ប្រទេសកេនយ៉ា ៖ អត្តពលិកអូឡាំពិកកីឡារត់ម៉ារ៉ាតុងឆ្នើមរបស់ប្រទេសអ៊ូហ្គង់ដា កីឡាការិនី Rebecca Cheptegei បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅថ្ងៃនេះ ពោលប៉ុន្មានថ្ងៃ បន្ទាប់ពីត្រូវអតីតមិត្តប្រុសចាក់សាំងដុតយ៉ាងព្រៃផ្សៃ។ នេះបើតាមប្រភពពីសារព័ត៌មាន BBC ចេញផ្សាយនៅមុននេះបន្តិច។
វេជ្ជបណ្ឌិតព្យាបាលកីឡាការិនីវ័យ៣៣ឆ្នាំរូបនេះ បានអះអាងថា Cheptegei ដែលទើបត្រឡប់មកពីការប្រកួតរត់ម៉ារ៉ាតុងនៅកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បានរងរបួសរលាកធ្ងន់ធ្ងរ បន្ទាប់ពីជួបរឿងអកុសល កាលពីថ្ងៃអាទិត្យមុន។ អាជ្ញាធរនៅភាគពាយព្យប្រទេសកេនយ៉ា ដែលជាកន្លែងកីឡាការិនីរូបនេះរស់នៅ និងហ្វឹកហាត់បានអះអាងថា នាងជួបរឿងអកុសល បន្ទាប់ពីត្រឡប់មកពីព្រះវិហារវិញ។ របាយការណ៍ទទួលបានពីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ កីឡាការិនីរូបនេះ និងអតីតមិត្តប្រុសបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។
ប៉ូលិសប្រចាំតំបន់បានប្រកាសថា ការស៊ើបអង្កេតកំពុងដំណើរការយ៉ាងយកចិត្តទុកដាក់បំផុត។ ស្របពេលដែលបច្ចុប្បន្នកំពុងកើតមានការព្រួយបារម្ភ អំពីការកើនឡើងករណីអំពើហិង្សាលើអត្តពលិកស្រីក្នុងប្រទេសកេនយ៉ា ខណៈករណីជាច្រើនបានបណ្តាលឱ្យស្លាប់បាត់បង់ជីវិត។
សហព័ន្ធអត្តពលកម្មប្រទេសអ៊ូហ្គង់ដា បានបង្ហោះសារនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «យើងមានសេចក្តីសោកស្ដាយជាខ្លាំងក្នុងការប្រកាសពីមរណភាពអត្តពលិករបស់យើង Cheptegi នៅព្រឹកមិញ ដែលជាជនរងគ្រោះដោយអំពើហិង្សា។ យើងថ្កោលទោសចំពោះទង្វើបែបនេះ និងអំពាវនាវរកយុត្តិធម៌។ ហើយសូមវិញ្ញាណក្ខន្ធរបស់នាងបានទៅកាន់សុគតិភព»។
ក្រុមគ្រួសារកីឡាការិនី Cheptegi មិនទាន់អាចបញ្ជាក់ពីការស្លាប់របស់នាងបាននៅឡើយទេ ប៉ុន្តែលោកវេជ្ជបណ្ឌិត Owen Menach ប្រធានមន្ទីរពេទ្យ Moi Teaching and Referral នៅក្នុងទីក្រុងអែលឌ័ររ៉េត (Eldoret) ប្រទេសកេនយ៉ា ដែលបានទទួលការព្យាបាលកីឡាការិនីរូបនេះ បានប្រាប់សារព័ត៌មានក្នុងស្រុកថា នាងបានស្លាប់ បន្ទាប់ពីខូចសរីរាង្គទាំងអស់។ អតីតមិត្តប្រុសរបស់ Cheptegei ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ ប៉ុន្តែមានការរលាកមិនសូវធ្ងន់ធ្ងរ។
កីឡាការិនី Cheptegei មកពីតំបន់មួយឆ្លងកាត់ព្រំដែននៅក្នុងប្រទេសអ៊ូហ្គង់ដា ត្រូវបានរាយការណ៍ថាបានទិញដីមួយកន្លែងនៅក្នុងស្រុក Trans Nzoia នៅប្រទេសកេនយ៉ា និងសង់ផ្ទះមួយខ្នង ដើម្បីនៅជិតមជ្ឈមណ្ឌលហ្វឹកហាត់កីឡារបស់ប្រទេសនេះ។ កីឡាការិនី Cheptegei បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៤៤ នៅក្នុងការរត់ម៉ារ៉ាតុងនៅកីឡាអូឡាំពិកទីក្រុងប៉ារីស ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ។ នាងក៏បានឈ្នះមេដាយមាសពីព្រឹត្តិការណ៍ World Mountain and Trail Running Championships នៅខេត្តឈៀងម៉ៃ ប្រទេសថៃ កាលពីឆ្នាំ ២០២២ ផងដែរ៕ (ប្រភព ៖ BBC)
ចែករំលែកព័តមាននេះ