រាជធានីភ្នំពេញ ៖ បុរសម្នាក់បានប្រើប្រាស់គ្រឿងញៀន រហូតដល់កម្រិតបែកថ្នាំ រួចបានឡើងទៅពួនសម្ងំនៅក្នុងបន្ទប់ទឹកលើជាន់ទី២ផ្ទះរបស់លោកភុំ សារ៉ាយ ដែលជាកីឡាករប្រដាល់សេរីក្បាច់គុនខ្មែរបុរាណ ។ ខណៈនោះ ត្រូវបានលោកភុំ សារ៉ាយ ប្រទះឃើញក៏បានស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាជួយធ្វើការឡោមព័ទ្ធចាប់បាន ភ្លាមៗ រួចប្រគល់ទៅឲ្យនគរបាលយកទៅសួរនាំ ។
មុនដំបូងកីឡាករភុំ សារ៉ាយ បានដាក់ការសង្ស័យថា ជននោះប៉ុនប៉ងចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះរបស់គាត់ និងបានស្នើរសុំឲ្យនគរបាលជួយចាត់ការតាមច្បាប់ឲ្យបានតឹងរ៉ឹង ដោយគ្មានការលើលលែងឡើយ ។ ដើម្បីកុំឲ្យជននោះឆាប់ចេញមកវិញមានគំនុំគំកួនជាមួយគ្រួសាររបស់គាត់ ប៉ុន្តែក្រោយពេលនគរបាលធ្វើការស្រាវជ្រាវនិងពិនិត្យជាក់ស្ដែង ទើបដឹងថាជននេះគឺបែកថ្នាំទេ ហើយកន្លងមកធ្លាប់ជាប់នៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀនចំនួន៣ដងរួចមកហើយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២៥នាទីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ១២៤ ក្នុងភូមិ៤ បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសដែលជាជនបែកថ្នាំរូបនោះឈ្មោះសួស សារ៉ាត់ អាយុ៣៤ឆ្នាំ មានទីលំនៅផ្លូវលេខ៧ បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកម្ចាស់ផ្ទះកើតហេតុខាងលើឈ្មោះភុំ សារ៉ាយ អាយុ៤៩ឆ្នាំ មុខរបរជាកីឡាករប្រដាល់ផង និងជាគ្រូបង្វឹកកីឡាប្រដាល់សេរី ក្បាច់គុនខ្មែបុរាណផងដែរ ។
អ្នកភូមិបាននិយាយថា នៅវេលាកើតហេតុខាងលើជនសង្ស័យបានឡើងទៅសម្ងំនៅក្នុងបន្ទប់ទឹកលើជាន់ទី២ផ្ទះរបស់កីឡាករភុំ សារ៉ាយ ដោយពុំដឹងថាចូលទៅសម្ងំតាំងពីពេលណានោះទេ ។ ក្រោយមកត្រូវបានលោកភុំ សារ៉ាយ ប្រទះឃើញក៏បានស្រែកឆោឡោ និងហៅឲ្យជនសង្ស័យនោះចេញក្រៅ ។ បន្ទាប់មកពួកគាត់ដែលជាអ្នកភូមិបាននាំគ្នាឡោមព័ទ្ធចាប់ជនសង្ស័យបាន រួចប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅទី២ យកទៅសាកសួរ ។
អ្នកភូមិដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា មុនដំបូងលោកភុំសារ៉ាយ បានដាក់ការសង្ស័យថា ជនខាងលើគឺឡើងលើផ្ទះរបស់គាត់ប៉ុនប៉ងលួចទ្រព្យសម្បត្តិ ហើយក៏ស្នើរសុំឲ្យនគរបាលចាត់ការតាមច្បាប់ដាច់ខាត ។ ប៉ុន្តែក្រោយពេលនគរបាលធ្វើការស្រាវជ្រាវនិងពិនិត្យជាក់ស្ដែង ទើបដឹងថាជននេះគឺបែកថ្នាំទេ ហើយកន្លងមកធ្លាប់ជាប់នៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀនចំនួន៣ដងរួចមកហើយ ។
ប្រភពខាងលើបានបញ្ជាក់បន្ថែមទៀតថា លោកភុំ សារ៉ាយមានការព្រួយបារម្ភខ្លាចជនសង្ស័យគ្មានទោស ហើយក្រោយពេលចេញពីប៉ុស្តិ៍នគរបាលវិញមានការគំកួនក្រុមគ្រួសារគាត់ ទើបស្នើរសុំឲ្យនគរបាលចាត់ការជននោះតាមច្បាប់ ។ ប៉ុន្តែដោយសារតែនគរបាលរកភស្តុងតាងដើម្បីដាក់បន្ទុកទៅលើជនសង្ស័យថា ប៉ុនប៉ងលួចបាននោះមិនបាន ក៏ពន្យល់អំពីហេតុផលច្បាប់ដល់លោកភុំ សារ៉ាយ ទើបក្រោយមកទៀតលោកភុំ សារ៉ាយ អត់ដាក់ពាក្យប្ដឹង ហើយឯកភាពឲ្យនគរបាលបញ្ជូនជនសង្ស័យទៅកាន់មណ្ឌលកែប្រែគ្រឿងញៀនជាលើកទី៤ទៀត ៕
ចែករំលែកព័តមាននេះ