ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

បើ​រដ្ឋាភិបាល​ថៃ​ថ្មី​របស់​លោកស្រី ផៃ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រា មាន​លំនឹង​ហើយ​អាច​បន្ត​អាយុកាល​គ្រប់​រហូត​ដល់​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ​បន្ត រឿង​ដែល​ថៃ​អាច​នឹង​ដាក់​គោលដៅ​អាទិភាព នៅ​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​ជាមួយនឹង​កម្ពុជា គឺ​ចាំបាច់​បំផុត គឺ​ពាក់ព័ន្ធ​នឹង​គម្រោង​ថាមពល​រួម​គ្នា នៅ​តំបន់​ត្រួតស៊ីគ្នា​នៅ​ឈូង​សមុទ្រ​ថៃ ហើយ​ថៃ​ក៏​អាច​នឹង​សើរ​រើ…

បើ​រដ្ឋាភិបាល​ថៃ​ថ្មី​របស់​លោកស្រី ផៃ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រា មាន​លំនឹង​ហើយ​អាច​បន្ត​អាយុកាល​គ្រប់​រហូត​ដល់​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ​បន្ត រឿង​ដែល​ថៃ​អាច​នឹង​ដាក់​គោលដៅ​អាទិភាព នៅ​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​ជាមួយនឹង​កម្ពុជា គឺ​ចាំបាច់​បំផុត គឺ​ពាក់ព័ន្ធ​នឹង​គម្រោង​ថាមពល​រួម​គ្នា នៅ​តំបន់​ត្រួតស៊ីគ្នា​នៅ​ឈូង​សមុទ្រ​ថៃ ហើយ​ថៃ​ក៏​អាច​នឹង​សើរ​រើ គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ​កម្ពុជា ថៃ និង​ឡាវ​ផង​ដែរ ។

គោលនយោបាយ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ការទូត ពលករ​ឥ​ន្តោ​ប្រវេសន៍ កា​រត​ភ្ជាប់​សេដ្ឋកិច្ច ទេសចរណ៍ គឺជា​រឿង​ដែល​កម្ពុជា និង​ថៃ កំពុង​តែ​ធ្វើ​ស្រាប់ ហើយ​រដ្ឋាភិបាល​ថៃ​បាន​បន្ត​ជាមួយ​កម្ពុជា​ជា​បន្តបន្ទាប់ ហើយនឹង​បន្ត​ធ្វើ​ទៅ​មុខ​ថែម​ទៀត ប៉ុន្តែ​រឿង​ពីរ​ខាងលើ​អាច​ជា​គម្រោង​ថ្មី​ដែល​ថៃ​នឹង​បន្ត នៅ​ក្នុង​គោលដៅ អាទិភាព ពីព្រោះ​វា គឺជា​គោលដៅ​ដែល​លោក ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា ដែល​ជា​អ្នក​ដែល​មាន​ឥទ្ធិពល​របស់ រដ្ឋាភិបាល​ថៃ​ប៉ង​តាំងពី​សម័យ​លោក​នៅ​ជា​នាយក​រដ្ឋមន្ត្រី​ថៃ មុន​រដ្ឋប្រហារ​បណ្តេញ​លោក​ចេញពី​ដំណែង​នៅ​ក្នុង​ឆ្នាំ​២០០៦ ។

រដ្ឋបាល​ថៃ​ថ្មី​ទី​២ ដែល​កើត​ពី​ការ​បោះ​ឆ្នោត​នៅ​ខែឧសភា ឆ្នាំ​២០២៣ បាន​ចាប់កំណើត​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២៤ ខណៈ​ដែល​រដ្ឋបាល​ចាស់​ស្លា​.​ប់​ពេល​ចាប់កំណើត​ជិត​១​ឆ្នាំ ។ ភាគច្រើន​រដ្ឋបាល​ថ្មី​នេះ គឺ​ភាគច្រើន​ជា​សមាសភាព​ដដែល​គ្រាន់តែ​ប្តូរ​ក្បាល ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចក្ខុវិស័យ​នៃ​ការ​ដឹកនាំ​ប្រហែលជា​ចេញ​មក​ពី​ប្រភព​តែ​មួយ ដូច្នេះ​ហើយ​គោលដៅ​អ​ទិ​ភាព​នៃ​នយោបាយ ការ​បរទេស​ថៃ​ចំពោះ​កម្ពុជា​ទំនងជា​មិន​ប្រែប្រួល​ធំដុំ​ឡើយ ។

គោលនយោបាយ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ការទូត ពលករ​ឥ​ន្តោ​ប្រវេសន៍ កា​រត​ភ្ជាប់​សេដ្ឋកិច្ច ទេសចរណ៍ គឺជា​រឿង​ទំនាក់​ទំនងជា​ប្រពៃណី ដែល​ថៃ​ធ្វើ​ជាមួយនឹង​កម្ពុជា​ជា​ប្រចាំ សូ​ម្បី​តែ​ក្នុងអំឡុងពេល​ដែល​ថៃ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​បង្កជម្លោះ​នៅ​តំបន់​ព្រំដែន​២០០៨ ដល់​២០១១ ក៏​ដោយ ប៉ុន្តែ​រឿង​មួយ​ចំនួន ដែល​អាក់ខាន​ហើយ ភាគី​ទាំង​ពីរ​ធ្លាប់​ជជែក​គ្នា​នោះ គឺ​រឿង​ពាក់ព័ន្ធ​នឹង​គម្រោង​ថាមពល​រួម​គ្នា នៅ​តំបន់​ត្រួតស៊ីគ្នា នៅ​ឈូង​សមុទ្រ​ថៃ ហើយនឹង​ការ​សើរ​រើ​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ​កម្ពុជា ថៃ និង​ឡាវ​ផង​ដែរ ។

នៅ​ក្នុង​ចំណោម​គម្រោង​ទាំង​ពីរ​សំខាន់​ៗ​នេះ រឿង​គម្រោង​ថាមពល​រួម​គ្នា​នៅ​តំបន់​ត្រួតស៊ីគ្នា នៅ​ឈូង​សមុទ្រ​ថៃ គឺ​កម្ពុជា និង​ថៃ​បង្ហើប​ច្បាស់​បំផុត ជា​ពិសេស គឺ​នៅ​ក្នុងអំឡុងពេល​ដែល​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ទៅ​បំពេញ​ទស្សនៈកិច្ច​ថៃ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ពេល​ដែល​សម្តេច និង​លោក សេដ្ឋា ថា​វេ​ស៊ី​ន នៅ​កាល​ជា​នាយក​រដ្ឋមន្ត្រី​បាន​ប្រកា​សភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ​រួម​រវាង​ប្រទេស​ទាំង​ពីរ ។

ក្នុង​ជំនួប​ទ្វេភាគី​នៅ​វិមាន​រដ្ឋាភិបាល នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​យ៉ាង​ទូលំទូលាយ​អំពី​បញ្ហា​ទ្វេភាគី និង​តំបន់​ដែល​មាន​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ។ ពួក​គេ​បាន​ឯកភាព​លើកកម្ពស់​ទំនាក់ទំនង​ថៃ​-​កម្ពុជា ទៅ​ជា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ ដើម្បី​បើកឱកាស​ថ្មី​សម្រាប់​ប្រទេស​ទាំង​ពីរ​ធ្វើការ​កាន់តែ​ជិត​គ្នា​ក្នុង​សក្តានុពល​ពេញលេញ ហើយ​ជា​ពិសេស គឺ​គម្រោង​ថាមពល​ពាក់ព័ន្ធ​នឹង​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​ត្រួតស៊ីគ្នា ដែល​មាន​វិសាលភាព​ប្រមាណ​ជា​២៧.០០០ គីឡូ​មែ​ត្រ​កា​រ៉េ ។

ដោយឡែក​រឿង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​រួម​គ្នា​ជាមួយនឹង​កម្ពុជា​-​ឡាវ​-​ថៃ ដែល​មានការ​ពិភាក្សា និង​លើក​ឡើង កាលពី​អំឡុង​ដើម​ទស្សវត្សរ៍​នៃ​ឆ្នាំ​២០០០ មិន​ច្បាស់​នឹង​ចំ​មុខ​ទេ​តែ​មាន​មានការ​បញ្ឆិតបញ្ឆៀង​ខ្លះ​ៗ​។

ពាក់ព័ន្ធ​នឹង​រឿង​នេះ សារព័ត៌មាន និង​ខាង​បណ្ឌិតសភា​ថៃ​ក៏​បាន​បង្ហើប​ខ្លះ​ៗ​ដែរ ហើយ​នៅ​ចាំ​បាន​ថា សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ធ្លាប់​បង្ហើប​ត្រួស​ៗ​ខ្លះ​ដែរ​អំពី​បញ្ហា​នេះ ។ អ្វី​ដែល​ថៃ​លើក​ឡើង​បញ្ឆិតបញ្ឆៀង កន្លង​មក គឺ​ការ​ប៉ុន​ប៉ុង​ផ្តួចផ្តើម​ឲ្យ​មានការ​បើក​ព្រំដែន នៅ​ប្រាសាទព្រះវិហារ ដែល​បាន​បិទ​នៅ​ពេល​មាន បញ្ហា​ព្រំដែន​រហូត​ដល់​ការ​ផ្ទុះអាវុធ​ជាដើម ។

ក្រៅពី​រឿង​ជា​ប្រពៃណី​ខាងលើ ប​ញ្ហ​មួយ​ចំនួន​អាច​របស់​កម្ពុជា និង​ថៃ ប្រហែលជា​នឹង​ធ្វើ​ដែរ​នោះ គឺ​បញ្ហា​ការ​ជំរុញ​កា​រត​ភ្ជាប់​ផ្លូវ​រថភ្លើង​ទៅ​ថៃ​ដែល​មិន​ទាន់​អា​ចត​ភ្ជាប់​ការ​ចូលរួម​នៅ​ក្នុង​យុទ្ធសាស្ត្រ CLEAR Sky ជាមួយ​ប្រទេស​ថៃ ឡាវ និង​មី​យ៉ា​ន់​ម៉ា ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​។​ល​។

គោលបំណង​នៃ​គោលនយោបាយ​ថៃ​ទាំងនេះ​នឹង​ត្រូវ​រដ្ឋបាល​លោកស្រី ថៃ​ថង​ថា​ន នឹង​ធ្វើ​ជា​ជំហាន នៅ​ពេល​ដែល​លោកស្រី​អាច​ដោះ​សាយ​បញ្ហា​ផ្ទៃក្នុង បាន​ច្បាស់លាស់ ជា​ពិសេស គឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​នៃ​ការ​ស្រុត​ចុះ​នៃ​សេដ្ឋកិច្ច​របស់​រាជាណាចក្រ​នេះ​ដែល​បាន​ទទួល​តាំងពី​ការ​រីករាយ​ក​ដាល​នៃ​កូ​វី​ដ​១៩ ការ​កើនឡើង​នៃ​បំណុល​គ្រួសារ បញ្ហា​នៃ​ការ​ជំរុញ​សេដ្ឋកិច្ច​តាម​គម្រោង​ចែក​ប្រាក់​ទៅ​ពលរដ្ឋ​ដែល​គណបក្ស ភឿ​ថៃ​បាន​សន្យា​ធ្វើ តែ​រដ្ឋបាល​មុន​នៅ​មិន​ទាន់​អាច​ដោះស្រាយ ការ​ពង្រឹង និង​ជំរុញ​ទេសចរណ៍ ការ​ទប់ស្កាត់​នឹង​ការ​ដួល​រលំ​នៃ​តួនាទី​ស្នូល​របស់​ថៃ នៅ​ក្នុង​ការ​រក្សា​តួនាទី​ខ្លួន ជា​មជ្ឈមណ្ឌល​នៃ​សហគ្រាស​ខ្នាត តូច​និង​មធ្យម ដែល​កំពុង​តែ​ជួប​ខ្យល់ព្យុះ​នៃ​ការ​ហូរ​ចូល​ទំនិញ​ថោក​ៗ​ពី​ចិន ។ ល​។

សរុបសេចក្តី​ទៅ នៅ​ក្នុង​ករណី​លោកស្រី ផៃ​ថង​ថា​ន អាច​ដឹកនាំ​មាន​ស្ថេ​រ​ភាព ហើយ​អាច​ទប់ទល់​នឹង​ចរន្ត នៃ​ឥទ្ធិពល​យោធា​និយម​ក៏​ដូច​ជា និ​ន្ន​ការ​សង្គម និង​តម្រូវការ​នៅ​ក្នុង​ប្រទេស​ថ្មី​ៗ​បាន​នោះ​ច្បាស់​ថា គោលនយោបាយ​ទាំងនេះ​នឹង​មក​ដល់​កម្ពុជា ប៉ុន្តែ​នៅ​ពេល​នេះ​គេ​មិន​ទាន់​ដឹង​ថា តើ​ស្ថានភាព​វា​នឹង​យ៉ាងណា​នៅឡើយ ពីព្រោះ​ក្រុម​អ្នក​តាមដាន​សភាពការណ៍​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នកប្រឆាំង​នឹង​គណបក្ស​ភឿ​ថៃ និង​ក្រុមចម្រុះ​បាន​កំពុង​តែ​ឃ្លាំមើល​ឥរិយា​បទ​របស់​លោក ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា ហើយ​នៅ​ពេល​ដែល ពួក​គេ​រកបាន​ភស្តុ​តាង​ថា លោក​នៅ​ពីក្រោយ​ខ្នង​ការ​សម្រេចចិត្ត​ណាមួយ​នៃ​រដ្ឋាភិបាល​ថ្មី​នេះ រដ្ឋាភិបាល នេះ​អាច​នឹង​រង្គោះរ​ង្គឺ​ជា​ថ្មី​ទៀត​មិន​ខាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ