ប្រទេសព័រទុយហ្គាល់ ៖ កំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo បានក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលស៊ុតបញ្ចូលទីបាន ៩០០គ្រាប់ក្នុងការប្រកួតផ្លូវការទាំងជាមួយក្លិប និងក្រុមជម្រើសជាតិ។
គ្រាប់បាល់ទី ៩០០ របស់កីឡាករ Cristiano Ronaldo សម្រេចបានក្នុងការប្រកួតសន្សំពិន្ទុក្នុងពូល ១ លីគ A នៃពានរង្វាន់ UEFA Nations League ដែលព័រទុយហ្គាល់បានឈ្នះលើក្រុមភ្ញៀវក្រូអាត នៅក្នុងលទ្ធផល ២-១ កាលពីថ្ងៃទី៥ ខែកញ្ញា កន្លងទៅ ដោយប្រធានក្រុមបញ្ចខែលវ័យ៣៩ឆ្នាំរូបនេះ សម្រេចបាន១គ្រាប់នៅក្នុងនាទី៣៤។
ក្រោយបញ្ចប់ការប្រកួត Ronaldo ដែលបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លិប Al Nassr នៅលីគកំពូលអារ៉ាប៊ីសាអូឌីត បានថ្លែងថា «វាមានន័យខ្លាំងណាស់។ វាជាព្រឹត្តការណ៍ដែលខ្ញុំចង់ឈានដល់ជាយូរមកហើយ។ ខ្ញុំដឹងថា ខ្ញុំនឹងឈានដល់តួលេខនេះ ពីព្រោះនៅពេលខ្ញុំបន្តលេង វានឹងកើតឡើង។ ហើយវាជាព្រឹត្តិការណ៍ដ៏ពិសេសមួយនៅក្នុងអាជីពរបស់ខ្ញុំ»។
បច្ចុប្បន្នម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាលវ័យ៣៩ឆ្នាំរូបនេះ កំពុងមាន៥៨គ្រាប់នាំមុខកំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ដែលរកបាន ៨៤២គ្រាប់។ ចំណែកវីរបុរសបាល់ទាត់ប្រេស៊ីល Pele ឈរនៅលេខរៀងទី ៣ ក្នុងបញ្ជីកីឡាករស៊ុតបាល់បញ្ចូលទីច្រើននៅក្នុងប្រវត្តិសាស្ត្រ ដោយរកបាន ៧៦៥គ្រាប់។ Ronaldo ក៏ជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីបាន ៨០០គ្រាប់ផងដែរ កាលពីចុងឆ្នាំ ២០២១ ជាមួយក្លិប Manchester United។
មកទល់ពេលនេះ Ronaldo រកបាន ១៣១គ្រាប់ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ហើយ នៅក្នុងការបង្ហាញខ្លួនសរុប២០៩ប្រកួត ហើយក៏កំពុងតែកាន់កាប់កំណត់ត្រាជាកីឡាករស៊ុតបញ្ចូលទីឱ្យក្រុមជម្រើសជាតិច្រើនបំផុតលើពិភពលោកផងដែរ។ តាមពីក្រោយដោយ Messi និងខ្សែប្រយុទ្ធអ៊ីរ៉ង់ Ali Daei ដែលរកបាន ១០៩គ្រាប់ដូចគ្នា។ ដូច្នេះមានន័យថា ៧៦៩គ្រាប់ផ្សេងទៀតរបស់ Ronaldo រកបានជាមួយក្លិបអាជីពរួមមាន Sporting Lisbon, Manchester United ចំនួន២លើក, Real Madrid, Juventus និង Al Nassr។
យ៉ាងណាមិញ បើទោះបីជារកបានគ្រាប់ទី ៩០០ នៅក្នុងអាជីពក៏ពិតមែន ប៉ុន្តែកីឡាករ Cristiano Ronaldo បានបញ្ជាក់យ៉ាងច្បាស់ហើយថា ខ្លួនគ្មានចេតនាបោះបង់ ឬបន្ថយល្បឿនណាមួយសម្រាប់ការស៊ុតបញ្ចូលទីនោះទេ ព្រោះរូបគេកំណត់គោលដៅចង់សម្រេចគ្រាបទី ១០០០ នៅក្នុងអាជីព៕ (ប្រភព ៖ ESPN)
ចែករំលែកព័តមាននេះ