ខេត្តស្វាយរៀង ៖ ម៉ូតូចំនួន១៧០គ្រឿង និងអាវរងារចំនួន៦០០ ព្រមទាំងគ្រឿងឧបភោគ-បរិភោគ ដែលជាអំណោយសទ្ធាជ្រះថ្លារបស់ព្រះសង្ឃ និងសប្បុរសជន ពុទ្ធបរិស័ទក្នុង និងក្រៅប្រទេស ផ្តល់តាមរយៈសាលាគណខេត្ត ត្រូវបានព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង និងមន្ត្រីសង្ឃ រៀបចំចាត់ចែងដឹកជញ្ជូនទៅប្រគល់ជូនដល់វីរកងទ័ពឈរជើងនៅសមរភូមិជួរមុខ ទិសខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ។

បន្ទាប់ពីមានការណែនាំជាបន្តបន្ទាប់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត និងឯកឧត្តម ចៅ ភិរុណ រដ្ឋលេខាធិការក្រសួងការពារជាតិ ស្តីពីការចូលរួមលើកទឹកចិត្ត ឧបត្តម្ភគាំទ្រដល់យុទ្ធជនសមរភូមិមុខ ។

ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង បានមានថេរដីកា ដោយសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រីសប្បុរសជនក្នុង និងក្រៅប្រទេស តាមរយៈសា លា គណខេត្ត បានឧតម្ភម្ភជាថវិកា សម្ភារៈម៉ូតូ និងគ្រឿងឧបភោគ-បរិភោគយ៉ាងច្រើន សម្រាប់បម្រើការងារសមរភូមិជួរមុខរបស់វីរកងទព័ ។ ជាក់ស្តែងពេលនេះ បានបន្តឧបត្ថម្ភម៉ូតូជិត២០០គ្រឿង ដើម្បីផ្តល់ជូនវីរកងទព័សម្រាប់បម្រើការងារការពារជាតិ ។

ព្រះវិសុទ្ធិញ្ញាណ មុំ សយ បានបញ្ជាក់បន្ថែមថា ការដែលព្រះសង្ឃនាំម៉ូតូ រួមនឹងគ្រឿងឧបភោគ-បរិភោគជូនដល់វីរកងទ័ព កាលពីថ្ងៃទី១៣ ធ្នូ ២០២៥ ជាលើកទី៥ ដែលព្រះសង្ឃ និងសប្បុរសជនចូលរួមឧបត្ថម្ភ ជួយសម្រាលដល់វីរកងទ័ពសមរភូមិមុខ ដើម្បីបម្រើកិច្ចការ ការពារជាតិ សរុបម៉ូតូគិតទាំងត្រៀមនាំយកទៅចែកផ្តល់ជូនវីរកងទ័ពនៅថ្ងៃទី១៣ ធ្នូ នោះ មានចំនួនជាង៤០០គ្រឿង រថយន្ត lexus ៥គ្រឿង រួមនឹងអាវភ្លៀង អាវរងា និងថវិកាមួយចំនួនធំផងដែរ ក្នុងស្មារតីសាមគ្គីជាតិជាធ្លុងមួយ ពីសមរភូមិក្រោយ ។

គិតមកដល់ថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តស្វាយរៀង និងរដ្ឋបាលក្រុង-ស្រុកទាំង៨ បានទទួលនូវការចូលរួមឧបត្ថម្ភគាំ ទ្រ ពីសំណាក់មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ សិស្សា-នុសិស្ស និងសប្បុរជននានា ជាបន្តបន្ទាប់ ដេីម្បីនាំយកទៅផ្តល់ជូនដល់វីរកងទ័ព និងជន ភៀស សឹក នៅព្រំដែនកម្ពុជា-ថៃ ៕



ចែករំលែកព័តមាននេះ