ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រដ្ឋាភិបាល​ថ្មី​បាន​ដាក់​គោលដៅ​ជំរុញ​ការ​នាំ​ចេញ​អង្ករ​សម្រេច​ឲ្យ​បាន​១​លាន​តោន នៅ​ឆ្នាំ​២០២៥ ខាង​មុខ ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ កំណើន​នៃ​ការ​នាំ​ចេញ​អង្ករ​ហាក់​នៅ​ឆ្ងាយ​ពី​អ្វី​ដែល​បាន​កំណត់​នៅឡើយ ។ ដើម្បី​សម្រេច​ទៅ​តាម​ជំហាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​កំណត់​គោលដៅ​នៃ​ការ​នាំ​អង្ករ​ចេញ​ឲ្យ​បាន ៨៥០.០០០…

រដ្ឋាភិបាល​ថ្មី​បាន​ដាក់​គោលដៅ​ជំរុញ​ការ​នាំ​ចេញ​អង្ករ​សម្រេច​ឲ្យ​បាន​១​លាន​តោន នៅ​ឆ្នាំ​២០២៥ ខាង​មុខ ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ កំណើន​នៃ​ការ​នាំ​ចេញ​អង្ករ​ហាក់​នៅ​ឆ្ងាយ​ពី​អ្វី​ដែល​បាន​កំណត់​នៅឡើយ ។

ដើម្បី​សម្រេច​ទៅ​តាម​ជំហាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​កំណត់​គោលដៅ​នៃ​ការ​នាំ​អង្ករ​ចេញ​ឲ្យ​បាន ៨៥០.០០០ តោន នៅ​ក្នុង​ឆ្នាំ​២០២៤ ហើយ​១​លាន​តោន នៅ​ក្នុង​ឆ្នាំ​២០២៥ ប៉ុន្តែ​ស្ថិតិ​នៃ​ការ​នាំ​អង្ករ​ចេញ​៨​ខែ នៃ​ឆ្នាំ​២០២៤ ដែល​សហព័ន្ធ​នេះ​បាន​ប្រកាស​នោះ គឺ​ទើបតែ​សម្រេចការ​នាំ​ចេញ​បាន​ត្រឹមតែ ៤១២.០២៣​តោន​ប៉ុណ្ណោះ ។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៨​ខែ នៃ​ឆ្នាំ​២០២៤​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​បាន​ចំនួន​ត្រឹមតែ​៤១២.០២៣​តោន ដោយ​ទទួល​បាន​ចំណូល​៣០៥​លាន​ដុល្លារ ។

ការ​នាំ​ចេញ​អង្ករ​នៅ​រយៈពេល​៨​ខែ នៃ​ឆ្នាំ​២០២៤ គឺ​ធ្វើ​ឡើង​តាម​រយៈ​ក្រុមហ៊ុននាំចេញ​អង្ករ​ចំនួន​៥៣ ក្រុមហ៊ុន ទៅ​កាន់​គោលដៅ​ចំនួន​៦៥ ដែល​ក្នុង​នោះ​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អឺរ៉ុប​ចំនួន​២៦ បាន​បរិមាណ​អង្ករ​ចំនួន​២០៨.២០៧ តោន គិត​ជា​ទឹកប្រាក់​ចំនួន ១៦១,៧០ លាន​ដុល្លារ ទៅ​កាន់​ប្រទេស​ចិន រួម​ទាំង​ហុងកុង និង​ម៉ា​កាវ ចំនួន ៧៧.៧៩២ តោន គិត​ជា​ទឹកប្រាក់​ចំនួន​៤៨,៨៧ លាន​ដុល្លារ ទៅ​កាន់​ប្រទេស​ក្នុង​អាស៊ាន រួម​ទាំង​ទី​ម័​រ​ខាងកើត​ចំនួន​៧​ប្រទេស​បាន​បរិមាណ​ចំនួន ៨៣.០៩៥ តោន គិត​ជា​ទឹកប្រាក់​ចំនួន ៥៦,៨៩ លាន​ដុល្លារ និង​ទៅ​កាន់​គោលដៅ​២៨​ប្រទេស​ផ្សេង​ទៀត មាន​អាហ្វ្រិក​ម​ជ្ឈឹ​ម​បូព៌ា អា​មេ​រិ​ក កា​ណា​ដា អូស្ត្រាលី ញ៉ូ​ហ្សេ​ឡេ​ន​ជាដើម​បាន​ចំនួន​៤២.៩២៩ តោន គិត​ជា​ទឹកប្រាក់​ចំនួន ៣៧,៦៩ លាន​ដុល្លារ ។

ចំពោះ​ប្រភេទ​អង្ករ​ដែល​កម្ពុជា​បាន​នាំ​ចេញ គឺ​អង្ករ​ក្រអូប​ចំនួន​៧០,៩២​ភាគរយ ប្រភេទ​អង្ក​រស​ធម្មតា ២៣,៧៥​ភាគរយ អង្ករ​ចំ​ហ៊ុយ ៣,១៣​ភាគរយ អង្ករ​សរីរាង្គ​ចំនួន ១,៨៩​ភាគរយ និង​អង្ករ​ផ្សេង​ៗ​ចំនួន ០,៣២% ។

ជាមួយ​គ្នា​នេះ ប្រទេស​កម្ពុជា​ក៏​បាន​នាំ​ចេញ​ស្រូវ​ចំនួន​៣.៣១៨.៥៩២ តោន ដែល​គិត​ជា​ទឹកប្រាក់​បាន​ប៉ាន់​ប្រមាណ​ជាង​៩១៨,១៦ លាន​ដុល្លារ ដែល​ក្នុង​នោះ​៨៣,៧៧​ភាគរយ បាន​នាំ​ចេញ​ដោយ​ឆ្លងកាត់​ការ​ស្នើ​សុំ​ការ​បញ្ជាក់​ឯកសារ​នាំ​ចេញពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ។

ផ្អែក​ទឡ្ហីករណ៍​នេះ​បាន​បង្ហាញ​ថា គោលដៅ​នៃ​ការ​នាំ​ចេញ​អង្ករ​ត្រឹម​គោលដៅ ឆ្នាំ​២០២៤ គឺ​ហាក់ដូចជា​ពិបាក​នឹង​ទៅ​ដល់​ដែរ ដោយសារ​តែ​នៅ​ពេល​នេះ​នៅ​សល់​តែ​៤​ខែ​ទៀត​ប៉ុណ្ណោះ ខណៈ​ដែល​បរិមាណ​នៃ​ការ​នាំ​ចេញ​អង្ករ​ទើបតែ​សម្រេច​បាន គោលដៅ​ត្រឹមតែ​ជាង ៥០ ភាគរយ​បន្តិច​បន្តូច​ប៉ុណ្ណោះ​នៃ​គោលដៅ​ដែល​បាន​កំណត់​។ តាម​ការ​កត់ត្រា​កន្លង​មក​បរិមាណ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​មែន ប៉ុន្តែ​បរិមាណ​នៃ​ការ​នាំ​ចេញ​នេះ​កើនឡើង​មិន​ច្រើន​ឡើយ ។ កាលពី​ឆ្នាំ​២០២៣​កន្លង​ទៅ កម្ពុជា​អាច​នាំ​ចេញ​អង្ករ​បាន​សរុប ៦៥៦.០០០ តោន​។

ដូច្នេះ​នៅ​សល់​៤​ខែ នៃ​ឆ្នាំ​២០២៤​នេះ តើ​កម្ពុជា​នឹង​អាច​សម្រេច​បាន​គោលដៅ​នាំ​អង្ករ​ចេញ​ចំនួន​៨៥០ ០០០ តោន​ដែរ​ឬទេ0x017d7 ដោយ​សំឡឹង​មើល​ពេលវេលា​៤​ខែ​ទៀត ដែល​នៅ​សល់ និង​បរិមាណ​ការ​នាំ​ចេញ ៨ ខែ កន្លង​មក​ត្រឹម​ជាង​៤១០ ០០០ តោន​នោះ វា​ទាមទារ​កិច្ច​ប្រឹងប្រែង​ជា​ខ្លាំង ដើម្បី​សម្រេច​គោលដៅ​នេះ ។

ជា​ការ​ពិត នៅ​ពេល​នេះ កម្ពុជា​ស្ថិត​នៅ​ក្នុង​បញ្ជី​ជា​មហាអំណាច​អង្ករ​កំពូល​ទាំង​១០ ហើយ​បើ​បូក​បញ្ចូល​ទាំង​បរិមាណ​ស្រូវ​ដែល​បាន​នាំ​ចេញ​គោលដៅ​១​លាន​តោន គឺ​ស៊ី​ផុយ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​នេះ មិនមែន​ជា​គោលដៅ​ឡើយ ពីព្រោះ​ថា រវាង​ការ​នាំ​ចេញ​អង្ករ និង​នាំ​ចេញ​ស្រូវ គឺ​ការ​នាំ​ចេញ​ស្រូវ​ដោយ​ផ្ទាល់ គឺ​កម្ពុជា​ខាតបង់​ច្រើន ។

ជា​ទូទៅ​ការ​នាំ​ចេញ​អង្ករ គឺ​ទាមទារ​នូវ​ខ្សែរ​សង្វា​ក់​ការងារ​ជា​ច្រើន​ការ​នាំ​ចេញ​ស្រូវ ។ ការ​នាំ​ចេញ​ស្រូវ គឺ​ងាយ​បំផុត ប៉ុន្តែ​កម្ពុជា​បាន​បាត់បង់​តម្លៃបន្ថែម​ជា​ច្រើន​ពីព្រោះ​ថា ស្រូវ​មុន​នឹង​ក្លាយជា​អង្ករ គឺ​ទាមទារ រោង ម៉ាស៊ីនកិនស្រូវ ដែល​ទាមទារ​កម្មករ ហើយ​ម្យ៉ាងទៀត​ស្រូវ​ដែល​យក​ទៅ​កិន​ជា​ទូទៅ គឺ​ទទួល​បាន ទាំង​អង្ករ ចុងអង្ករ កន្ទក់ និង អង្កាម ដែល​ផលិតផល​ទាំងនេះ គឺ​សុទ្ធសឹងតែ​ជា​ប្រភព​ដែល​អាច​បង្កើន​តម្លៃបន្ថែម​ពី​ផលិតកម្ម​អង្ករ ។

អង្ករ​វា​ជា​មាស​ស​ទៅ​ហើយ តែ​ចុងអង្ករ​ក៏​ជា​មាស​ដែរ​ពីព្រោះ​វា និង​កន្ទក់ គឺ​គេ​អាច​យក​ទៅ​កែ​ច្នៃ​ធ្វើ​នេះ​ធ្វើ​នោះ​បាន​ច្រើន​តាំងពីរ​អាហារ​រហូត​ប្រេង​កន្ទក់ និង​ធ្វើ​ចំណី​សត្វ​ជាដើម ហើយ​អង្កាម​វិញ គឺ​អាច​យក​ទៅ​ធ្វើ​ជី ទៅ​ដុត​ផលិត​អគ្គី​ស​នី ជាដើម ។ នៅ​ក្នុង​ខ្សែរ​សង្វា​ក់​ផលិតកម្ម​នេះ គឺ​ត្រូវការ​សុទ្ធតែ​ការងារ​ដល់​ប្រជាពលរដ្ឋ ។

ផលិតកម្ម​កែ​ច្នៃ​អង្ករ​ពី​ស្រូវ​គឺជា​មាស ប៉ុន្តែ​ដើម្បី​កែ​ច្នៃ​បាន​នោះ គឺ​ទាមទារ​ការ​វិនិយោគ​ទាមទារ​យន្តការ ដោះស្រាយ និង​គាំទ្រ​ជា​ច្រើន​ទៀត​ដែល​សុទ្ធតែ​ត្រូវ​ចំណាយ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​វា​មិនមែន​ងាយស្រួល​ឡើយ ។ គោលដៅ​ជំរុញ​ការ​នាំ​ចេញ​អង្ករ​មួយ​លាន​តោន​និយាយ​វា​អាច​ស្រួល តែ​នៅ​ពេល​ដែល​ធ្វើ​វា​ពិបាក ។ ដូច្នេះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ធ្វើការ​រួម​គ្នា ដើម្បី​សម្រេច​គោលដៅ​ឆ្នាំ​២០២៤ និង ២០២៥ ។

ទាំង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ដោយ​រួម​ទាំង​អ្នក​ដែល​ពាក់ព័ន្ធ​គួរតែ​អង្គុយ​ពិនិត្យ​គោលនយោបាយ​និង​រៀបចំ​យន្តការ និង​ធ្វើការ​កែទម្រង់​បើ​ចាំបាច់ តាំងពី​ពេល​នេះ​ទៅ​ដើម្បី​សម្រេច​សុបិន​ដែល​មាន​គោលដៅ​រួម​នាំ​ចេញ​អង្ករ​អោយ​បាន​១​លាន​តោន​នៅ​ឆ្នាំ​២០២៥​។ រួម​គ្នា​ធ្វើ កម្ពុជា​នឹង​អាច​សម្រេច​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ