រាជធានីភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ត្រូវបានបោះឆ្នោតបន្តជាអនុប្រធាននៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាតនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) សម្រាប់អាណត្តិ៤ឆ្នាំ ចាប់ពីឆ្នាំ២០២៥-២០២៩ ។

យោងតាមលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាតនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ ទីក្រុងសៅប៉ៅឡូ ប្រទេសប្រេស៊ីល ថ្ងៃទី២០-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ចេញផ្សាយដោយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានបោះឆ្នោតបន្តឱ្យធ្វើជាអនុប្រធាន CDI-IDC សម្រាប់អាណត្តិ៤ឆ្នាំ ដោយមាន ឯកឧត្តម សួស យ៉ារ៉ា ជាតំណាងរបស់គណបក្សប្រជាជនកម្ពុជា ។
ជាមួយគ្នានេះ មហាសន្និបាត CDI-IDC ដែលមានសមាជិក១០៥គណបក្ស មកពី ៨២ប្រទេស ក៏បានបោះឆ្នោតជ្រើសរើសលោក Andres Pastrana អតីតប្រធានាធិបតីកូឡុំប៊ី ជាប្រធានសារជាថ្មីដោយសំឡេងឯកច្ឆ័ន្ទ និងបានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន១៦រូប មកពីប្រទេសអាល់បានី អង់ហ្គោឡា អាហ្សង់ទីន ប្រេស៊ីល កម្ពុជា ឆាដ កូស្តារីកា កូដឌីវ័រ ក្រូអាស៊ី ហុងគ្រី ឥណ្ឌូនេស៊ី លីបង់ ម៉ិកស៊ិកកូ ម៉ារ៉ុក ប៉េរ៉ូ និងស្លូវេនី ក្នុងនោះ មានឥស្សរជនថ្នាក់ដឹកនាំសំខាន់ៗ រួមមាន ៖ លោកVictor Orban នាយករដ្ឋមន្ត្រីហុងគ្រី ឯកឧត្តម Andrej Plenković នាយករដ្ឋមន្ត្រីក្រូអាត លោក Janez Jansa អតីត នាយករដ្ឋមន្ត្រីស្លូវេនី ព្រមទាំងបានជ្រើសតាំង លោក Antonio Lopez Isturiz ជាអគ្គលេខាធិការ។
នៅកិច្ចប្រជុំក៏បានអនុម័តនូវសេចក្តីថ្លែងការណ៍គាំទ្រ «បទឈប់បាញ់និងកិច្ចព្រមព្រៀង សន្តិភាពកម្ពុជា-ថៃ» ដោយបាន៖ ១-កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិជាពិសេស តួនាទីរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានអាស៊ានប្តូរវេនរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម និងតួនាទីស្ថាបនារបស់សាធារណរដ្ឋប្រជាមានិតចិន។

២-ស្នើឱ្យភាគីនៃជម្លោះគោរពសេចក្តីថ្លែងការណ៍រួមឱ្យបានពេញលេញនិងដោយស្មោះត្រង់ ដើម្បីស្តារឡើងវិញនូវប្រក្រតីភាពនៃទំនាក់ទំនងសង្គមវប្បធម៌ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ ។
៣-អំពាវនាវឱ្យមានការដោះលែងទាហានកម្ពុជាទាំង១៨រូប ដោយគ្មានលក្ខខណ្ឌ ។
៤-ទទូចឱ្យបញ្ចប់នូវអំពើគ្រប់បែបយ៉ាងដែលប្រឆាំងនឹងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការរំលោភបំពានច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ
៥-អំពាវនាវឱ្យសហគមន៍អន្តរជាតិជួយស្តារឡើងវិញនូវតំបន់បេតិកភណ្ឌពិភពលោកយូណេស្កូ និងបេតិកភណ្ឌវប្បធម៌ ដែលរងការខូចខាតដោយការប៉ះទង្គិចប្រដាប់អាវុធដោយការបាញ់ផ្លោងកាំភ្លើងធំ និងការទំលាក់គ្រាប់បែក ។
ឯកឧត្តម Andres Pastrana ប្រធាន CDI-IDC និងសមាជិកគណៈកម្មាធិការប្រតិបត្តិបានសម្តែងនូវការកោតសរសើរ និងគាំទ្រចំពោះជំហរអត់ធ្មត់ជាអតិបរិមារបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានបង្ហាញដល់ពិភពលោកនូវគុណតម្លៃនៃភាពជាអ្នកដឹកនាំនិយមកណ្តាល ក្នុងការតម្កល់ផលប្រយោជន៍ប្រជាជនជាស្នូលការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពនូវគោលការណ៍សន្តិសហវិជ្ជមានជាមួយនឹងប្រទេសជិតខាង ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ក្នុងតំបន់រយៈពេលវែង ៕
ចែករំលែកព័តមាននេះ