រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវតទល់ជាមួយនឹងក្រុមភ្ញៀវស្រីលង្កា នៅយប់នេះហើយ ដែលប្រព្រឹត្តទៅនាវេលាម៉ោង ០៧:០០នាទីយប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ សម្រាប់ការប្រកួតជុំទី២ វគ្គជម្រុះជើងទី២ (Play-Off) ពានរង្វាន់ AFC Asian Cup Saudi Arabia ឆ្នាំ ២០២៧។
កាលពីការប្រកួតជើងទី១ នៅឯកីឡដ្ឋាន Racecourse International ស្ថិតនៅក្នុងទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ ក្រុមទាំងពីរបញ្ចប់ទៅនៅក្នុងលទ្ធផលស្មើគ្នា ដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទី។ ដូច្នេះការប្រកួតប្តូរដីជើងទី២ នៅយប់នេះ ម្ចាស់ផ្ទះកម្ពុជាត្រូវការឈ្នះជាចាំបាច់ ដើម្បីអាចបន្តឡើងទៅកាន់ការប្រកួតជុំទី៣ ដែលជាវគ្គសន្សំពិន្ទុក្នុងពូល។
លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានថ្លែងនៅមុនការប្រកួតថា «ពួកយើងដឹងថា យើងនឹងត្រូវប្រកួតជាមួយក្រុមដែលរៀបចំខ្លួនបានល្អ ហើយខ្ញុំជឿថានេះជាលើកទី១ ដែលក្រុមជម្រើសជាតិកម្ពុជាប្រកួតជាមួយនឹងក្រុមដែលមានកីឡាករអឺរ៉ុបច្រើននៅក្នុងក្រុម ប៉ុន្តែពួកយើងនឹងព្យាយាមលេងឱ្យឈ្នះក្នុងការប្រកួតនេះ»។ នេះបើតាមការបង្ហោះលើផេកហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បានបន្តថា «ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតថ្ងៃស្អែក។ យើងសង្ឃឹមថាការប្រកួតថ្ងៃស្អែក យើងនឹងយកលទ្ធផលល្អជូនអ្នកគាំទ្រ។ សង្ឃឹមថានឹងមានអ្នកគាំទ្រមកចូលរួមទស្សនាច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់ជម្រើសជាតិកម្ពុជា»។
ប្រវត្តិជួបគ្នា៤លើករវាងប្រទេសទាំងពីរ កម្ពុជាធ្លាប់យកឈ្នះស្រីលង្កា ដោយលទ្ធផល ៦-១ នៅក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល នៃពានរង្វាន់ Merdeka Tournament ឆ្នាំ ១៩៧២ នៅប្រទេសម៉ាឡេស៊ី។ នៅឆ្នាំ ២០០១ កម្ពុជាចាញ់ស្រីលង្កា ដោយលទ្ធផល ១-០ ស្រីលង្កា នៅក្នុងការប្រកួតមិត្តភាពអន្តជាតិ។ កាលពីឆ្នាំ ២០១៦ កម្ពុជាបានយកឈ្នះស្រីលង្កា ដោយលទ្ធផល ៤-០ ការប្រកួតមិត្តភាពអន្តជាតិ។ មុនស្មើគ្នា ០-០ នៅក្នុងការជួបគ្នាចុងក្រោយ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ។ ការប្រកួតវគ្គជម្រុះ (Play-Off) ដែលធ្វើឡើង២ជើង សរុបមាន៦ក្រុម ដោយនៅក្នុងនោះ កម្ពុជាត្រូវប៉ះស្រីលង្កា ទីម័រខាងកើតត្រូវប៉ះម៉ុងហ្គោលី និងព្រុយណេត្រូវប៉ះម៉ាកាវ ដោយលេងថ្ងៃដំណាលគ្នា ដើម្បីរក៣ក្រុមឈ្នះឡើងបន្តទៅការប្រកួតជុំទី៣ ដែលជាការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល។ លទ្ធផលការប្រកួតកាលពីជើងទី១ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ ៖ -ស្រីលង្កា ០-០ កម្ពុជា -ទីម័រខាងកើត ៤-១ ម៉ុងហ្គោលី -ព្រុយណេ ៣-០ ម៉ាកាវ៕ (រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង Football Sri Lanka) រូបក្បាលកាត់រូប២ក្រោមចូលគ្នា ៖
ចែករំលែកព័តមាននេះ