ទីក្រុងវ៉ាស៊ីនតោន៖ លោកបៃដិនកប់យោបល់និយាយលែងចេញបន្ទាប់ពីកូនប្រុសរបស់គាត់ឆ្លើយសារភាពទទួលស្គាល់ទោសកំហុសគ្រប់យ៉ាងដូចការចោទប្រកាន់របស់រដ្ឋអាជ្ញាចំនួន៩ករណី។ នៅពេលធ្វើដំណើរវិលត្រឡប់ចូលសេតវិមានវិញ លោកបៃដិនសូមមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ចំពោះចម្ងល់នានារបស់អ្នកសារព័ត៌មាន។

សំណុំរឿងរបស់កូនប្រុសលោកបៃដិនកើតឡើងនៅក្នុងកាលៈទេសៈដ៏ស្រួចស្រាល់។ ស្រួលមិនស្រួលអាចនឹងប៉ះពាល់សន្លឹកឆ្នោតរបស់គណបក្សប្រជាធិបតេយ្យក៏អាចថាបាន។ គណបក្សប្រជាធិបតេយ្យដែលមានលោកស្រីហារីសឈរឈ្មោះជាបេក្ខជនប្រធានាធិបតី និងជាបេក្ខជនដែលលោកបៃដិនអំពាវនាវឱ្យអ្នកគាំទ្ររបស់លោកបោះឆ្នោតឱ្យលោកស្រីហារីស។

តាមពិត សំណុំរឿងនេះត្រូវយកទៅជំនុំជម្រះនៅពេលក្រោយ។ ប៉ុន្តែដើម្បីកុំឱ្យវែងឆ្ងាយ កូនប្រុសលោកបៃដិនក៏ឆ្លើយសារភាពតែម្ដង។ ម៉្យាងទៀត ចរិតពិតរបស់កូនប្រុសរូបនេះជាមនុស្សបើកចំហ និងនិយាយស្ដីដោយឥតលាក់លៀមច្រើនទេ។ ការដែលកូនប្រុសលោកបៃដិនប្រញាប់ទទួលស្គាល់កំហុសគេចពន្ធនេះដើម្បីជៀសវាងគម្រោងបើកសវនាការកាត់ទោសដែលកៀកនឹងថ្ងៃបោះឆ្នោតប្រធានាធិបតី។ ពោលគឺឃ្លាតគ្នាតែប៉ុន្មានសប្ដាហ៍ពីការបោះឆ្នោតប៉ុណ្ណោះ។

កូនប្រុសរបស់លោកបៃដិនឈ្មោះហាន់ថឺ បៃដិន (Hunter Biden) ត្រូវតុលាការទីក្រុងឡូសអេនជើឡេស (Los Angeles) កំណត់ពេលវេលាដើម្បីបើកសវនាការពីបទគេចពន្ធ១លាន ៤សែនដុល្លារដែលគាត់មិនព្រមបង់ជូនរដ្ឋនៅពេលគាត់ចំណាយខ្ជះខ្ជាយសម្រាប់ការសប្បាយនៅក្នុងអំពើអបាយមុខរបស់គាត់ដូចជាស្រី ស្រា ឡានទំនើបៗ និងរបស់របរប្រណីតៗ។ មិនចាំបាច់រង់ចាំយូរទេ មុនឬក្រោយគង់តែគេរកឃើញកំហុសដដែល។ លោកសុខចិត្តឆ្លើយសារភាពតាមត្រង់តែម្ដង។

ចៅក្រមឈ្មោះម៉ាក ស្កាស៊ី (Mark Scarsi) ប្រាប់លោកហាន់ថឺថាគាតអាចនឹងជាប់ពន្ធនាគារ១៧ឆ្នាំ និងពិន័យជាប្រាក់៤សែន ៥ម៉ឺនដុល្លារបើតុលាការរកឃើញកំហុស។ តាមច្បាប់នៅប្រទេសអាមេរិក ជនជាប់ចោទមុននឹងឆ្លើយសារភាពទោសកំហុស ពួកគេច្រើនចរចាគ្នាជាមួយរដ្ឋអាជ្ញាក្រៅប្រព័ន្ធតុលាការដើម្បីបង្កើតកិច្ចព្រមព្រៀងថាត្រូវតែបន្ធូរបន្ថយទោសខ្លះ ហើយមិនចាំបាច់ឱ្យតុលាការកាត់ទោសទេ។ ប៉ុន្តែករណីកូនប្រុសលោកបៃដិនផ្សេងពីនេះ។

នៅក្នុងករណីលោកហាន់ថឺ មេធាវីរបស់គាត់មិនបានចរចាគ្នាជាមួយរដ្ឋអាជ្ញាទេ។ មេធាវីជម្រាបជូនចៅក្រមថាកូនក្ដីរបស់ខ្លួនសម្រេចចិត្តទទួលទោស។ មានន័យថាចៅក្រមបន្ធូរបន្ថយ ឬមិនបន្ធូរបន្ថយក៏ហីទៅចុះ។ លោកហាន់ថឺល្បីថាជាមនុស្សមានបេះដូងស្មោះ និងនិយាយដោយបើកចំហ។ លោកមិនសូវលាក់លៀមច្រើនទេ។ លោកប្រាប់តាមត្រង់ថាលោកធ្លាប់ប្រើប្រាស់គ្រឿងញៀនសុទ្ធតែប្រភេទខ្លាំងៗដូចជាកូកាអ៊ីន និងទទួលទានគ្រឿងស្រវឹងយ៉ាងជោគជាំ (កាលពីអតីតកាល)។

រដ្ឋអាជ្ញាចោទប្រកាន់ថាគាត់បានគេចពីកាតព្វកិច្ចត្រូវបង់ពន្ធចាប់ពីឆ្នាំ២០១៦-២០១៩។ កាលនោះ គាត់ចំណាយលុយច្រើនណាស់ទៅលើការសប្បាយភ្លើតភ្លើនបែបជីវិតជាផ្លេប៊យ (playboy) របស់គាត់។ ពាក់ព័ន្ធនឹងករណីនេះ អ្នកសារព័ត៌មានបានទាក់ទងទៅសេតវិមានដើម្បីស្នើសុំមតិយោបល់ផ្សេងៗ។ សេតវិមានបញ្ជាក់ថាលោកបៃដិននឹងមិនលើកលែងទោសឱ្យកូនប្រុសរបស់គាត់ទេ។ មានន័យថាគាត់សុខចិត្តឱ្យកូនជាប់គុកទៅតាមយថាកម្មទៅចុះ។ តាមច្បាប់នៅប្រទេសអាមេរិក ប្រធានាធិបតីមានសិទ្ធិអំណាចពិសេសដែលអាចលើកលែងទោសឱ្យទណ្ឌិតរូបណាក៏បាន។ លើកលែងតែខ្លួនឯងដែលប្រធានាធិបតីមិនអាចលើកលែងទោសឱ្យបាន៕
ចែករំលែកព័តមាននេះ