សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ដែលចោទប្រកាន់BBCថា បង្កើតវីដេអូមួលបង្កាត់លោកមួយនោះ កាលពីថ្ងៃទី១៥ ធ្នូ បានដាក់ពាក្យប្ដឹងក្រុមហ៊ុនសោទស្សន៍សាធារណៈអង់គ្លេសនោះ ហើយទាមទារសំណងដល់១០ពាន់លានដុល្លារ ពិសេស ពីបទបរិហារកេរ ។

ពាក្យបណ្តឹងនោះ ត្រូវបានដាក់នៅតុលាការសហព័ន្ធមួយនាទីក្រុងម៉ៃអាមី ដោយប្រធានាធិបតីដែលទាមទារសំណងយ៉ាងតិច៥ពាន់លានដុល្លារ សម្រាប់បទចោទមួយក្នុងចំណោមបទចោទប្រកាន់២ គឺបទចោទប្រកាន់បរិហារកេរ និងរំលោភបំពានច្បាប់រដ្ឋផ្លរីដា ស្ដីពីការធ្វើពាណិជ្ជកម្មដោយបោកប្រាស់និងមិនស្មោះត្រង់។
កាលពីប៉ុន្មានសប្ដាហ៍មុន ប្រធានាធិបតីអាមេរិកធ្លាប់អះអាងថា លោកនឹងទារប្រាក់សំណងរវាងពី១ពាន់លាន ទៅ៥ពាន់លានដុល្លារពី BBC ។ ក្រុមហ៊ុនសោទស្សន៍អង់គ្លេសនោះ ជាក្រុមហ៊ុនល្បីមួយធ្វើសកម្មភាពដល់ក្រៅប្រទេស មានការខ្វាល់ខ្វាយខ្លាំងតាំងពីការលាតត្រដាងអត្ថបទមួយរបស់ទស្សនាវដ្ដីព័ត៌មានPANORAMAរបស់ខ្លួន ដែលបំផ្លើសព័ត៌មានពីលោកត្រាំ ។
មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤បន្តិច ទស្សនាវដ្ដីនោះបានចេញផ្សាយការដកស្រង់សុន្ទរកថា របស់លោកត្រាំថ្លែងនាថ្ងៃទី៦ មករា ឆ្នាំ២០២១ ដោយបំភ្លៃថា លោកត្រាំ ហាក់ដូចជាអំពាវនាវដល់បណ្ដាអ្នកគាំទ្រលោក ឲ្យវាយប្រហារវិមានកាពីតូលក្រុងវ៉ាស៊ីនតោន។ ការផ្សាយបែបនេះ ពិតជាក្នុងគោលបំណងជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤។
រឿងនោះជម្រុញឲ្យមានការលាលែងពីតំណែងរបស់អគ្គនាយកក្រុងហ៊ុននេះ និងប្រធានផ្នែកព័ត៌មានរបស់BBC។ ចំណែកប្រធានBBCបានបញ្ជ្ជូ្នលិខិតសុំទោសលោកត្រាំតែមិនអាចរំងាប់ចិត្តលោកត្រាំបាន ប៉ុន្តែលោកប្ដេជ្ញាតតាំងពាក្យបណ្ដឹងលោកត្រាំំពីបទបរិហារកេរ្តិ៍ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ