រាជធានីភ្នំពេញ ៖ កុមារា២នាក់បងប្អូនបានលង់ទឹកស្លាប់ ក្រោយពីរត់ចូលទៅលេងក្នុងបរិវេណការដ្ឋានបូមខ្សាច់ក្បែរមាត់ទន្លេនៅជ្រោយចង្វារការដ្ឋានបូមខ្សាច់១កន្លែង ស្ថិតនៅក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ។
តាមប្រភពពីក្រុមគ្រួសារសពបានឲ្យដឹងថា មុនពេលកើតហេតុ មានកុមារាចំនួន៤នាក់ បាននាំគ្នារត់លេងនៅម្តុំក្បែរការដ្ឋានបូមខ្សាច់១កន្លែង ស្ថិតនៅភូមិដើមគ ហើយការដ្ឋានខាងលើមិនមានហ៊ុមព័ទ្ធរបង ឬសំណាញ់ការពារសុវត្ថិភាពត្រឹមត្រូវ ទើបមានចន្លោះប្រហោង ដែលក្មេងៗអាចរត់ចូលលេងដល់ក្នុងបរិវេណខាងលើបាន ។ រហូតដល់ម៉ោងកើតហេតុ ក៏ស្រាប់តែមានក្មេងធ្លាក់ចូលទឹកនៅចំណុចការដ្ឋានបូមខ្សាច់ខាងលើបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិ និងក្រុមគ្រួសាររបស់ក្មេងៗរងគ្រោះនាំគ្នារត់ទៅជួយសង្គ្រោះ តែជាអកុសលក្មេងប្រុស២នាក់ក្នុងចំណោមក្មេងៗទាំង៤នាក់បានស្លាប់ដោយសារលង់ទឹកនិងខ្លួនប្រាណសុទ្ធតែខ្សាច់។
គួរបញ្ជាក់ថា សពក្មេងប្រុសទាំង២នាក់ដែលបានស្លាប់ ខាងលើម្នាក់មានឈ្មោះម៉េងហៅម៉ាប់ អាយុ៩ឆ្នាំ ត្រូវជាបង និងម្នាក់ទៀតឈ្មោះម៉ី មានអាយុ៦ឆ្នាំត្រូវជាប្អូន ។
តាមការរៀបរាប់ពីឪពុកបានឲ្យដឹងថា គាត់តែងហាមកូនៗរបស់គាត់ដែរ ថាកុំអោយទៅលេងក្បែរតំបន់នោះ ព្រោះការដ្ឋានផង ខ្លាចគ្រោះថ្នាក់ណាស់ ស្រាប់តែល្ងាចម៉ោងកើតហេតុ មានក្មេងៗរត់មកប្រាប់គាត់ថា កូនរបស់គាត់បានលង់ទឹកនៅចំណុចការដ្ឋានខាងលើ គាត់ក៏បាននាំគ្នាទៅជួយសង្គ្រោះកូន រហូតស្រង់កូនបានទាំង២ ឃើញខ្លួនប្រាណកូនប្រឡាក់សុទ្ធតែខ្សាច់ ដោយគិតថាមានសង្ឃឹម ក៏បញ្ជូនក្មេងទាំង២ទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសលកូនរបស់គាត់បានផុតទាំង២នាក់បាត់ទៅហើយ ។
ក្រោយកើតហេតុ អ្នកភូមិក៏បានសំនូមពរតាមការផ្សព្វផ្សាយព័ត៌មានអោយម្ចាស់ការដ្ឋានមានវិធីសាស្ត្រយ៉ាងណា ដាក់រនាំងឬរបងការពារទីតាំងខាងលើកុំអោយក្មេងៗចូលបាន ព្រោះរៀងរាល់ល្ងាចគេតែងឃើញក្មេងៗរត់លេងម្តុំនោះច្រើនណាស់។ រីឯសពក្មេងប្រុសទាំង២ត្រូវបានក្រុមគ្រួសារយកមកផ្ទះវិញ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ