ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដាំបន្លែត្រកួនរីករាយដោយត្រកួនមានទីផ្សារ ប៉ុន្តែពិបាកដឹកបន្លែ ព្រោះគ្មានផ្លូវនៅក្រុងស្វាយរៀង

3 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជា​កសិករ អ្នក​ដាំ​បន្លែ​ត្រកួន​រីករាយ ដោយ​ត្រកួន​របស់​ពួក​គាត់​មាន​ទីផ្សារ ទោះបី​បាន​តម្លៃ​ថោក​បន្តិច​មែន ប្រជា​កសិករ​គាត់​ចង់បាន​ផ្លូវ​១​ខ្សែ​ធ្វើ​ដំណើរ​ទៅ​បេះ​ត្រកួន និង​ដឹក​ត្រកួន​ពី​ស្រែ​យក​ទៅ​ឲ្យ​ម៉ូយ ។ ប្រជា​កសិករ​លើក​ឡើង​នេះ​បាន​កើតឡើង…

ខេត្តស្វាយរៀង ៖ ប្រជា​កសិករ អ្នក​ដាំ​បន្លែ​ត្រកួន​រីករាយ ដោយ​ត្រកួន​របស់​ពួក​គាត់​មាន​ទីផ្សារ ទោះបី​បាន​តម្លៃ​ថោក​បន្តិច​មែន ប្រជា​កសិករ​គាត់​ចង់បាន​ផ្លូវ​១​ខ្សែ​ធ្វើ​ដំណើរ​ទៅ​បេះ​ត្រកួន និង​ដឹក​ត្រកួន​ពី​ស្រែ​យក​ទៅ​ឲ្យ​ម៉ូយ ។

ប្រជា​កសិករ​លើក​ឡើង​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​៨ កញ្ញា ២០២៤ នៅ​ភូមិ​គយ​ត្របែក សង្កាត់​គយ​ត្របែក ក្រុង​ស្វាយ​រៀង ។

បើ​តាម​ស្ត្រី​ម្នាក់​ឈ្មោះ កើត ស៊ី​ណា អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​គយ​ត្របែក បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា គាត់​បាន​ដាំ​ត្រកួន​ទឹក​លើ​ផ្ទៃដី​២៥​អា គឺ​អាច​បេះ​វិល​ជុំ​បេះ​រាល់ថ្ងៃ ក្នុង​១​ថ្ងៃ​អាច​បេះ​បាន​៥០​ទៅ​១០០ ដុំ ហើយ​ក្នុង​១​ដុំ លក់​បាន​៤០០​រៀល គឺ​មាន​ឈ្មួញកណ្តាល​មក​ប្រមូល​ទិញ​រាល់​ព្រឹក ។ ចំណែក​ស្ត្រី​ឈ្មោះ​ភេ សា​រ៉ាត់ អាយុ​៦៤​ឆ្នាំ នៅ​ភូមិ​គយ​ត្របែក បាន​ឲ្យ​ដឹង​ថា គាត់​ដាំ​ត្រកួន លើ​ផ្ទៃដី​២០​អា គឺ​បេះ​លក់​រាល់ថ្ងៃ​ដែរ ក្នុង​១​ថ្ងៃ លក់​បាន​៨០​ដុំ បេះ​២​នាក់​ប្តី​ប្រពន្ធ គឺ​ត្រូវ​ក្រោក​ឡើង​ម៉ោង​២​និង​០០​នាទី​ទៀប​ភ្លឺ ដោយ​ម៉ូយ​មក​ប្រមូល​បន្លែ នៅ​វេលា​ម៉ោង​៤​និង​០០​នាទី​ព្រឹក​ទៀប​ភ្លឺ ម៉ូយ​ដឹក​ទៅ​លក់​បន្ត​នៅ​រាជធានី​ភ្នំពេញ ។

ចំណែក​ស្ត្រី​ម្នាក់​ទៀត ឈ្មោះ កែវ សុ​ផា អាយុ​៥៤​ឆ្នាំ បាន​និយាយ​ថា គាត់​ដាំ​ត្រួ​ន​លើ​ផ្ទៃដី​កន្លះ​ហិ​កតា ជាង​១០​ឆ្នាំ​មក​ហើយ ការ​ដាំ​ត្រួ​ន​នៅ​ក្នុង​ស្រែ នៅ​រដូវប្រាំង​មានការ​លំបាក​បន្តិច គឺ​ខ្វះ​ទឹក​បូម​ដាក់​ស្រែ​ត្រកួន ក៏​ប៉ុន្តែ​បើ​ដាក់​ជី​មានទឹក​គ្រប់គ្រាន់ ត្រកួន​ល្អ​លក់​បាន​ថ្លៃ​ជា​ត្រកួន​ខែវស្សា ខែ​ប្រាំ​១​ដុំ​តម្លៃ​៦០០​រៀល នៅ​រដូវវស្សា​ត្រកួន​១​ដុំ បាន​តែ​៤០០​រៀល​ប៉ុណ្ណោះ ងាយស្រួល​លក់​ឲ្យ​តែ​បេះ​ឲ្យ​គេ​បាន​ប៉ុន្មាន​ដុំ​ក៏​គេ​យក​ដែរ ក៏​ប៉ុន្តែ​យ៉ាប់​កម្លាំង ដោយ​មិន​បាន​ដេក​គ្រប់គ្រាន់ គឺ​ម៉ោង​២​យប់​ក្រោក​ឡើង​ទៅ​បេះ​ត្រកួន​រហូត​ម៉ោង​៦​និង​០០​នាទី​ព្រឹក​ទើប​បេះ​បាន​១០០​ដុំ ហើយ​ត្រូវ​ទួល​ត្រកួន​ពី​ស្រែ​យក​ឲ្យ​ម៉ូយ​នៅ​លើ​ថ្នល់​ក្នុងភូមិ ដោយ​ខែវស្សា គ្មាន​ផ្លូវ​អាច​ដឹក​តាម​ម៉ូតូ ឬ​អូស​កង់​បាន​ត្រូវ​ទួល​១០០​ដុំ ត្រូវ​ទូល​២​ជើង​ទើប​អស់ ។

ប្រជា​កសិករ​អ្នក​ដាំ​បន្លែ​ត្រកួន​បាន​សុំ​អំពាវ​សូម​ឲ្យ​អាជ្ញាធរ សង្កាត់ និង​លោក​អភិបាលក្រុង​ស្វាយ​រៀង​មេត្តា សាងសង់​ផ្លូវ​១​ខ្សែ ទទឹង​៤​ម៉ែត្រ​បណ្តោយ​ប្រវែង​៧០០​ម៉ែត្រ ដើម្បី​ឲ្យ​ប្រជា​កសិករ​អ្នក​ដាំ​បន្លែ​ត្រកួន​ក៏​ដូច​អ្នក​ធ្វើស្រែ​មាន​ផ្លូវ​ដឹក​បន្លែ និង​ដឹកស្រូវ​ពេល​ប្រមូល​ផល ។

ទាក់ទិន​ករណី​នេះ​ដែរ ស្ត្រី​ម្នាក់​ជា​មេ​ភូមិ​គយ​ត្របែក​បាន​ប្រាប់​កោះសន្តិភាព​ថា ប្រជាជន​ប្រកប​មុខរបរ​ដាំ​បន្លែ​នេះ​មាន​៥៦​គ្រួសារ លើ​ផ្ទៃដី​ចំនួន​៥៤​ហិ​កតា ៥០​អា បន្លែ​រួម​មាន​ត្រកួន កញ្ឆែត កណ្តៀង ត្រកៀត ភ្លៅកង្កែប ។​ល​។

លោកស្រី​ប្រធាន​ភូមិ​បាន​បន្ត​ថា បន្លែ​ធម្មជាតិ​មាន​ទីផ្សារ​ល្អ ទោះបី​មាន​តម្លៃ​ថោក​បន្តិច ក៏​ប៉ុន្តែ​បើ​គិត​ជា​ប្រាក់​លក់​បាន​គ្រួសារ​មាន​គ្នា​២​នាក់ ដាំ​ដី​កន្លះ​ហិ​កតា​ឡើង​ទៅ អាច​រក​ចំណូល​ក្នុង​១​ថ្ងៃ​៥​ម៉ឺន​រៀល ទៅ​៧​ម៉ឺន​រៀល អ្នក​ដាំ​ម្នាក់ឯង អាច​រក​ចំណូល​បាន​ចាប់ពី​២​ម៉ឺន​រៀល ទៅ​៤​ម៉ឺន​រៀល ។ ក្នុង​នោះ​ដែរ ក៏​មានគ្រួសារ​ខ្លះ គ្មាន​ម៉ូយ​ត្រូវ​បេះ​យក​ទៅ​លក់​ខ្លួនឯង​នៅ​តាម​ផ្សារ​ក្នុង​ក្រុង​ស្វាយ​រៀង ក៏​អាច​រក​ប្រាក់​ចំណូល​ក្នុង​១​ថ្ងៃ​២​ម៉ឺន​ទៅ​៤​ម៉ឺន​រៀល​ដែរ ។

នៅ​ផ្សារ​ត្រកួន​កញ្ឆែត កណ្តៀង​បោះ​ដុំ ដប់​ដុំ​៦០០​រៀល អ្នក​លក់រាយ​១​ដុំ​១​ពាន់​រៀល ។ ហើយ​បន្លែ​ត្រកួន​កញ្ឆែត កណ្តៀង ភ្លៅកង្កែប ឈ្មួញកណ្តាល​មក​ប្រមូល​ទិញ​ទៅ​លក់​នៅ​ក្រុង​បា​វិត និង​នៅ​ភ្នំពេញ ។ ហើយ​ចំពោះ​ប្រជាពលរដ្ឋ​សំណូមពរ​សុំ​ផ្លូវ​១​ខ្សែ​នោះ ចាំ​លោកស្រី​រាយ​ការ​ទៅ​លោក​ចៅសង្កាត់ លើក​គម្រោង​សំណើរ​សុំ​ទៅ​លោក​អភិបាលក្រុង ស្វាយ​រៀង សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ឆ្នាំ​២០២៤-២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ