ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខរដ្ឋ​ស្ដីទី​កម្ពុជា​សម្ដែង​នូវ​ការ​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ រវាង​កម្ពុជា និង​ឥណ្ឌូ​ណេ​ស៊ី

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សម្ដេច​តេ​ជោ ហ៊ុន សែន​ ប្រមុខរដ្ឋ​ស្តីទី បាន​សម្ដែង​នូវ​ការ​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការរវាង​កម្ពុជា និង​ឥណ្ឌូ​ណេ​ស៊ី ពិសេស ​ក្នុង​វិស័យ​ការពារ​ជាតិ…

រាជធានី​ភ្នំពេញ​ ៖​ សម្ដេច​តេ​ជោ ហ៊ុន សែន​ ប្រមុខរដ្ឋ​ស្តីទី បាន​សម្ដែង​នូវ​ការ​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការរវាង​កម្ពុជា និង​ឥណ្ឌូ​ណេ​ស៊ី ពិសេស ​ក្នុង​វិស័យ​ការពារ​ជាតិ ដែល​ឥណ្ឌូ​ណេ​ស៊ី​បន្ត​ការ​ហ្វឹកហ្វឺន​ដល់​យោធា​របស់​កម្ពុជា ដើម្បី​ថែរក្សា​សុខ​សន្តិភាព​របស់​ប្រទេស ក៏​ដូច​ជា រួមចំណែក​ដល់​ការ​រក្សា​សន្តិភាព ស្ថិរភាព ​ក្នុង​តំបន់​ផង​ដែរ​។

ការ​សម្តែង​ការ​ពេញចិត្ត​នេះ ​ខណៈសម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទីនៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម Prabowo Subianto រដ្ឋមន្ត្រី​ការពារ​ជាតិ និង​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នា​រសៀល​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​វិមាន​ព្រឹទ្ធសភា​។

ក្នុង​ជំនួប​នោះ សម្តេច​តេ​ជោ​ប្រមុខរដ្ឋ​ស្តីទីបាន​អបអរសាទរ​ចំពោះ ឯកឧត្តម Prabowo Subianto ដែល​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី​។ សម្ដេច​តេ​ជោ ​ក៏​បាន​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​។

ឯកឧត្តម Prabowo Subianto បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ ដែល​ឯកឧត្តម​បាន​ចាត់​ទុក​សម្តេច​តេ​ជោ​ជា​មិត្ត​ដ៏​ល្អ​។ ឯកឧត្តម​បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ ប្រមុខរដ្ឋ​ស្ដីទី ផង​ដែរ​អំពី​លទ្ធ ផល​ល្អ​ប្រសើរ​នៃ​ជំនួប​ជាមួយ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា ណាចក្រ​កម្ពុជា ហើយ​ឯកឧត្តម​ក៏​បាន​ស្នើ​គោរព​អញ្ជើញសម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី និង​សម្ដេច​តេ​ជោ ចូលរួម​ក្នុង​ឱកាស​ដែល​ឯកឧត្តម​ចូល​កាន់​មុខ​តំណែង​ជា​ប្រ​ធា​ប្រធានាធិបតី​នា នៅ​ថ្ងៃ​ទី​២០ ខែតុលា​ឆ្នាំ​២០២៤ ខាង​មុខ​នេះ​។

ឯកឧត្តម​បាន​បញ្ជាក់​ថា ទស្សនកិច្ច​រយៈពេល​ខ្លី​របស់​ឯកឧត្តម​មក​កាន់​កម្ពុជា​នៅ​ពេល​នេះ គឺ​ដើម្បី​បង្កើន​មិត្តភាព និង​ពង្រឹង​ទំនាក់ទំនង រវាង​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី និង​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត​។ ឯកឧត្តម​ក៏​បាន​បង្ហាញ​បំណង​ពី​ការ​បន្ត​នូវ​កិច្ច​សហប្រតិបត្តិការ​ខាង​ផ្នែក​សេដ្ឋកិច្ច និង​វិស័យ​ជា​ច្រើន​ទៀត រួម​ទាំង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស និង​ចង់ឱ្យ​យុវជន​កម្ពុជា​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

ឯកឧត្តម​ក៏​មាន​បំណង​ពង្រីក​បន្ថែម​ទៀត​នៅ​វិស័យសេដ្ឋកិច្ច រវាង​ប្រទេស​ទាំង​ពីរ និង​បង្កើន​ជើង ហោះហើរ​ត្រង់​ពី​ទីក្រុង​សំខាន់​ៗ​នៃ​ប្រទេស​ទាំង​ពីរ ដែល​នឹង​សម្រួល​ដល់​ការ​ផ្លាស់​ប្ដូរ​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន និង​ប្រជាជន​។ ឯកឧត្តម​បាន​គូសបញ្ជាក់​ថា នៅ​ក្នុង​ពេល​ឯកឧត្តម​ក្លាយជា​ប្រធានាធិបតី​នៅ​ពេល​ខាង​មុខ នឹង​បន្ត​នូវ​ចំណងទាក់ទង​មិត្តភាព​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត​។

ជា​ការ​ឆ្លើយ​តប សម្ដេច​តេ​ជោ​ប្រមុខរដ្ឋ​ស្ដីទី បាន​អបអរសាទរ​ចំពោះ​ឯកឧត្តម ដែល​នឹង​បន្ត​ដឹកនាំ​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី​។ សម្ដេច​តេ​ជោ​ចាត់​ទុក​ថា ឥណ្ឌូ​ណេ​ស៊ី​គឺជា​មិត្ត​ចាស់​របស់​កម្ពុជា ដោយ​ឥណ្ឌូ​ណេ​ស៊ី​បាន​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​បុព្វហេតុ​របស់​កម្ពុជា ពិសេស​ក្នុង​ការ​ដើរតួ​នាទី​សហ​ប្រធាន​សន្និសីទ នៃ​ទី​ក្រុងប៉ារីស​។ ជាមួយ​គ្នា​នេះ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​បាន​ផ្ដល់​ជាទី​កន្លែង សម្រាប់​កិច្ចប្រជុំ​រវាង​ភាគី​កម្ពុជា និង​ការ​បង្កើត​ឧត្តម​ក្រុមប្រឹក្សា​ជាតិ​។

សម្ដេច​តេ​ជោ​បាន​សម្តែង​នូវ​ការ​ពេញចិត្ត​ចំពោះ​មតិយោបល់​របស់​ឯកឧត្តម Prabowo Subianto ក្នុង​បំណង​ដែល​ជំរុញ​ទំនាក់ទំនង​មិត្តភាព កិច្ច​សហប្រតិបត្តិការ រវាង​កម្ពុជា និង​ឥណ្ឌូ​ណេ​ស៊ី នៅ​ក្នុង​សមាគម​អាស៊ាន​។ ទាក់ទង​ទៅ​នឹង​ការ​ភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​ឥណ្ឌូ​ណេ​ស៊ី មក​កាន់​ប្រទេស​កម្ពុជា សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា គួរ​ត្រូវ​បង្កើន​ថែម​ទៀត​ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ហើយ​សម្ដេច​តេ​ជោ​សង្ឃឹមថា ក្រុមហ៊ុន​អាកាសចរណ៍​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី និង​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​កម្ពុជា​នឹង​ពិនិត្យ​មើល​ក្នុង​ការ​បន្ថែម​ជើងហោះហើរ រវាង​ទីក្រុង​ធំ​ៗ​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​នាំ​ទេសចរណ៍​ទាំង​ប្រជាជន​ឥណ្ឌូ​ណេ​ស៊ី និង​នាំ​ទេសចរណ៍​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ​មក​កាន់​កម្ពុជា​។

សម្ដេច​តេ​ជោ បាន​សម្ដែង​នូវ​ការ​លើកទឹកចិត្ត​ដល់​ឥណ្ឌូ​ណេ​ស៊ី ក្នុង​ការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​បន្ថែម​ទៀត​ជា​ពិសេស​ក្នុង​វិស័យ​សន្តិសុខ​ស្បៀង​ដែល​ឥណ្ឌូ​ណេ​ស៊ី​ត្រូវការ​ស្បៀង​ពី​កម្ពុជា ដូច​ជា ស្រូវ អង្ករ និង​ផលិតផល​កសិកម្ម​ដទៃ​ទៀត​។

សម្តេច​តេ​ជោ​បាន​ស្នើ​ឱ្យ​ឯកឧត្តម Prabowo Subianto ពិចារណា​ក្នុង​ការ​ឱ្យ​ក្រុមហ៊ុន​ឥណ្ឌូ​ណេ​ស៊ី​មក​ដាក់​ទុន​១០០% ក្នុង​ការ​បង្កើត​ឃ្លាំង​ការ​ប្រមូល​ទិញ​ស្រូវ បង្កើត​ជា​ម៉ាស៊ីនកិនស្រូវ និង​ការ​វិច​ខ្ចប់ ដើម្បី​ដឹក​ជញ្ជូន​នាំ​ចេញ​ទៅ​សាធារណរ​ឥណ្ឌូ​ណេ​ស៊ី និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​។ ទាក់ទង​ទៅ​នឹង​ការ​អញ្ជើញសម្ដេច​ទៅ​ចូលរួម​ក្នុង​ពិធី​ឡើង​កាន់​តំណែង​របស់​ឯកឧត្តម ជា​ប្រធានាធិបតី​នា​ពេល​ខាង​មុខ​នេះ សម្តេច​តេ​ជោ​ប្រមុខរដ្ឋ​ស្ដីទី បាន​ទទួលយក​ការ​អញ្ជើញ ហើយនឹង​ផ្ដល់​ជូន​សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ដើម្បី​ទៅ​ចូលរួម ហើយ​ក្នុង​ករណី​សម្តេច​ធិ​បតី​ជាប់​ភារកិច្ច សម្តេច​នឹង​អញ្ជើញ​ទៅ​ចូលរួម​។

ក្នុង​ជំនួប​នោះ​ដែរ សម្តេច​តេ​ជោ និង​ឯកឧត្តម Prabowo Subianto បាន​ពិភាក្សា​គ្នា​អំពី​ការ​ផ្លាស់​ប្ដូរ​យោបល់ ជុំវិញ​សុភាព​ការណ៍​ក្នុង​តំបន់ មាន​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​មី​យ៉ា​ម៉ា​ដែល​ទាំង​សម្ដេច​តេ​ជោ និង​ឯកឧត្តម Prabowo Subianto សុទ្ធតែ​មាន​ទស្សនៈ​ក្នុង​ការ​ធ្វើ​ឱ្យ​តំបន់​ទាំងនោះ មាន​សុខ​សន្តិភាព ស្ថិរភាព​ដែល​បម្រើ​ផលប្រយោជន៍​ជូន​ដល់​ប្រជាជន​ទាំងមូល​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ