មួយរយៈចុងក្រោយនេះ សកម្មភាពនៃការបញ្ចេញជីវភាពឡូយឆាយ ហ៊ឺហារ ហ៊ឹកហ៊ាក់ គឺកាន់តែផុលផុសនៅលើបណ្តាញសង្គមពីសំណាក់អ្នកមានធនធានទាំងឡាយជាមួយនឹងការត្រេកត្រអាលចុច Likes (ចូលចិត្ត) ចុច shares (ចែករំលែក)…
មួយរយៈចុងក្រោយនេះ សកម្មភាពនៃការបញ្ចេញជីវភាពឡូយឆាយ ហ៊ឺហារ ហ៊ឹកហ៊ាក់ គឺកាន់តែផុលផុសនៅលើបណ្តាញសង្គមពីសំណាក់អ្នកមានធនធានទាំងឡាយជាមួយនឹងការត្រេកត្រអាលចុច Likes (ចូលចិត្ត) ចុច shares (ចែករំលែក) ។
ការបង្ហាញនូវជីវភាពដ៏ឧត្តុងឧត្តងត្រចះត្រចង់ទាំងអស់កន្លងមកនេះ វាអត់មានខុសនឹងច្បាប់ខុស និង ប្រពៃណី ខុសនឹងបែបបសង្គមអ្វីឡើយ ប៉ុន្តែវាអាចខុសបំណងខុសពីគោលដៅ ខុសពីការចង់បានរបស់ ប្រជាពលរដ្ឋទូទៅ ។
នៅលើបណ្តាញសង្គម គេឃើញមានការអួតបង្ហាញទ្រព្យសមប្បតិត្ត ភាពហ៊ឺហារ នៃអាពាហ៍ពិពាហ៍ ខួបកំណើត រថយន្តទំនើប សូម្បីតែការហូបចុក ការប្រើប្រាស់សម្ភារៈដែលមានតម្លៃរាប់ម៉ឺនដុល្លារ ក៏ត្រូវបានក្រុមអ្នកដែលមានទ្រព្យធនកំពុងតែផ្សព្វផ្សាយយ៉ាងសប្បាយបង្អួតគ្នាទៅវិញទៅមក ។ ខណៈដែលអ្នកកំពុងតែសំឡឹងតាមអេក្រង់ទូរស័ព្ទនៅលើបាត់ដៃជាច្រើននាក់ កំពុងតែតស៊ូក្រោកចេញពីវិបត្តិសេដ្ឋកិច្ចនោះ ការអួតអាងទាំងនោះនឹងប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនទាំងនោះ ។ គេគួរតែប្រៀបប្រដូចរឿងនេះ ដូចទៅនឹងការអន្តរកម្មជីវិតរវាងមនុស្សមួយទល់មួយ ។ គេច្រើននិយាយថា បើនៅជាមួយអ្នកធាត់ កុំនិយាយរឿងធាត់ បើនៅជាមួយអ្នកឈឺ កុំនិយាយរឿងឈឺ បើនៅជាមួយអ្នកអត់លុយ កុំនិយាយរឿងលុយ ។ ពីព្រោះការធ្វើបែបនេះនឹងធ្វើអោយប៉ះពាល់ដល់ផ្លូវចិត្តរបស់ពួកគេ ។
វាដូចគ្នាដែរ នៅពេលក្រុមអ្នកមានអួតអំពីពិធីជប់លាងសប្បាយរីករាយមួយពេលអស់រាប់ម៉ឺនរថយន្តជិះតម្លៃរាប់សែន ហូបចុកម្តងតម្លៃរាប់រយដុល្លារ អ្នកក្រីក្រទំនងជាមិនសប្បាយចិត្តទេ នៅពេលដែលពួកគេមើលឃើញតាមទូរស័ព្ទរបស់ពួកគេ ។ ពួកគេអាចតូចចិត្ត ឬក៏ពួកគេអាចចោទសួរដោយមន្ទិលថា តើអ្នកមានទ្រព្យធនទាំងនោះបានលុយមកពីណាបានជាមានហូរហៀរយ៉ាងនេះ ។
នោះហើយដែលជាបញ្ហា និងជាប្រភពដែលនឹងបណ្តុះទស្សនៈ និងគំនិតសង្ស័យនិយមកកើតឡើង ។ ជាការពិតជ្រុងមួយវិជ្ជមាន ពីការផ្សព្វផ្សាយ និងដណ្តើមគ្នាឃោសនាអួតអាងជីវិត និងជីវភាពដ៏ហ៊ឺហារទាំងនេះ គឺដើម្បីបង្ហាញនូវសមិទ្ធផលនៃតម្លៃនៃសន្តិភាពដែលកម្ពុជាសម្រេចបានតាំងពីឆ្នាំ១៩៩៨ ។
ការផ្សព្វផ្សាយបែបនេះអាចជាការខិតខំបញ្ជាក់ថា ក្រោយសន្តិភាពដែលកម្ពុជារកបានដោយលំបាកមកនេះ គឺពិតជាធ្វើឲ្យជីវភាពប្រជាពលរដ្ឋរុងរឿងមែន ពិតជាហ៊ឺហារ ពិតជាសំបូរសប្បាយមែនទើបពលរដ្ឋមានទ្រព្យសម្បត្តិស្តុកស្តម្ភការហូបចុកសំបូរសប្បាយហៀរហូររបស់ប្រាស់ប្រាស់ គឺសុទ្ធតែថ្លៃទំនើប និងប្រណីតស្រុកគេមាន ស្រុកខ្មែរឥឡូវក៏មានដែរ ប៉ុន្តែកុំភ្លេចអ្នកដែលមានលទ្ធភាពបែបនោះវាមានភាគរយតិចជាងក្រុមដែលកំពុងតែបើកភ្នែកមើលដោយចម្ងល់វាមានចំនួនច្រើនជាងក្រុមដែលបង្ហោះបង្អូត ។
ការគិតបែបនេះ មិនខុសនោះទេ ហើយប្រាកដជាមានអ្នកដែលគិតបែបនោះ ប៉ុន្តែសូមកុំភ្លេចធម្មជាតិរបស់មនុស្សនឹងមិនបញ្ចប់ការវា.យតម្លៃដ៏សាមញ្ញបែបនេះឡើយ ។
ជាធម្មជាតិរបស់មនុស្សជាតិនៅពេលដែលមនុស្សឃើញនរណាម្នាក់មានស្ថានភាពខុសពីស្ថានភាព ដែលខ្លួនកំពុងតែមាន វាអាចបង្កឱ្យមានអារម្មណ៍ និងគំនិតរិះគិតជាច្រើន ដោយឈរនៅលើទស្សនៈ និងមូលដ្ឋាននៃការគិតផ្សេងៗគ្នា ។
នៅក្នុងស្ថានភាពទាំងនេះ សម្រាប់អ្នកខ្លះអាចកោតសរសើរគេ ហើយខិតខំកែប្រែខ្លួនឯងដើម្បីឲ្យដូចគេ ។ អ្នកខ្លះវិញ អាចដុះចេញនូវមានអារម្មណ៍ច្រណែន ឬអាក់អន់ចិត្ត និងខកចិត្ត ឬរិះគិតហើយប្រៀបធៀបទៅនឹងអយុត្តិធម៌សង្គម ។ អ្នកខ្លះទៀត គឺបានកើតទៅជាការសង្ស័យអំពីទំនាក់ទំនងរវាងទ្រព្យសម្បត្តិ និងសុភមង្គលទាំងនេះហើយរិះគិតប្រៀបធៀបរកប្រភពនៃភាពហ៊ឺហាដែលខ្លួនឃើញ ។
ទឡ្ហីករណ៍ទាំងអស់នេះហើយដែល ឆ្លុះបញ្ចាំងពីបញ្ហាសង្គមកាន់តែទូលំទូលាយ ដែលអាចនឹងនាំឲ្យពួកគេរិះគិត អំពីបញ្ហាយុត្តិធម៌សង្គម និងកំណែទម្រង់ ។ នៅពេលដែលគេសប្បាយមួយពេលលើសខ្លួនឯងរកចំណូលបានដល់ទៅរាប់ខែ ពួកគេនឹងចាប់ផ្តើមដាក់សម្ពាធខ្លួនឯង ហើយក៏បង្កើតឲ្យពួកគេមានគំនិតរិះគិតដល់វិសមភាពសង្គមកាន់តែឆ្ងាយដែលនាំឲ្យសង្គមកម្ពុជាមានបញ្ហា ព្រោះតែវិសមភាព និងគម្លាតសង្គមនេះឯង ។
សរុបមកវិញប្រសិនបើអស់លោក/លោកស្រី មានបានហើយសប្បាយអីក៏សប្បាយទៅធ្វើអ្វីក៏ធ្វើទៅ វា គឺជាសិទ្ធិសេរីភាពរបស់អ្នកទាំងអស់គ្នា ប៉ុន្តែគ្រាន់តែថា ប្រសិនបើអាចស្ងាត់ៗតែគ្នាឯងនឹងបានហើយ កុំប្រើប្រាស់បណ្តាញសង្គមមកធ្វើជាវេទិកាអួតអាងទៅបានហើយ ។ ការអួតការអាងតាមបណ្តាញសង្គម អំពី ភាពមានបានភាពហ៊ឺហារបស់អ្នកទាំងអស់គ្នាប្រហែលជាចំណុចចាប់ផ្តើមនៃរង្វាស់រង្វាល់នូវគម្លាតនៃ សង្គម និងការបណ្តុះគំនិតសង្ស័យនិយមកើតមានឡើង ។ នៅក្នុងសង្គមមួយនៅពេលដែលគម្លាតសង្គម កាន់តែធំ អយុត្តិធម៌សង្គមកាន់តែកើន នោះគ្រោះថ្នាក់របស់សង្គមក៏កាន់តែផុយស្រួយ ។ ម្យ៉ាងទៀត ការអួតទ្រព្យសម្បត្តិតាមបណ្តាញសង្គមក៏អាចធ្វើប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួនផងពីឧក្រិ.ដ្ឋជនដែលអាចជាចោរប្ល.ន់ ឬ ចោរលួចដែលនឹងស្រក់ទឹកមាត់ដោយសារការឃើញទឹកលុយដ៏ច្រើនដែលគេអួតនោះ ។
ដូច្នេះ អ្នកអួតតាមបណ្តាញសង្គមប្រហែលគិតថា វាធ្វើអោយពួកគេសប្បាយចិត្តដែលបានរស់នៅក្នុងជីវិតដ៏ឡូយឆាយ ។ ប៉ុន្តែទិដ្ឋភាពអួតអាងនោះនឹងត្រូវបកស្រាយតាមផ្លូវផ្សេងពីសំណាក់ប្រជាជនដែលមានជីវភាពខុសពីនោះ ។ សម្រាប់អ្នកអួត គេអាចគិតថា គេមិនបានធ្វើអ្វីខុសទេ ។ ប៉ុន្តែអ្វីដែលយើងត្រូវទទួលស្គាល់នោះ គឺមនុស្សច្រើនមានភាពរំជើបរំជួលផ្លូវអារម្មណ៍ជាជាងការគិតដោយសមហេតុផល។
អារម្មណ៍របស់ពួកគេ គឺទាក់ទងនឹងស្ថានភាពដែលពួកគេកំពុងប្រឈមមុខ ។ ឧទាហរណ៍ ពួកគេ កំពុងតែអត់លុយ ហើយពពួកអ្នកមានអួតអំពីលុយ និងភាពហូរហៀរអោយពួកគេឃើញ ។ ភាពលម្អៀងនៃអារម្មណ៍របស់មនុស្សអាចធ្វើអោយពួកគេគិតតូចចិត្ត ហើយមានប្រតិកម្មក្រោមរូបភាពផ្សេងៗដូចជាចោទសួរអំពីថា អ្នកអួតទាំងនោះធ្វើអ្វីបានមានខ្លាំង ហើយហេតុអ្វីបានជាសង្គមខ្មែរមានភាពខុសគ្នាខ្លាំដូចច្នេះ ។
ប៉ុន្តែសំខាន់ដូចគ្នានេះ មនុស្សគ្រប់រូបត្រូវប្រកាន់យកការគិតបែបវិជ្ជមាន ហើយមិនមានការច្រណែន ។ បានន័យថា ការឃើញភាពមានបានទាំងនោះគួរតែជាការលើកទឹកចិត្តដល់ខ្លួនអោយប្រឹងប្រែង ដើម្បីមានបាននឹងគេ ជាជាងការគិតតូចចិត្ត ។ គេអាចមានបាន យើងក៏អាចមានបានដូចគ្នា បើយើងតស៊ូអោយដល់កម្រិត ។ ដូច្នេះ យើងគូរគប្បីដកចេញអារម្មណ៍អវិជ្ជមាន ហើយសំឡឹងឃើញអ្វីៗគ្រប់យ៉ាងក្នុងផ្លូវវិជ្ជមានដែលជាកម្លាំងចិត្តសម្រាប់យើង ដើម្បីធ្វើអោយជីវិតរបស់យើងកាន់តែប្រសើរ ។ ការតូចចិត្ត ការច្រណែន មិនបានជួយអ្វីដល់ខ្លួនយើងទេ ។ អ្វីដែលអាចជួយខ្លួនយើងបាន គឺផ្លាស់ប្តូរការគិតពីអវិជ្ជមានទៅជាវិជ្ជមានហើយសំឡឹងឃើញឱកាសគ្រប់ស្ថានភាព ៕
ចែករំលែកព័តមាននេះ