ក្រៅ​ប្រទេស​​។ ​​ពាក្យ​បណ្ដឹង​នោះចោទ​ប្រកាន់​ថា​​​ទង្វើ​របស់​លោក​ថាក់​ស៊ីន​​ជា​​ការ​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា​២៨ និង​មាត្រា​២៩​នៃ​ច្បាប់​ស្ដី​ពី​គណ​បក្ស​នយោបាយ​នៅ​ត្រង់​ចំណុច​ដែល​មិន​អនុញ្ញាត​ឱ្យ​​​ភាគី​ខាង​ក្រៅ​​​ជ្រៀត​ជ្រែក​នៅ​ក្នុង​កិច្ច​ការ​របស់​បក្ស​ជា​ដាច់​ខាត​។ ​

ពាក្យ​បណ្ដឹង​នោះ​ក៏​បាន​និយាយ​យោង​ទៅ​លើ​មាត្រា​២១​នៃ​ច្បាប់​ដដែល​នេះ​ដែល​ចែង​ថា​ទង្វើ​របស់​គណ​បក្ស​នយោបាយ​នីមួយ​ៗ​ត្រូវ​ឆ្លង​កាត់​ការ​យល់​ព្រម​ពី​គណៈ​កម្ម​ការ​នាយក​របស់​បក្ស​ ហើយ​ត្រូវ​តែ​ស្រប​ទៅ​តាម​​គោល​ការណ៍​ស្ដី​ពី​សមា​ហរ​ណ​កម្ម​, អភិបាល​កិច្ច​ល្អ​ និង​ផល​ប្រយោជន៍​សា​ធារណៈ​។ ញត្តិ​ដែល​ប្ដឹង​តវ៉ា​នោះ​សរ​សេរ​រៀប​រាប់​ថា​ទង្វើ​ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​មាត្រា​ទាំង​នេះ​អាច​មាន​ទោស​ត្រូវ​រំលាយ​គណ​បក្ស​នយោបាយ​ចោល​។

យោង​ទៅ​តាម​ផ្លូវ​ច្បាប់​ គណៈ​កម្ម​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​មាន​សិទ្ធិ​បញ្ជូន​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ធម្ម​នុញ្ញ​ដើម្បី​ពិនិត្យ​ និង​សម្រេច​។​ ​នៅ​ក្នុង​ប្រយោគ​មួយ​នោះ ពាក្យ​បណ្ដឹង​នេះ​សរ​សេរ​រៀប​រាប់​ថា​ «​ទង្វើ​របស់​លោក​ថាក់​ស៊ីន​បង្ហាញ​ច្បាស់​ៗ​ថា​គាត់​ជា​អ្នក​ចាំ​កាច់​ចង្កូត​ពី​ក្រោយ​ឆាក​នយោ​បាយ​។ សាធារណៈ​ជន​ភាគ​ច្រើន​ក៏​យល់​ដូច​គ្នា​នេះ​ដែរ​ថា​លោក​ថាក់​ស៊ីនជា​ម្ចាស់​កម្ម​សិទ្ធិ​ផ្ដាច់​មុខ​របស់​គណ​បក្ស​ភឿថៃ​តែ​ម្ដង​។ ក្នុ​ងនាម​ជា​ឪ​ពុក​របស់​លោក​ស្រី​ផែ​ថង​ថាន លោក​ថាក់​ស៊ីន​ក៏​ត្រូវ​គេ​ជឿ​ជាក់​ថា​ប្រើ​ប្រាស់​ឥទ្ធិពល​បង្គាប់​បញ្ជា​កូន​ស្រី​រូប​នេះ​ផង​ដែរ​»។​

គួរ​កត់​សម្គាល់​ថា​​ករណី​ដាក់​ពាក្យ​បណ្ដឹង​ដើម្បី​ស្នើ​សុំ​រំលាយ​គណ​បក្ស​នយោបាយ​ទាំង​៦​ដូច​រៀប​រាប់​ខាង​លើ​នេះ​ធ្វើ​ឡើង​នៅ​ពេល​​លោកស្រី​ផែ​ថង​ថាន​ត្រៀម​ប្រកាស​​​កម្ម​វិធី​នយោបាយ​នៅ​ក្នុង​រដ្ឋ​សភា​មុន​ពេល​​ដាក់​ឱ្យ​ដំណើរ​ការ​រដ្ឋា​ភិបាល​ថ្មី​ជា​ផ្លូវ​ការ​។​​ ​តាម​មើល​ទៅ​​កៅ​អី​នាយក​រដ្ឋ​មន្ត្រី​ថៃ​របស់​លោក​ស្រី​ផែ​ថង​ថាន​ប្រហែល​ជា​អង្គុយ​មិន​ស្រណុក​ខ្លួន​​ប៉ុន្មាន​ឡើយ​។

ក្រុម​អ្នក​ប្រឆាំង​នឹង​លោក​ថាក់​ស៊ីន​ត្រៀម​​លើក​គ្នា​ទៅ​តវ៉ា​នៅ​ខាង​ក្រៅ​វិមាន​រដ្ឋា​ភិបាល​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​។ ពោល​គឺ​ចំ​ថ្ងៃ​ដែល​គណៈ​រដ្ឋ​មន្ត្រី​ត្រៀម​កោះ​ប្រជុំ​​ផ្លូវ​ការ​ជា​លើក​ដំបូង​។ ក្រៅ​ពី​នេះ​មាន​ចលនា​បី​ក្រុម​ទៀត​ក៏​ត្រៀម​ហែ​បាតុកម្ម​ត​វ៉ា​ប្រឆាំង​នឹង​លោក​ថាក់​ស៊ីន​ផង​ដែរ​។ ក្នុង​នោះ​មាន​​បណ្ដាញ​និស្សិត​ និង​ប្រជា​ជន​ដើម្បី​កំណែ​ទម្រង់​នៅ​ប្រទេស​ថៃ​, កង​ទ័ព​ធម្មា​ (the Dhamma Army) និង​​ចលនា​ប្រជា​ជន​ថៃ​ការ​ពារ​របប​រាជា​និយម​។ ពួក​គេ​​​ត្រៀម​ជួប​ជុំ​គ្នា​នៅ​ចុង​សប្ដាហ៍​នេះ​។​

ពួក​គេ​ប្រកាស​ថា​ចលនា​តវ៉ា​នេះ​ធ្វើ​ឡើង​ដោយ​ចិត្ត​ឯង ដោយ​ឥត​មាន​​ការ​​បង្គាប់​បញ្ជាពី​ស្ថាប័ន ឬ​អ្នក​នយោបាយ​ណា​ទេ​។ ឧប​នាយក​រដ្ឋ​មន្ត្រី​ថៃ និង​ជា​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​​ លោ​កអនុ​ទីន​ ប្រកាស​​​​ថា​ពួក​គេ​មាន​​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​សម្ដែង​មតិ​​។ សំខាន់​ឱ្យ​តែ​ពួក​គេ​ធ្វើ​អ្វី​ៗ​ស្រប​ទៅ​តាម​ច្បាប់​។ លោក​ក៏​សំណូម​ពរ​ឱ្យ​ពួក​គេ​រិះ​គន់​​កម្ម​វិធី​នយោបាយ​របស់​រដ្ឋាភិបាល​ផ្អែក​ទៅ​លើ​ការ​ពិត​ផង​ កុំ​និយាយ​បាន​ត្រឹម​តែ​និយាយ​។ បើ​មិន​អីចឹង​ទេ​ មតិ​យោបល់​របស់​ពួក​គេ​យក​ទៅ​ធ្វើ​អ្វី​មិន​កើត​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ