លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនាម៉ោង១០ និង៣២នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូនេះថា ៖ យោធាថៃបានបន្តការឈ្លានពានយ៉ាងគឃ្លើនមកលើទឹកដីកម្ពុជា មកដល់ថ្ងៃទី១៧ ខែធ្នូនេះ ជាថ្ងៃទី១១ នៃការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ ។ ពួកគេមិនត្រឹម តែបើកការវាយប្រហារមកលើកងទ័ពកម្ពុជា ដែលឈរការពារអធិតេយ្យ និងបូរណភាពដែនដីកម្ពុជាទេ ថែមទាំងយកជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាគោលដៅទៀត ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ភាគីថៃបានភូតកុហកពិភពលោក និងចោទប្រកាន់មួលបង្កាច់កម្ពុជា ដើម្បីបង្កហេតុបង្កើតលេសឈ្លានពានកម្ពុជា ដែលពេលនេះ ពិភពលោកបានដឹងយ៉ាងច្បាស់ថា ថៃបានបើកការវាយប្រហារឈ្លានពានកម្ពុជា បង្កើតសង្គ្រាមឈ្លានពាន ដើម្បីបង្វែរការចាប់អារម្មណ៍លើវិបត្តិនយោបាយផ្ទៃក្នុងដ៏ជ្រៀលជ្រៅរបស់ខ្លួន ។

សកម្មភាពយោធារបស់ថៃមកលើកម្ពុជា មិនមែនជាការប្រើប្រាស់សិទ្ធិការពារខ្លួនដូចមេដឹកនាំ និងយោធាថៃ បានថ្លែងភូតកុហកពលរដ្ឋខ្លួន និងបរទេសទេ គឺជាការឈ្លានពានលើអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជាយ៉ាងច្បាស់ក្រឡែត ដែលអង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិ ត្រូវចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពឈ្លានពាននេះ និងការប្រព្រឹត្តឧក្រិ.ដ្ឋកម្មដ៏សាហាវឃោរឃៅមកលើជាតិ និងប្រជាជនកម្ពុជា ។

ការឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា និងយកជនស៊ីវិល ជាគោលដៅវាយប្រហារបណ្តាលឱ្យជនស៊ីវិលកម្ពុជាស្លា.ប់១៧ នាក់ និងរបួស៧៧នាក់ ត្រឹមល្ងាចថ្ងៃទី១៦ ខែធ្នូ នេះ និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើន និងមានជនភៀសខ្លួនសរុបជាង៤៣៨ ៩៥៣ នាក់ ៕









ចែករំលែកព័តមាននេះ